HOT NEWS: នេះហើយជារូបថត «មួយសន្លឹក» ដែលលោក ចូ បៃដិន ទើបបង្ហាញចេញក្តៅៗ! (VIDEO)
(វ៉ាស៊ីនតោន)៖ វាជារូបថត «មួយសន្លឹក» ដែលលោក ចូ បៃដិន សុំបញ្ចេញមុន ដោយវាស្ថិតក្នុងចំណោមបណ្តុំរូបថតពណ៌ធម្មជាតិដំបូង (Full-colour Images) ថតដោយតេឡេស្កូបអវកាស James Webb ដែលអង្គការ NASA គ្រោងនឹងបញ្ចេញឲ្យសាធារណជនបានឃើញ ទាំងអស់តែម្តងនៅវេលាម៉ោង ១០៖៣០នាទីព្រឹកថ្ងៃអង្គារ ទី ១២ ខែកក្កដា ឆ្នាំ ២០២២ (ម៉ោងនៅអាមេរិក) ត្រូវនឹងម៉ោង ៩៖៣០នាទីយប់ថ្ងៃដដែល (ម៉ោងនៅភ្នំពេញ)។

វាជារូបថតជ្រៅ និងប្រកបដោយភាពលម្អិតបំផុតមិនធ្លាប់មានទៅក្នុងចក្រវាល ដោយមានចម្ងាយ ១៣.៥ ពាន់លានឆ្នាំពន្លឺពីផែនដី ខណៈចក្រវាលទាំងមូលត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រកំណត់ថា មានអាយុកាល ១៣.៨ ពាន់លានឆ្នាំ។ វាគឺជាបណ្តុំកាឡាក់ស៊ីមួយ ដែលមានឈ្មោះឲ្យថា SMACS 0723 ដែលកប់ជ្រៅបំផុតទៅក្នុងចក្រវាល ហើយមានតែ James Webb ប៉ុណ្ណោះ ដែលមានសមត្ថភាពវែករកពន្លឺក្រហមអាំងហ្វ្រា ឬ Infrared Light ជះចេញពីបណ្តុំកាឡាក់ស៊ីនោះ។

អង្គការ NASA បានបញ្ជាក់ត្រឹមថា រូបមួយសន្លឹកនេះ James Webb បានប្រើប្រាស់ពេល ១២.៥ ម៉ោងដើម្បីផ្តិតយក ដោយវាមានរយៈចម្ងាយជ្រៅទៅក្នុងចក្រវាល ជាងរូបថតរបស់ Hubble ដែលត្រូវការពេលរាប់សប្តាហ៍ឯណោះ ទម្រាំប្រមូលបានទិន្នន័យ និងបង្កើតចេញជារូបបែបនេះទៅរួច។
ប្រធានអង្គការ NASA លោក Bill Nelson បានអះអាងថា «កាលពី ១០០ឆ្នាំមុន យើងធ្លាប់គិតថា កាឡាក់ស៊ីមានតែមួយប៉ុណ្ណោះ…។ ឥឡូវនេះ ចំនួនគឺឥតដែនកំណត់»។

គួរបញ្ជាក់ថា James Webb បានពន្លាតកញ្ចក់ពណ៌មាសស្រូបពន្លឺទាំង ១៨ ផ្ទាំងរបស់វា ហើយប្រើប្រាស់ពេលរាប់សប្តាហ៍ ដើម្បីតម្រែតម្រង់ពួកវានៅក្នុងទីអវកាស ចម្ងាយ ១.៥លានគីឡូម៉ែត្រពីភពផែនដី រហូតទាល់តែពួកវាអាចត្រូវបានប្រើប្រាស់ជាផ្លូវការ នៅក្នុងខែកក្កដា ឆ្នាំ ២០២២ នេះ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (Image credit: NASA, ESA, CSA, and STScI) ថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០២២
