ស្វែងយល់បន្ថែមអំពីអាចម៍ផ្កាយ 2I Borisov ដែលមកពីក្រៅប្រព័ន្ធព្រះអាទិត្យ

141

(បរទេស)៖ លទ្ធផលបឋមនៃការអង្កេតលើអាចម៍ផ្កាយ ឬផ្កាយដុះកន្ទុយ 2I Borisov ដែលមានប្រភពមកពីក្រៅប្រព័ន្ធព្រះអាទិត្យបានបង្ហាញថា ដុំថ្មអវកាសនេះហាក់ពុំសូវខុសប្លែកអ្វីពីអាចម៍ផ្កាយដុះកន្ទុយ (Comet) នៅក្នុងប្រព័ន្ធផ្កាយរបស់យើងឡើយ។ នេះបើតាមការដកស្រង់ការផ្សាយ​ចេញពីវែបសាយព័ត៌មាន Space នៅថ្ងៃអង្គារ ទី១៥ ខែតុលា ឆ្នាំ២០១៩។

ក្នុងលទ្ធផលខាងលើ ក្រុមអ្នកវិទ្យាសាស្រ្តបានបញ្ជាក់ជាថ្មីម្តងទៀតថា អាចម៍ផ្កាយនោះពិតជាមានប្រភពមកពីខាងក្រៅមែន (តាមរយៈការអង្កេតមើលពីទម្រង់ នៃគន្លងគោចររបស់វា)។ កាលពីថ្ងៃទី១០ និងទី១៣ ខែកញ្ញា កន្លងទៅនេះ ពួកគេបានប្រើតេឡេស្កូប William Herschel នៅអេស៉្បាញ និង Gemini North នៅហាវ៉ៃ ដើម្បីផ្តិតយករូបភាពរបស់ Borisov ផងដែរ។ ក្រុមអ្នកវិទ្យាសាស្រ្តក៏បានកំណត់ថា អាចម៍ផ្កាយ 2I Borisov មើលទៅមានលក្ខណៈស្រដៀងនឹងពពួកអាចម៍ផ្កាយដុះកន្ទុយ ដែលកើតមាននៅក្នុងប្រព័ន្ធព្រះអាទិត្យដែរ។

 

គួរជម្រាបថា នេះគ្រាន់តែជាលទ្ធផលដំបូងមួយប៉ុណ្ណោះ នៃការអង្កេតលើអាចម៍ផ្កាយ 2I Borisov ខណៈអ្នកវិទ្យាសាស្រ្តនៅមានពេលប្រមាណជាមួយឆ្នាំទៀតឯណោះ ដើម្បីបន្តតាមដានដើម្បីស្វែងយល់ពីវា ព្រោះ Borisov ត្រូវគេប្រទះឃើញក្រោយពីវា បានចូលមកដល់ប្រព័ន្ធផ្កាយយើងបានបន្តិចប៉ុណ្ណោះ។

មួយវិញទៀតភាពសាមញ្ញរបស់ Borisov នេះ ធ្វើឲ្យ Oumuamua ដែលជាដុំ ថ្មអវកាសមកពីក្រៅប្រព័ន្ធព្រះអាទិត្យ ដែលអ្នកវិទ្យាសាស្រ្តបានប្រទះឃើញដំបូងគេ កាន់តែមានលក្ខណៈចម្លែកថែមទៀត។ Oumuamua បានធ្វើឲ្យអ្នកវិទ្យាសាស្រ្ត​មានចម្ងល់ជាច្រើន ដោយសូម្បីតែរូបរាងវាក៏ប្លែកមិនធ្លាប់ឃើញដែរ រហូតមានតារាវិទូខ្លះបានបញ្ចេញការសង្ស័យថា វាជាយានពួកអេលៀនថែមទៀតផង៕

 

480×240 Banner