តើអ្វីខ្លះទៅជាឧបសគ្គធំបំផុត ក្នុងការធ្វើដំណើរឆ្លងកាត់អន្តរអវកាស ទៅរកភពផ្កាយផ្សេង?
(ភ្នំពេញ)៖ Cambo Space ធ្លាប់បានសរសេរជាច្រើនអត្ថបទមកហើយ អំពីការធ្វើដំណើរ ឬរបៀបធ្វើដំណើរទៅភពផ្សេងក្រៅពីប្រព័ន្ធព្រះអាទិត្យយើង ប៉ុន្តែវានៅតែមានចម្លើយថា ពិបាកនឹងទៅរួច ឬត្រូវចំណាយពេលរាប់ពាន់រាប់ម៉ឺនឆ្នាំ សម្រាប់បច្ចេកវិទ្យាពេលបច្ចុប្បន្ន ហើយអ្វីដែលកាន់តែយ៉ាប់ទៀតនោះ គឺការពឹងលើច្រក Wormhole ដែលអាចត្រឹមតែមាន នៅក្នុងរឿងប្រឌិតនោះឯង។
ប៉ុន្តែមិនថ្វីនោះទេ អត្ថបទថ្មីមួយទៀតនេះ គឺអាចផ្តល់នូវពន្លឺភ្លើងធូបដល់អ្នកដែលចង់ឲ្យបាន ចម្លើយជាក់លាក់មួយ អំពីការធ្វើដំណើរប្រព័ន្ធផ្កាយយើង ទៅរកភពនៅប្រព័ន្ធផ្កាយផ្សេងមួយទៀត ដែលយើងដឹងជាក់លាក់ថា ពិតជាមានភពដែលអាចស្វាគមន៍ជីវិត ឬក៏មានជីវិតកំពុងរស់នៅទីនោះ…។ សម្រាប់ក្រុម អ្នកវិទ្យាសាស្ត្រ ការពន្យល់អំពីការធ្វើដំណើរទៅភពផ្សេង វាដូចជាក្តីសុបិនដ៏អស្ចារ្យ នៃក្មេងៗអាយុ ៥ឆ្នាំ ប៉ុន្តែវាមិនមែនគ្មានន័យជ្រាលជ្រៅនោះឡើយ។
ភាពស្មុគស្មាញនៃរឿងទាំងមួល គឺធនធាន និងពេលវេលានោះឯង ដែលមានន័យថា ធនធានមានច្រើនកាលណា យើងអាចបង្កើតអ្វីដែលអស្ចារ្យខ្លាំងកម្រិតនោះ ហើយការធ្វើអ្វីមួយឲ្យបានកាន់តែលឿនដល់កម្រិតណា នោះភាពជោគជ័យដែលយើងនឹង ទទួលបានក៏ឆាប់កម្រិតនោះដែរ…។ ឧទាហរណ៍ដដែល បើភព Proxima B នៃប្រព័ន្ធផ្កាយ Alpha Centauri មានលាក់ជីវិត ហើយយើងចង់ទៅកាន់ទីនោះ យើងនឹងត្រូវប្រើពេល ៤ឆ្នាំជាង ដើម្បីជិះទៅដល់ ព្រោះវាមានចម្ងាយជាង ៤ឆ្នាំពន្លឺពីផែនដី ដែលមួយឆ្នាំពន្លឺស្មើនឹង ៩.៤៦១ពាន់ពាន់លានគីឡូម៉ែត្រ ឬ ៩.៤ទ្រីលានគីឡូម៉ែត្រ…។
ប៉ុន្តែឈប់សិន! ការនិយាយដូចខាងលើនេះ គឺក្នុងន័យយើងមានយានអាចធ្វើដំណើរ នៅក្នុងល្បឿនៃពន្លឺប៉ុណ្ណោះ ប៉ុន្តែអ្នកវិទ្យាសាស្ត្របាន អះអាងរួចហើយថា គ្មានអ្វីអាចធ្វើដំណើរលឿនដូចពន្លឺឡើយ ដូច្នេះបើធ្វើដំណើរក្នុងល្បឿន ១៧គីឡូម៉ែត្រក្នុងមួយវិនាទីដូចជាយាន Voyager 1 និង 2 ឆ្ពោះទៅកាន់ភព Promixa B ត្រង់តែម្តងនោះ វានឹងត្រូវប្រើពេល ៨០,០០០ឆ្នាំ។ ចុះតើមានវិធីអ្វីទៀត ដែលអាចឲ្យយើង ធ្វើដំណើរទៅរកភពផ្សេងបាន នៅក្នុងពេលមួយជីវិតរបស់យើងនោះ?
ពិតជាណាស់វាដូចជាស្រពិចស្រពិលកាន់តែខ្លាំងហើយ…។ តើនរណាហ្នឹងត្រូវចំណាយច្រើនបែប? ឧទាហរណ៍យើងត្រូវផលិតនាវាអវកាសដ៏រឹងមាំមួយ និងជ្រើសរើសយកអវកាសយានិក អ្នកវិទ្យាសាស្ត្រ និងវិស្វករស្ម័គ្រចិត្តឲ្យជិះនៅលើយាននោះ ដើម្បីធ្វើដំណើរទៅ Alpha Centauri ដែលស្ថិតនៅជិតយើងបំផុត។ ភពចល័តនុយក្លេអ៊ែរនេះ ត្រូវតែបំពាក់ថាមពលដ៏ច្រើនមហិមា ឬអាចថា យើងប្រមូលគ្រាប់បែកនុយក្លេអ៊ែររាប់ម៉ឺនគ្រាប់ ដើម្បីបញ្ចូលទៅក្នុងគ្រាប់រ៉ុក្កែតសម្រាប់រុញល្បឿនរបស់នាវាអវកាស…។
ស្តាប់ទៅហាក់ដូចជាស្រមើស្រម៉ៃ ឬពិបាកទៅរួចកាន់តែខ្លាំង ប៉ុន្តែវិធីតែមួយគត់ដែលយើងគួរប្រឹងធ្វើ គឺពង្រួញពេលវេលា ដើម្បីជិះទៅកាន់ Alpha Centauri ឲ្យមកនៅត្រឹមរាប់ទសវត្សរ៍ ឬមិនដល់មួយជីវិតមនុស្ស។ នុយក្លេអ៊ែររបស់យាន អាចត្រឹមទុកប្រើការដើម្បីជម្រុញល្បឿនក្នុងគ្រាអាសន្នប៉ុណ្ណោះ ប៉ុន្តែថាមពលគោលសម្រាប់យាននេះ គឺ Laser ដែលនឹងត្រូវបាញ់ពីភពផែនដីទៅវិញទេ។
ពន្លឺ Laser នោះគឺជាបច្ចេកវិទ្យា ដើម្បីភ្ជាប់ជាមួយនាវាអវកាស Solar Sail ឬ Light Sail ដ៏ធំមួយ ឬយើងអាចនិយាយថា ជាយានក្តោងដើរដោយពន្លឺព្រះអាទិត្យ។ វាពិតណាស់ថា ត្រូវបានឧបករណ៍ Laser មួយសម្រាប់គោចរជុំវិញភពផែនដី ហើយបាញ់បញ្ជូនពន្លឺទៅឲ្យយានក្តោងនោះជាប្រចាំ រាប់ទសវត្សរ៍ រហូតដល់វាអាចទៅដល់គោលដៅរបស់វាបាន ព្រោះយើងដឹងហើយថា ថាមពលម៉ាញេទិចពីភពធំៗ និងព្យុះព្រះអាទិត្យនឹងត្រូវអស់ថាមពល នៅពេលយានចាកចេញកាន់តែឆ្ងាយពីប្រព័ន្ធព្រះអាទិត្យ។
នៅពេលយានបង្កើនល្បឿនដល់កម្រិត ១ ភាគ ១០ នៃល្បឿនពន្លឺ នោះមានន័យថា ការធ្វើដំណើរពិតប្រាកដនឹងចាប់ផ្តើម។ សម្រាប់រយៈពេលដល់ទៅ ៤០ឆ្នាំ យានអវកាសតូចមួយនេះ នឹងត្រូវពុះពារឆ្លងកាត់ឧបសគ្គជាច្រើន នៅក្នុងតំបន់លំហចន្លោះប្រព័ន្ធផ្កាយ គេហៅថា Interstellar Space។ វានឹងត្រូវប្រឈមជាមួយលម្អងធូលីអវកាស ព្រមទាំងកាំរស្មីកូស្មិក (Cosmic Rays)។
ចូលមកដល់សំនួរសំខាន់៖ តើគម្រោងយានក្តោង Solar Sail ខាងលើនេះអាចទៅរួចដែរឬទេ? ចម្លើយមួយផ្នែក នោះគឺវាប្រហែលជាអាច។ ដូចដែលអ្នកវិទ្យាសាស្ត្របានលើកឡើងយ៉ាងដូច្នោះ គឺវាមិនមានគោលការណ៍ ឬច្បាប់រូបវិទ្យាណាដែលហាមឃាត់អ្វីទាំងនេះ មិនឲ្យក្លាយជាការពិតឡើយ។ ប៉ុន្តែវាមិនមែនមានន័យថា ជាភាពងាយស្រួល ឬក៏អាចកើតឡើងទៅបាន តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាដែលយើងមាននាពេលបច្ចុប្បន្ន ឬមួយក៏នឹងមានក្នុងពេលអនាគតដ៏ខ្លីខាងមុខនោះឡើយ។
ដូច្នេះសរុបសេចក្តីមក ចម្លើយសម្រាប់សំណួរថា តើយើងពិតជាអាចបង្កើតយានអវកាស ដែលតូចហើយស្រាលបែបនេះបានដែរ ឬក៏អត់? តើយើងពិតជាអាចបង្កើតប្រព័ន្ធ ឡាស៊ែរដ៏ខ្លាំងបែបនេះបាន ឬទេ? និងថា តើបេសកកម្មបែបនេះ ពិតជាអាចពុះពារឆ្លងកាត់ឧបសគ្គក្នុងទីអវកាស ដែលស្ថិតនៅយ៉ាងឆ្ងាយពីយើង ដោយជោគជ័យ ឬក៏យ៉ាងនោះ? គឺវានៅតែពឹងអាស្រ័យទៅលើសំណួរពិតប្រាកដមួយនេះដដែល៖ តើមនុស្សលោកយើងហ៊ានចំណាយធនធាន និងលុយយ៉ាងច្រើនសម្បើម ដើម្បីស្វែងរកចម្លើយដែរឬក៏អត់?
បកប្រែ និងសម្រួលដោយ៖ Cambo Space
ប្រភពឯកសារយោង៖ វែបសាយអវកាស Space