យល់ដឹងលម្អិត៖ តើតេឡេស្កូប James Webb រកឃើញអ្វីសំខាន់ៗខ្លះលើភព WASP-96b? (VIDEO)

1,934

(អាមេរិក)៖ តេឡេស្កូបអវកាស James Webb ពេលនេះកំពុងឈានទៅបង្កើត របកគំហើញថ្មីៗទៅតាមការរំពឹងទុកហើយ។ នៅថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០២២ ក្រុមការងារគ្រប់គ្រងបេសកកម្ម James Webb ដែលដឹកនាំដោយអង្គការ NASA និងដៃគូពាក់ព័ន្ធ បានបញ្ចេញសមិទ្ធផលចំនួន ៥ គួរឲ្យកត់សម្គាល់ ក្នុងនោះ ជារូបថតពិតៗអំពីទីអវកាស និងទៀត គឺជាទិន្នន័យដំបូងៗអំពីភព exoplanet មួយឈ្មោះ WASP-96b ដែលមានចម្ងាយ ១,១៥០ ឆ្នាំពន្លឺពីភពផែនដី (១ ឆ្នាំពន្លឺ = ៩.៤៦ ទ្រីលានគីឡូម៉ែត្រ)។

Image By: Universe Today (Image credit: NASA/ESA/CSA and STScI)
  • តើព័ត៌មានសំខាន់ៗអ្វីខ្លះដែល James Webb រកឃើញលើភព WASP-96b?

តាមរយៈការអង្កេតមើលជាដំបូង, ភព WASP-96b នេះត្រូវបានចាត់ទុកថា ជាជំពូកភព «hot jupiter» «ឧស្ម័នយក្សក្តៅ» ព្រោះតែវាមានទំហំធំលំដាប់ភពព្រហស្បតិ៍ ប៉ុន្តែស្ថិតនៅកៀកផ្កាយរបស់វាខ្លាំង ដែលនាំឲ្យវាទទួលរងកម្តៅក៏ខ្លាំងដែរ។ តាមរយៈសមត្ថភាពរបស់ James Webb ក្នុងការអង្កេតមើលចលនានៃវិសាលគម (transmission spectrum) ពណ៌ និងពន្លឺក្នុងបរិយាកាសរបស់ WASP-96b និងប្រតិកម្មរវាងពន្លឺផ្កាយរបស់វា ពេលភពយក្សនេះគោចរឆ្លងកាត់ពីមុខ ភ្នែករបស់តេឡេស្កូបអវកាសនេះ ក្រុមអ្នកវិទ្យាសាស្ត្រអាចគណនាដឹង អំពីអ្វីដែលមាននៅក្នុងបរិយាកាសភពនោះបាន។

លក្ខណៈនៃបរិយាកាសភព WASP-96b (Image credit: NASA/ESA/CSA and STScI)

តាមរយៈការអង្កេតមើលពន្លឺក្រហម visual red (ជាពន្លឺដែលយើងអាចមើលឃើញ) និងពន្លឺក្រហមអាំងហ្វ្រា infrared light (ជាពន្លឺដែលយើងមិនអាចមើលឃើញ) នោះ James Webb បានរកឃើញ «សញ្ញានៃវត្តមានទឹក» ក៏ដូចជាភស្តុតាងនៃ «បណ្តុំពពក និងអ័ព្ទ» លើផ្ទៃមេឃរបស់ភព WASP-96b។ ពពកត្រូវបានគេដឹងថា អាចបិទបាំងចលនាម៉ូលេគុលមួយចំនួន នៅពីក្រោមវាបាន។

  • តើការរកឃើញថ្មីៗខាងលើនេះ មានន័យដូចម្តេចចំពោះក្រុមតារាវិទូ?

កាលពីឆ្នាំ ២០១៨ តេឡេស្កូបយក្ស VLT របស់អង្គការអឺរ៉ុប ESO នៅប្រទេសឈីលី (ស៊ីលី – Chile) ដែលមានសមត្ថភាពត្រឹមអង្កេតមើលពន្លឺ visual light (ពន្លឺដែលយើងអាចមើលឃើញ) នោះ បានរកឃើញវត្តមានធាតុគីមី សូដ្យូម (sodium) យ៉ាងច្រើនអនេកនៅក្នុងបរិយាកាសភព WASP-96b ដោយប្រការនេះបានធ្វើឲ្យក្រុមអ្នកវិទ្យាសាស្ត្រ ឈានទៅសន្មត់ថា ភពប្រភេទ hot jupiter មួយនេះ «គ្មានពពកនោះឡើយ»។ ក្រោយមកទៀត ការស្រាវជ្រាវដោយតេឡេស្កូប Magellan Baade នៅប្រទេសឈីលីដដែល ក៏បានគាំទ្រលទ្ធផលសិក្សារបស់ VLT នេះដែរ។

បណ្តាញតេឡេស្កូបយក្ស VLT (ESO – Chile)

ដូច្នេះលទ្ធផលអង្កេតបឋមដោយ James Webb ពេលនេះ អាចត្រូវបានចាត់ទុកជា ភាពផ្ទុយ និងចម្រូងចម្រាស់គ្នាដ៏គួរឲ្យកត់សម្គាល់ ជាមួយលទ្ធផលបង្កើតឡើងដោយ ក្រុមតារាវិទូនាប៉ុន្មានឆ្នាំមកនេះ។ ពួកគេនឹងត្រូវរៀបចំការសិក្សា និងវិភាគឡើងវិញ រវាងលទ្ធផលចេញពី James Webb និងលទ្ធផលចេញពីបណ្តាញតេឡស្កូបនៅលើដី ដើម្បីយល់ដឹងឲ្យបានពិតប្រាកដអំពី បុគ្គលិកលក្ខណៈនៃបរិយាកាសភព WASP-96b នោះ ជាពិសេសគឺទៅលើទំនាក់ទំនងរវាង សមាសភាពម៉ូលេគុល (molecular composition) និងកម្រិតនៃពពក (cloud levels) នៅក្នុងបរិយាកាសរបស់វា។

  • ហេតុអ្វីបានជា NASA ជ្រើសរើសភព WASP-96b ឲ្យ James Webb អង្កេតមុនគេ?

ការស្វែងយល់បុគ្គលិកលក្ខណៈពិតប្រាកដនៃភព WASP-96b ត្រូវបានចាត់ទុកជំហានគោលមួយ ដែលក្រុមអ្នកវិទ្យាសាស្ត្រត្រូវធ្វើឲ្យបាន មុននឹងឈានទៅសិក្សាអំពីភព exoplanets ឬភព Aliens ផ្សេងៗទៀត។ យើងបានដឹងថា WASP-96b ជាភពឧស្ម័នយក្សក្តៅគគុក ព្រោះតែវាគោចរលឿនជុំវិញផ្កាយមេរបស់វា (១ឆ្នាំនៃភពនេះស្មើតែ ៣.៤ថ្ងៃ នៃពេលវេលាលើផែនដី) ខណៈកម្តៅលើភពនេះ គឺអាចកើនដល់ ១,០០០ អង្សាសេ។ ដោយសារតែកម្តៅខ្ពស់បែបនេះហើយ ទើបបានជាបង្កឲ្យបរិយាកាសរបស់ WASP-96b ក្រាស់ និងមានភាពរំសាយ នៅពេលភពទំហំធំជាងភពព្រហស្បតិ៍យើង ១.២ ដងមួយនេះ គោចរលឿនជុំវិញផ្កាយរបស់វា។

យល់ដឹងលម្អិត៖ តើតេឡេស្កូប James Webb រកឃើញអ្វីសំខាន់ៗខ្លះលើភព WASP-96b?
លក្ខណៈនៃប្រភេទភព hot jupiter (Image credit: NASA/Ames/JPL-Caltech)

គួរបញ្ជាក់ថា ការរកឃើញខាងលើ​នេះ បានបង្ហាញអំពីឥទ្ធិពល និងភាពបត់បែនខ្ពស់របស់ James Webb រួចទៅហើយ។ ខណៈដែលនេះមិនមែនជាលើកទី ១ ដែលក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញ វត្តមានទឹកក្នុងបរិយាកាសភព នៅប្រព័ន្ធផ្កាយដទៃ, យើងបានសម្លឹងមើលទៅលើលទ្ធផល ដ៏គួរឲ្យភ្ញាក់ផ្អើលមួយកាលពីឆ្នាំ ២០១៣ នោះគឺការរកឃើញភព exoplanet មួយ ដែលមានទឹកក្នុងបរិយាកាសជាលើកដំបូង ដោយតេឡេស្កូបអវកាស Hubble ដែលត្រូវបានគាំទ្រ ដោយការអង្កេតជាច្រើនបន្តបន្ទាប់ទៀត។

យ៉ាងណាក៏ដោយ, ឧបករណ៍ដ៏ចាប់យកវត្តមាននៃពន្លឺ Infrared ជិត (Near-Infared Imager ឬ NIRI) និងបច្ចេកវិទ្យាអង្កេតបរិស្ថានក្នុងប្រព័ន្ធផ្កាយ យ៉ាងលម្អិតរបស់ James Webb បានអនុញ្ញាតវារកឃើញវត្តមានទឹក នៅក្នុងបរិយាកាសរបស់ភព WASP-96b ដោយប្រើប្រាស់ពេលអង្កេតត្រឹមតែ ៦.៤ ម៉ោងប៉ុណ្ណោះ កាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២២។ នេះជាលទ្ធផលដែលទទួលបានមកពី ការអង្កេតមើល ចលនានៃវិសាលគម (transmission spectrum) ពណ៌ និងពន្លឺរវាងផ្កាយ និងភពរបស់វានោះឯង។

ដំណើរ «Transmission spectrum» ​របស់ James Webb

ដំណើរ «Transmission spectrum» ឬជាភាសាបច្ចេកទេសហៅថា «វិសាលគមនៃការបញ្ជូន» គឺជាសមត្ថភាពរបស់ James Webb ក្នុងការប្រៀបធៀបរវាងទម្រង់ពណ៌ និងពន្លឺផ្កាយដើម ទៅនឹងពណ៌ និងពន្លឺផ្កាយដដែលនោះ ក្រោយត្រូវបានត្រងចូលទៅក្នុង បរិយាកាសភពដែលគោចរជុំវិញវា។ បើនិយាយជារួមទៅ តេឡេស្កូបអវកាសមុនៗដូចជា Kepler និង TESS ជាដើម បានប្រើប្រាស់ការសម្ងំអង្កេត ដើម្បីរកមើលស្រមោលភពឆ្លងកាត់ផ្កាយ តាមរយៈដំណើរ transit ដើម្បីបញ្ជាក់ត្រឹមថា ភពទាំងនោះពិតជាមានវត្តមានមែន ឬផ្កាយនោះមានភពគោចរជុំវិញឬអត់ប៉ុណ្ណោះ។ ប៉ុន្តែចំពោះ James Webb វិញ គឺអាចឆ្លុះដឹងអំពីសមាសធាតុផ្សំ នៅក្នុងបរិយាកាសភពទាំងនោះ តាមរយៈការអង្កេតមើល បម្រែបម្រួលនៃពន្លឺផ្កាយពេលមិនទាន់មានភពឆ្លងកាត់ និងពន្លឺផ្កាយដែលបានប្រែប្រួលទម្រង់ នៅពេលដែលបានជ្រៀបចូលទៅក្នុង បរិយាកាសភពដែលគោចរជុំវិញវា៕

ប្រែសម្រួល៖ Cambo Space / ឥន្ទ វុត្ថា (រក្សាសិទ្ធិនៃការបកប្រែ)
ប្រភព៖ SPACE/NASA (ថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២២)

480×240 Banner