HOT NEWS: តេឡេស្កូប James Webb ឆ្លុះមើលបរិយាកាសភពអង្គារ និងក្តោបបានព័ត៌មានសំខាន់ៗ!

670

(បរទេស)៖ នៅទីបំផុតតេឡេស្កូបអវកាស James Webb បានយល់ព្រមចោលកាណុង ទៅរកភពព្រះអង្គារ (Mars) ដែលស្ថិតនៅក្នុងប្រព័ន្ធព្រះអាទិត្យ និងជាអ្នកជិតខាងរបស់ភពផែនដីយើងនេះហើយ តាមរយៈការប្រើប្រាស់ឧបករណ៍ផ្តិតយក ពន្លឺក្រហមអាំងហ្វ្រាជិត (NIRSpec) ដ៏មានអានុភាព។

ការសម្លឹងមើលភពអង្គារជាលើកដំបូងដោយ James Webb នេះ គឺបានផ្តោតសំខាន់ទៅលើបរិយាកាសដ៏ស្តើងរបស់ភពក្រហមនោះ ដែលស្មើតែជិត ១% ប៉ុណ្ណោះនៃកម្រាស់បរិយាកាសភពផែនដី។ James Webb បានសម្លឹងទៅលើ វិសាលគមពណ៌នៃពន្លឺក្រហមអាំងហ្វ្រាជិត (Near-Infared Spectrum) នៃភពព្រះអង្គារ កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ ហើយនៅថ្ងៃទី១៩ ខែកញ្ញាដដែលនេះ លទ្ធផលនៃការអង្កេត និងវិភាគត្រូវបានចេញផ្សាយ។

(រូបភាពពីបរទេស)

ក្រុមការងារនៃអង្គការ NASA ESA និង CSA ដែលកំពុងគ្រប់គ្រងបេសកកម្ម James Webb បានឲ្យដឹងថា ការសម្លឹងមើលភពអង្គារដោយឧបករណ៍ចាប់ពន្លឺ Infrared គឺជាការស្វែងរកព័ត៌មានបន្ថែម បំពេញឲ្យបេសកកម្មផ្កាយរណប និងយានស្រាវជ្រាវជាច្រើន ដែលបានទៅដល់ភពនោះផ្ទាល់ នាប៉ុន្មានទសវត្សរ៍មកនេះ។

ការឆ្លុះមើលបរិយាកាសភពអង្គារ (រូបភាពពី NASA ESA CSA)

នៅក្នុងរយៈចម្ងាយ ១.៥លានគីឡូម៉ែត្រពីផែនដី James Webb អាចមានឱកាសច្រើនបំផុត ក្នុងការរង់ចាំដល់ពេលដែលភពអង្គារ ស្ថិតនៅត្រង់ចន្លោះខ្សែបន្ទាត់រវាង James Webb និងព្រះអាទិត្យ នោះទើបឧបករណ៍ឆ្លុះរបស់តេឡេស្កូបអវកាសនេះ អាចមើលធ្លុះទៅក្នុងស្រទាប់បរិយាកាសភពក្រហមនោះ ដើម្បីបានដឹងអំពីធាតុផ្សំសំខាន់ៗ។

HOT NEWS: តេឡេស្កូប James Webb ឆ្លុះមើលបរិយាកាសភពអង្គារ និងក្តោបបានព័ត៌មានសំខាន់ៗ!
វត្តមានបរិយាកាសភពអង្គារ (រូបភាពពី NASA)

James Webb ត្រូវបានកំណត់លំដាប់នៃអង្កេតចំនួន ៣ កម្រិត (G140H, G235H និង G395H) ដែលជាវិធីសាស្ត្រអាចមើលឃើញ កាំរស្មីព្រះអាទិត្យប្រែប្រួល ពេលចូលទៅក្នុងបរិយាកាសភពអង្គារ ទៅតាមកម្រិតនៃប្រវែងរលកពន្លឺ (Wavelength)។ ជាលទ្ធផលក្រុមអ្នកវិទ្យាសាស្ត្របានប្រទះឃើញ «ពន្លឺព្រះអាទិត្យត្រូវបានស្រូបយកដោយម៉ូលេគុលនានា ដែលមាននៅក្នុងបរិយាកាសភពអង្គារ ជាពិសេសគឺកាបូនឌីអុកស៊ីត (carbon dioxide), កាបូនម៉ូណូអុកស៊ីត (carbon monoxide) និងទឹក (water) ផងដែរ»

លទ្ធផលនៃការឆ្លុះមើលបរិយាកាសភពអង្គារ (រូបភាពពី NASA ESA CSA)

គួរបញ្ជាក់ថា ការវិភាគទៅលើវិសាលគមពណ៌នៃពន្លឺ (Spectrum) នៅក្នុងដំណើរការខាងលើនេះ អាចឲ្យក្រុមអ្នកវិទ្យាសាស្ត្រយល់ដឹង អំពីភាពសម្បូរបែបនៃម៉ូលេគុលទាំងឡាយ នៅក្នុងបរិយាកាសភពអង្គារបាន។ នៅក្នុងគន្លងគោចរ L2, James Webb ក៏អាចផ្តិតយកព័ត៌មានសំខាន់ៗ ផ្សេងទៀតពីភពអង្គារ ដើម្បីបង្កើនការយល់ដឹងអំពីបាតុភូត ព្យុះធូលី, ការប្រែប្រួលនៃរដូវ, ការប្រែប្រួលធាតុអាកាស និងដំណើរប្រែប្រួលរវាងពេលយប់ និងពេលថ្ងៃនៅលើភពក្រហមនោះផងដែរ៕

ប្រែសម្រួល៖ ឥន្ទ វុត្ថា (Cambo Space)
ប្រភព៖ NASA/ESA/CSA (ថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២)

480×240 Banner