HOT NEWS: នេះជាលើកដំបូងបំផុតហើយដែល James Webb ថតរូបភាពភព Exoplanet ស្តែងៗតែម្តង!

615

(អាមេរិក)៖ អង្គការ NASA ESA និង CSA ដែលកំពុងគ្រប់គ្រងបេសកកម្ម តេឡេស្កូបអវកាស James Webb បានធ្វើការផ្តិតរូបភាព ដោយផ្ទាល់ជាលើកដំបូងតែម្តង ទៅលើភព Exoplanet មួយមានឈ្មោះថា HIP 65426 b ដែលមានចម្ងាយ ៣៨៥ឆ្នាំពន្លឺពីភពផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានKm)

HOT NEWS: នេះជាលើកដំបូងបំផុតហើយដែល James Webb ថតរូបភាពភព Exoplanet ស្តែងៗតែម្តង!
រូបតំណាងនៃភព HIP 65426 b (Image credit: NASA’s Goddard Space Flight Center / S. Wiessinger.)

HIP 65426 b គឺជាប្រភេទភពឧស្ម័នយក្ស (Gas Giant) ដែលប្រការនេះមានន័យថា វាពោពេញដោយឧស្ម័ន និងគ្មានផ្ទៃរឹងសម្រាប់ឲ្យយើងជាន់ ឬចុះចតយានបានឡើយ ហើយភពប្រភេទនេះ ក៏មិនអាចឲ្យជីវិតកកើតឡើងបាននោះដែរ។ ម៉ាស់របស់ HIP 65426 b ធំជាងម៉ាស់ភពព្រហស្បតិ៍ (Jupiter) របស់យើងចាប់ពី ៦ – ៨ដង ហើយវាទើបតែមានវ័យ ១៥ – ២០លានឆ្នាំប៉ុណ្ណោះ ដែលពិតជាក្មេងណាស់ប្រើធៀបនឹងផែនដី ដែលមានអាយុរហូតដល់ ៤.៥ពាន់លានឆ្នាំនោះ។

រូបពិតនៃភព HIP 65426 b ថតដោយ James Webb របស់ NASA ESA និង CSA

ការផ្តិតរូបភាពដោយផ្ទាល់នេះបានបង្ហាញថា James Webb មិនត្រឹមតែមានសមត្ថភាព អាចយល់ដឹងអំពីធាតុផ្សំនៃបរិយាកាសពពួកភព Exoplanets ដែលស្ថិតនៅចម្ងាយរាប់ឆ្នាំពន្លឺពីផែនដីប៉ុណ្ណោះទេ តែតេឡេស្កូបអវកាសតម្លៃ ៩.៨ពាន់លានដុល្លារអាមេរិកមួយនេះ ក៏អាចផ្តិតរូបភាពដោយផ្ទាល់នៃភពទាំងនោះ នៅក្នុងទម្រង់ជាពន្លឺក្រហមអាំងហ្វ្រាជិត (តាមរយៈឧបករណ៍ NIRCam) និងក្នុងទម្រង់ជាពន្លឺក្រហមអាំងហ្វ្រាកម្រិតមធ្យម (តាមរយៈឧបករណ៍ MIRI) ផងដែរ។

ចំណុចលឿងទុំ៖ ភព HIP 65426 b ថតដោយឧបករណ៍ MIRI របស់ James Webb, ចំណុចមានរូបផ្កាយ៖ ពន្លឺផ្កាយដែលត្រូវបានទប់ស្កាត់

ក្រុមតារាវិទូបានរកឃើញភព HIP 65426 b ជាលើកដំបូងកាលពីឆ្នាំ ២០១៧ តាមរយៈឧបករណ៍ SPHERE នៃបណ្តាញតេឡេស្កូប VLT របស់អង្គការអឺរ៉ុប ESO ដែលមានមូលដ្ឋាននៅប្រទេសឈីលី (Chile) ដោយប្រើប្រាស់រលកពន្លឺ Infared ប្រវែងខ្លី។ តែសម្រាប់ James Webb វិញ គឺមានសមត្ថភាពផ្តិតរូបភាពភព Exoplanet មួយនេះ ដោយប្រើប្រាស់ឧបករណ៍ MIRI ចាប់យកពន្លឺក្រហមអាំងហ្វ្រាកម្រិតមធ្យម និងអាចមើលឃើញរូបរាងភព HIP 65426 b ព្រោះតែគ្មានស្រទាប់បរិយាកាសផែនដីមករំខាន ខណៈតេឡេស្កូបនៅលើដីវិញ គឺមិនអាចធ្វើបានឡើយ។

ចំណុចខៀវភ្លឺនៅចំកណ្តាល៖ HIP 65426 b ថតដោយឧបករណ៍ NIRCam របស់ James Webb

ដោយសារតែHIP 65426 b មានគម្លាតឆ្ងាយពីផ្កាយមេរបស់ខ្លាំង (១០០ដង នៃគន្លាតរវាងផែនដី និងព្រះអាទិត្យ) ហេតុដូច្នេះទើបការអង្កេតរកវត្តមាន និងផ្តិតរូបភាពវាដោយ James Webb មានភាពងាយស្រួលជាងភព Exoplanet មួយចំនួនទៀត។ យ៉ាងណាក៏ដោយ ការថតរូបភព Exoplanet តែងតែជារឿងលំបាកបំផុត ព្រោះភពតែងបង្ហាញពន្លឺខ្សោយ ខណៈតារារបស់វាវិញ គឺភ្លឺចែងចាំងជាប្រចាំ។

គួរបញ្ជាក់ថា នៅលើឧបករណ៍ NIRCam និង MIRI របស់ James Webb សុទ្ធតែមានបំពាក់នូវរបាំង (coronagraphs) ដែលជាបណ្តុំនៃរនាំងតូចៗ (tiny masks) សម្រាប់រាំងខ្ទប់ពន្លឺផ្កាយ នោះទើបអនុញ្ញាតឲ្យតេឡេស្កូបអវកាសនេះ អាចផ្តិតរូបភាពដោយផ្ទាល់ទៅលើភព Exoplanet ដូចជា HIP 65426 b នោះបាន៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព និង Image Credit៖ NASA/ESA/CSA, A Carter (UCSC), the ERS 1386 team, and A. Pagan (STScI) (ថ្ងៃព្រហស្បតិ៍ ទី០១ ខែកញ្ញា ឆ្នាំ២០២២)

480×240 Banner