នេះអាចជាលើកដំបូងបំផុត, ប្រវត្តិសាស្ត្រចិនកាលពីជិត ១ពាន់ឆ្នាំមុនគ.ស បានកត់ត្រាបាតុភូត Aurora លើផែនដី

800

(បរទេស)៖ ក្រុមអ្នកស្រាវជ្រាវបានរកឃើញកំណត់ត្រាមួយ នៅក្នុងសៀវភៅប្រវត្តិសាស្ត្រចិន ដោយកាលពីរយៈពេលជិត ១,០០០ឆ្នាំមុនគ្រិស្តសករាជ, ដែលប្រទេសចិនស្ថិតនៅក្នុងសម័យរាជវង្ស ចូវ (Zhou), ប្រជាជនចិននាសម័យកាលណោះ បានមើលឃើញបាតុភូតពន្លឺ អូរ៉ូរ៉ា (Aurora) សំរាំងប៉ូលនៅលើមេឃជាលើកដំបូងបំផុត។

នៅក្នុងសៀវភៅប្រវត្តិសាស្ត្រចិននោះ បានហៅបាតុភូត Aurora ថា «ពន្លឺ ៥ពណ៌» ដែលបង្ហាញខ្លួននៅលើផ្ទៃមេឃភាគខាងជើងប្រទេសចិន កាលពីចុងរាជរបស់ស្តេច ចាវ (Zhāo) នៃសម័យរាជវង្ស ចូវ។ មិនមានប្រភពណាអាចបញ្ជាក់ច្បាស់លាស់ អំពីពេលវេលាជាក់លាក់នៃសម័យកាលរបស់ស្តេច Zhāo នោះឡើយ ប៉ុន្តែយោងតាមលទ្ធផលនៃការសិក្សា, ពន្លឺ ៥ពណ៌ខាងលើនេះ ទំនងជាបានកើតឡើងនៅឆ្នាំ ៩៧៧ ឬក៏ឆ្នាំ ៩៥៧ មុនគ្រិស្តសករាជ។

នេះអាចជាលើកដំបូងបំផុត, ប្រវត្តិសាស្ត្រចិនកាលពីជិត ១ពាន់ឆ្នាំមុនគ.ស បានកត់ត្រាបាតុភូត Aurora លើផែនដី

ក្រុមអ្នកស្រាវជ្រាវបានរកឃើញកំណត់ត្រាស្តីអំពីបាតុភូត Aurora ខាងលើនេះ តាមរយៈកំណត់ត្រាប្រវត្តិសាស្ត្រលើបន្ទះឬស្សី ដែលជនជាតិចិននាសម័យកាលណោះ និយមប្រើប្រាស់បំផុត ដើម្បីកត់ត្រាប្រវត្តិសាស្ត្រ និងកំណត់ហេតុនានា។

សាស្ត្រាចារ្យ Hisashi Hayakawa មកពីសាកលវិទ្យាល័យ Nagoya ប្រទេសជប៉ុន បានលើកឡើងថា កំណត់ត្រាប្រវត្តិសាស្ត្ររបស់ចិនខាងលើនេះ អាចជាការរកឃើញ និងកត់ត្រាទុកជាលើកដំបូងបំផុតរបស់មនុស្សលោក ស្តីអំពីបាតុភូត Aurora ហើយពន្លឺ ៥ពណ៌នោះ គឺកើតចេញពីភាគល្អិតជះចេញពីព្យុះព្រះអាទិត្យ ចល័តមកធ្វើប្រតិកម្មជាមួយភាគល្អិតនៃឧស្ម័ននៅក្នុងបរិយាកាសផែនដី ដែលភាគច្រើនតែងកើតឡើងនៅតំបន់ជុំវិញប៉ូលខាងជើង និងខាងត្បូងនៃភពរបស់យើងនេះ។

ប្រវត្តិសាស្ត្រចិនស្តីពី Aurora ត្រូវបានបកប្រែពីបន្ទះឬស្សី (Image credit: National Diet Library of Japan)

គួរបញ្ជាក់ថា ការស្រាវជ្រាវស្វែងរកប្រភពដំបូង នៃការកត់ត្រាអំពីបាតុភូត Aurora នៅតែកំពុងបន្ត ហើយប្រវត្តិសាស្ត្រចិនកាលពីជិត ១ពាន់ឆ្នាំមុននោះ គឺជាប្រភពថ្មីបំផុត និងយូរបំផុតផងដែរ។ សម្រាប់កំណត់ត្រាកាលពីលើកមុននោះ គឺជាតារាវិទូជនជាតិ អាសស៊ីរី (Assyrian នៅតំបន់់មជ្ឈិមបូព៌ា) កាលពីឆ្នាំ ៦៧៩ និង ៦៥៥ មុនគ្រិស្តសករាជ ដែលអ្នកវិទ្យាសាស្ត្រសម័យថ្មី (កាលពីឆ្នាំ២០១៩) បានស្រាវជ្រាវរកឃើញនៅលើសិលាចារិក

សិលាចារិកស្តីពី Aurora នៃជនជាតិ Assyrian នៅតំបន់់មជ្ឈិមបូព៌ា

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Live Science (ថ្ងៃអាទិត្យ ទី០៨ ខែឧសភា ឆ្នាំ២០២២)

480×240 Banner