រ៉ុក្កែត SpaceX បញ្ជូនគ្រឿងយន្តស្រាវជ្រាវព្រះចន្ទដំបូង របស់កូរ៉េខាងត្បូង ទៅកាន់ទីអវកាសដោយជោគជ័យ!

235

(អាមេរិក)៖ ផ្កាយរណបស្រាវជ្រាវឋានព្រះចន្ទ ដំបូងបំផុតរបស់ប្រទេសកូរ៉េខាងត្បូង ដែលមានឈ្មោះកាត់ថា KPLO (Korea Pathfinder Lunar Orbiter) ត្រូវបានគ្រាប់រ៉ុក្កែត Falcon 9 របស់ក្រុមហ៊ុនអវកាសអាមេរិក SpaceX បញ្ជូនទៅកាន់ទីអវកាស ប្រកបដោយជោគជ័យហើយ ដោយវានឹងទៅដល់គន្លងគោចរជុំវិញព្រះចន្ទ នៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២២។

Rocket Falcon 9 របស់ SpaceX

ផ្កាយរណប KPLO ឬយើងអាចហៅឈ្មោះយ៉ាងពីរោះរបស់វាតែម្តងថា ដេនួរិ (Danuri) នឹងធ្វើឲ្យប្រទេសកូរ៉េខាងត្បូង ឈានជើងចូលក្នុងវិស័យស្រាវជ្រាវទីអវកាស យ៉ាងពេញមុខពេញមាត់ ខណៈវិទ្យាស្ថានស្រាវជ្រាវទីអវកាសកូរ៉េ (KARI) គឺជាអ្នកគ្រប់គ្រងដោយផ្ទាល់ លើគ្រឿងយន្តអវកាសមួយនេះ។

គ្រឿងយន្តអវកាស Danuri ឬ PLO (Korea Pathfinder Lunar Orbiter)

ដោយឡែក រ៉ុក្កែតរបស់ SpaceX វិញ ក្រោយពីបានរុញច្រាន Danuri ឡើងទៅកាន់ទីអវកាស កាលពីថ្ងៃព្រហស្បតិ៍ ទី ០៤ ខែសីហា ឆ្នាំ ២០២២ (ពេលវេលានៅរដ្ឋ Florida សហរដ្ឋអាមេរិក) រួចរាល់នោះ វាក៏បានទម្លាក់ខ្លួនមកចុះចត នៅទីលានលើផ្ទៃសមុទ្រនៃមូលដ្ឋានទ័ពអាកាស Cape Canaveral វិញ ប្រកបដោយជោគជ័យ កាលពីថ្ងៃវេលាម៉ោង ៧៖០៨ ល្ងាចថ្ងៃដដែល។

គួរបញ្ជាក់ថា ការធ្វើគោចរសន្សឹមៗរបស់ផ្កាយរណបកូរ៉េខាងត្បូង Danuri គឺជាដំណើរដែលប្រើប្រាស់កម្លាំងរុញច្រាន នៃដែនម៉ាញេទិចផែនដី ដើម្បីរំកិលក្នុងគន្លងជារង្វង់ៗ បន្តិចម្តងៗរហូតទៅដល់ជិតព្រះចន្ទ ទើបវាធ្វើការជ្រៀតចូលគន្លងគោចរតែម្តង។ Danuri នឹងគោចរនៅរយៈកម្ពស់ ១០០គីឡូម៉ែត្រពីផ្ទៃព្រះចន្ទ។

(Image Credit: វិទ្យាស្ថានស្រាវជ្រាវទីអវកាសកូរ៉េ (KARI)

Danuri មានតម្លៃនៃការអភិវឌ្ឍសរុប ១៨០លានដុល្លារអាមេរិក និងជាគ្រឿងយន្តស្រាវជ្រាវ ដែលនឹងបើកផ្លូវឲ្យប្រទេសកូរ៉េខាងត្បូង បញ្ជូនយានទៅស្រាវស្រាវលើផ្ទៃព្រះចន្ទផ្ទាល់តែម្តង នៅទសវត្សរ៍ ២០៣០។ Danuri មានទម្ងន់ ៦៧៨គីឡូក្រាម នឹងមានបំពាក់ឧបករណ៍សំខាន់ៗចំនួន ក្នុងនោះ ជាឧបករណ៍វិទ្យាសាស្ត្រផលិតក្នុងស្រុក និង ទៀតជាកាមេរ៉ាឈ្មោះ ShadowCam ផលិតដោយអង្គការ NASA នៃសហរដ្ឋអាមេរិក។

រ៉ុក្កែត SpaceX បញ្ជូនគ្រឿងយន្តស្រាវជ្រាវព្រះចន្ទដំបូង របស់កូរ៉េខាងត្បូង ទៅកាន់ទីអវកាសដោយជោគជ័យ!
រណ្តៅងងឹតនៃឋានព្រះចន្ទ (Image Credit: NASA)

Danuri នឹងធ្វើការសិក្សាអំពី ដែនម៉ាញេទិចដែលនៅមានរបស់ព្រះចន្ទ និងចំណុចអាថ៌កំបាំងមួយចំនួន ដែលអាចមានដែនម៉ាញេទិចខ្លាំង។ Danuri ត្រូវបានអភិវឌ្ឍឡើង ដើម្បីអាចបំពេញបេសកកម្មស្នូល រយៈពេល ១ឆ្នាំ ជុំវិញឋានព្រះចន្ទ ហើយតាមរយៈកាមេរ៉ា ShadowCam របស់ NASA នោះ វាក៏នឹងអាចស្វែងរកវត្តមាន ទឹកកក (Water Ice) នៅតាមរណ្តៅងងឹតជាប្រចាំ មួយចំនួនលើព្រះចន្ទផងដែរ ហើយមុខងារនេះនឹងខ្លាំងជាងផ្កាយរណប LRO របស់អង្គការ NASA ដែលកំពុងគោចរជុំវិញព្រះចន្ទនោះទៅទៀត៕

ប្រែសម្រួល៖ Cambo Space / ឥន្ទ វុត្ថា (រក្សាសិទ្ធិ)
ប្រភព៖ SPACE (ថ្ងៃសុក្រ ទី០៥ ខែសីហា ឆ្នាំ២០២២)

480×240 Banner