ដំណឹងថ្មី! អ្នកជំនាញ NASA ពន្យល់អំពីស្ថានភាពបច្ចុប្បន្ននៃ Voyager ទាំងពីរគ្រឿង (VIDEO)

597

(អាមេរិក)៖ កាលពីថ្ងៃទី ២០ ខែ សីហា ឆ្នាំ ១៩៧៧ (ពេលវេលានៅសហរដ្ឋអាមេរិក) យានអវកាស Voyager 2 ត្រូវបានបាញ់បង្ហោះទៅកាន់ទីអវកាស ខណៈយានភ្លោះរបស់វាមួយទៀត គឺ Voyager 1 ត្រូវបានបាញ់បង្ហោះនៅរយៈពេល ១៦ថ្ងៃបន្ទាប់ពីនោះ។ Voyager 2 និង Voyager 1 បានក្លាយជា គ្រឿងយន្តអវកាសផលិតដោយដៃមនុស្ស ដែលបានចល័តទៅឆ្ងាយបំផុត មិនធ្លាប់មានយ៉ាងពិតប្រាកដ។

គិតត្រឹមខែ កក្កដា ឆ្នាំ ២០២២ យាន Voyager 2 ស្ថិតនៅចម្ងាយ ១៩.៣ ពាន់លានគីឡូម៉ែត្រ និងយាន Voyager 1 ស្ថិតនៅចម្ងាយ ២៣.៣ពាន់លានគីឡូម៉ែត្រ ពីភពផែនដី ហើយពួកវាទាំងពីរនេះ ក៏ជិតឈានទៅប្រារព្ធខួប ៤៥ ឆ្នាំ នៃការចាកចេញពីភពពណ៌ខៀវ ដ៏ស្រស់បំព្រងរបស់យើងផងដែរ។ បន្ថែមពីនេះ ក្រុមការងារគ្រប់គ្រងបេសកកម្ម Voyager របស់អង្គការ NASA នៅតែបន្តការបញ្ជា ឲ្យយានទាំងពីរគ្រឿងនេះ បញ្ជូនទិន្នន័យពីតំបន់អន្តរ-អវកាស (Interstellar Space) ដែលពួកវាកំពុងស្ថិតនៅនោះដដែល។

ទោះជាយ៉ាងណា ក្រុមអ្នកជំនាញ NASA បានអះអាងថា ប្រភពថាមពលសំខាន់ៗរបស់ យាន Voyager ទាំងពីរគ្រឿង ក្នុងនោះមានដូចជា ថាមពលនុយក្លេអ៊ែរ និងការផលិតថាមពល តាមរយៈដំណើរវិទ្យុសកម្មអ៊ីសូតូប ភ្លុយតូញ៉ូម-២៣៨ (radioactive isotope plutonium-238) ដោយម៉ាស៊ីន RTGs (radioisotope thermoelectric generators) នៅក្នុងខ្លួនពួកវា សុទ្ធតែស្ថិតនៅក្នុងកម្រិតទាបដ៏គ្រោះថ្នាក់ ព្រោះតែការថយចុះនៃប្រសិទ្ធភាព ក្នុងការផលិតថាមពលពីមួយឆ្នាំទៅមួយឆ្នាំ។

ដំណឹងថ្មី! អ្នកជំនាញ NASA ពន្យល់អំពីស្ថានភាពបច្ចុប្បន្ននៃ Voyager ទាំងពីរគ្រឿង!

ម៉ាស៊ីនផលិតថាមពល RTGs បំពាក់នៅលើ Voyager ទាំងពីរគ្រឿងនោះ កន្លងមកបានផលិតថាមពល ៤៥០វ៉ាត់ សម្រាប់ជំរុញដំណើរការយាននីមួយៗ ប៉ុន្តែពេលវេលាជាអ្នកសម្លាប់ប្រសិទ្ធភាព ដោយសមត្ថភាពនៃការផលិតថាមពល តែងតែថយចុះ វ៉ាត់ ក្នុងមួយឆ្នាំៗ។ យ៉ាងហោចណាស់ ក្នុងយាន Voyager មួយគ្រឿង ក៏ត្រូវការថាមពល ២០០ វ៉ាត់ដែរ ដើម្បីអាចមានកម្លាំងបាញ់បញ្ជូនទិន្នន័យ ត្រឡប់មកកាន់ភពផែនដីវិញ។

ជុំវិញបញ្ហានេះ លោកស្រី Suzanne Dodd នាយកគ្រប់គ្រងបណ្តាញអន្តរភព នៃមន្ទីរពិសោធន៍ JPL របស់អង្គការ NASA ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា បានប្រាប់សារព័ត៌មាន SPACE ថា «ថាមពលនៅក្នុងយាន (Voyager) ទាំងពីរគ្រឿងពេលនេះ មានចន្លោះចាប់ពី ៥ ទៅ ៦វ៉ាត់ តែប៉ុណ្ណោះ។ យ៉ាងហោចណាស់ពួកវាត្រូវការថាមពល ២០០ វ៉ាត់ ដើម្បីប្រើប្រាស់មុខងារបញ្ជូនទិន្នន័យ មកកាន់ភពផែនដីវិញបាន»

តែយ៉ាងណា គ្រប់យ៉ាងនៅមិនទាន់បញ្ចប់នៅឡើយទេ ព្រោះក្រុមការងារ NASA កំពុងតែព្យាយាមកែប្រែស្ថានការណ៍ ដោយការបិទម៉ាស៊ីនមួយចំំនួនលើយាន Voyager ទាំងពីរគ្រឿង ក្នុងនោះមានដូចជា ម៉ាស៊ីនកម្តៅ (heater) ជាដើម ដើម្បីអនុញ្ញាតឲ្យមុខងារសំខាន់ៗផ្សេងទៀត អាចដំណើរការបានយូរជាងមុន។ បើតាមលោកស្រី Dodd, វាប្រៀបបីដូចជាអព្ភូតហេតុ ដែលរហូតមកទល់នឹងពេលនេះ Voyager ទាំងពីរគ្រឿងនៅតែអាចដំណើរការបានល្អ ទោះបីជាស្ថិតក្នុងសីតុណ្ហភាពត្រជាក់ក្តី។

លោកស្រី Dodd ថែមទាំងបានសង្កត់ធ្ងន់ទៀតថា កិច្ចប្រជុំមួយនឹងត្រូវធ្វើឡើង នៅរដូវក្តៅឆ្នាំំ ២០២២ នេះ បន្ទាប់ពីការប្រារព្ធពិធីខួបកំណើតឲ្យ Voyager ទាំងពីរ ហើយក្រុមអ្នកជំនាញ NASA នឹងមានឱកាសពិភាក្សាគ្នា អំពីលទ្ធផលនៃការពន្លត់ម៉ាស៊ីនមួយចំនួន ដើម្បីសង្គ្រោះពួកវា។ ក្រុមការងារ NASA ក៏នឹងបង្កើតគំរូម៉ូដែលថ្មីមួយ ដើម្បីដឹកនាំផែនការអនាគត សម្រាប់យាន Voyager ទាំងពីរគ្រឿងនោះផងដែរ។

ជុំវិញការត្រៀមផែនការថ្មីខាងលើនេះ លោកស្រី Dodd មានក្តីសង្ឃឹមថា វានឹងស្ថិតក្នុងគោលដៅអភិរក្ស Voyager ទាំងពីរ ដើម្បីឲ្យពួកវាអាចដំណើរការបាន យ៉ាងហោចណាស់ ឆ្នាំទៀត (គិតចាប់ពីឆ្នាំ ២០២២ នេះ) បើពួកវា ដំណើរការផ្អែកលើថាមពលផលិតបានទាំងស្រុង។ «ហើយប្រសិនបើយើង ជួបសំណាងល្អបំផុតនោះ យើងនឹងអាចចាត់ចែងប្រតិបត្តិការ (នៃ Voyager ទាំង ២) បែបសន្សំសំចៃ ដែលនាំឲ្យយើងឆ្លងផុតចូលទសវត្សរ៍ ២០៣០ ផងក៏ថាបាន»។ នេះបើតាមការគូសបញ្ជាក់ពីលោកស្រី Dodd

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក្រុមការងារ NASA ក៏បានបង្ហើប អំពីការភាន់ច្រលំមួយចំនួននៃប្រព័ន្ធគ្រប់គ្រង និងកំណត់អាកប្បកិរិយា (Attitude Articulation and Control System ឬ AACS) របស់យាន Voyager 1 អំពីទីតាំងដែលវាកំពុងស្ថិតនៅ នៅក្នុងតំបន់អន្តរអវកាសនោះផងដែរ ដោយប្រការនេះបាននាំឲ្យវា បញ្ជូនទិន្នន័យខុសមកកាន់ផែនដីវិញ។ ទោះជាត្រូវបានគេអះអាងថា Voyager ទាំងពីរមានបញ្ហាកាន់តែច្រើន ដោយសារតែវ័យសំណាស់នៃ Hardware និង Software ក៏ដោយ ក៏ក្រុមអ្នកគ្រប់គ្រងកម្មវិធីរបស់ NASA នៅតែអះអាងថា ទាំងអស់នេះមិនមែនជាបញ្ហា ដែលត្រូវចោទនោះឡើយ។

ជាចុងក្រោយលោកស្រី Dodd បានពន្យល់ថា «ពួកយើងនៅតែអាចបញ្ជាឲ្យ Voyager ទាំងពីរគ្រឿង បញ្ជូនទិន្នន័យវិទ្យាសាស្ត្រ ត្រឡប់មកកាន់ភពផែនដីវិញ ព្រោះពួកវានៅតែអាចដំណើរការដូចធម្មតានៅឡើយ»។ យ៉ាងណាក៏ដោយ ភាពមិនប្រក្រតីមួយចំនួន ក៏ត្រូវបានគេរំពឹងទុកថា នឹងអាចកើតមានឡើងផងដែរ ហើយក៏អាចធ្វើឲ្យ NASA បាត់បង់យាននោះ។

អ្វីដែលជាការពិតមិនអាចប្រកែកបាន នោះគឺទាំង Voyager 1 និង Voyager 2 សុទ្ធតែកំពុងបន្តធ្វើប្រតិបត្តិការ ហើយពួកវាក៏បានកសាងស្នាដៃដ៏ធំធេងមួយ រួចមកហើយដែរដូចជា ការហោះឆ្វែល (flyby) ភពឧស្ម័នយក្សធំៗ នៅក្នុងប្រព័ន្ធព្រះអាទិត្យដូចជា ភពព្រហស្បតិ៍, សៅរ៍, អ៊ុយរ៉ាណុស និង ណិបទូន ព្រមទាំងរកឃើញព្រះចន្ទថ្មីៗបន្ថែមទៀត នៅប្រព័ន្ធភពទាំងអស់នោះ ដែលសុទ្ធសឹងជាបេសកកម្មចម្បងៗ ដែលបានសម្រេចជោគជ័យតាំងតែពីឆ្នាំ ១៩៨៩ មកម្ល៉េះ៕

ប្រែសម្រួល៖ Cambo Space / ឥន្ទ វុត្ថា (រក្សាសិទ្ធិ)
ប្រភព៖ SPACE (ថ្ងៃអាទិត្យ ទី៣១ ខែកក្កដា ឆ្នាំ២០២២)
(Image Credits: NASA/JPL)

480×240 Banner