រំលឹកកាលពី១០ឆ្នាំមុន NASA រកឃើញរណ្តៅមួយលើព្រះច័ន្ទ ដែលផ្ទុកទឹកច្រើនបំផុត…

127

(បរទេស)៖ ថ្ងៃទី០៩ ខែតុលា កាលពី១០ឆ្នាំមុន បេសកកម្មឈ្មោះ LCROSS នៃទីភ្នាក់ងារអវកាសអាមេរិក NASA បានរកឃើញថា រណ្តៅអាចម៍ផ្កាយនៅក្បែរតំបន់ប៉ូលខាងត្បូងរបស់ព្រះច័ន្ទ មានផ្ទុកបរិមាណទឹកកកជាច្រើន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០១៩។

ផ្កាយរណប LCROSS រួមជាមួយផ្កាយរណប LRO ត្រូវបានបាញ់បញ្ជូនចេញពីផែនដី តាមរយៈគ្រាប់រ៉ុក្កែត Atlas V របស់ក្រុមហ៊ុន United Launch Alliance កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០០៩ ដើម្បីឆ្ពោះទៅឋានព្រះច័ន្ទ។ ខណៈផ្កាយរណប LRO មានតួនាទីធ្វើ ការសិក្សានៅជុំវិញព្រះច័ន្ទរហូតមកទល់សព្វថ្ងៃនេះ ផ្កាយរណប LCROSS មានតួនាទីស្វែងរកចម្លើយថា តើរណ្តៅអាចម៍ផ្កាយដែលងងឹតឈ្មោះថា Cabeus នៅក្បែរប៉ូលខាងត្បូងរបស់ព្រះច័ន្ទមានផ្ទុកទឹកដែរ ឬយ៉ាងណា ហើយបើមានតើច្រើន ឬអត់បន្ទាប់ ពីបេសកកម្ម Chandrayaan-1 របស់ឥណ្ឌាបានប្រទះឃើញភស្តុតាងនៃវត្តមានទឹក នៅលើផ្ទៃព្រះច័ន្ទភាគច្រើន។

នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០០៩ ផ្កាយរណប LCROSS ក៏បានទម្លាក់កំណាត់គ្រាប់រ៉ុក្កែត Atlas V ហៅថា Centaur សំដៅទៅរករណ្តៅអាចម៍ផ្កាយ Cabeus ក្រោយកំណាត់គ្រាប់រ៉ុក្កែតនោះបានធ្លាក់ទៅបុកគោលដៅ ផ្កាយរណប LCROSS ក៏បានមុជចុះទៅ តាមក្រោមដើម្បីសិក្សាលម្អិត និងបញ្ជូនទិន្នន័យនៃការស្ទាបស្ទង់របស់វា មកកាន់ក្រុមការងារដែលរង់ចាំនៅផែនដីវិញ។ ជាចុងក្រោយផ្កាយរណប LCROSS ក៏ត្រូវបានទម្លាក់ខ្លួនទៅកម្ទេចចោលនៅរណ្តៅ Cabeus ដូចគ្នា។

គួរជម្រាបថា សព្វថ្ងៃអង្គការ NASA កំពុងដាក់គោលដៅនាំអវកាសយានិក ទៅចុះចតនៅតំបន់ប៉ូលខាងត្បូងព្រះច័ន្ទនៅឆ្នាំ២០២៤ ដែលជាបេសកកម្មមនុស្សលើកដំបូងនៅឋានព្រះច័ន្ទ គិតចាប់តាំងពីបេសកកម្ម Apollo 17 កាលពីឆ្នាំ១៩៧២។ បេសកកម្មនេះ គឺជាផ្នែកនៃកម្មវិធីឈ្មោះថា Artemis របស់ NASA ដែលសំដៅរក្សាវត្តមានរយៈពេលយូរអង្វែងនៅលើ និងក្បែរព្រះច័ន្ទនៅឆ្នាំ២០២៨៕

480×240 Banner