ក្រោយយានអវកាស DART បូជាខ្លួនរួចរាល់, តើ NASA ត្រូវធ្វើអ្វីបន្តទៀត? (VIDEO)

1,143

(បរទេស)៖ កាលពីវេលាម៉ោង ៦៖១៤នាទីព្រឹកថ្ងៃអង្គារ ទី២៧ ខែកញ្ញា ឆ្នាំ២០២២ (ម៉ោងនៅប្រទេសកម្ពុជា) យានអវកាស DART របស់អង្គការ NASA បានហោះបុកអាចម៍ផ្កាយ ដាយម័រហ្វូស (Dimorphos) មានមុខកាត់ ១៦៣ម៉ែត្រ ដែលត្រូវជាដៃគូ (ព្រះចន្ទ) គោចរជុំវិញអាចម៍ផ្កាយមេរបស់វាគឺ ឌីឌីម៉ូស (Didymos) ដែលមានមុខកាត់ជាង ៧៨០ម៉ែត្រ ជាស្ថាពរ។

ការហោះបំបុកអាចម៍ផ្កាយខាងលើ ដែលស្ថិតក្នុងបេសកកម្ម Double Asteroid Redirection Test ឬយើងហៅយ៉ាងខ្លីថា DART នោះ កំពុងក្លាយការធ្វើតេស្តខែលការពារដ៏ធំសម្រាប់ជីវិតលើផែនដី ពីការវាយប្រហារដោយអាចម៍ផ្កាយធំៗនាថ្ងៃអនាគត។ ក្រុមអ្នកវិទ្យាសាស្ត្រជឿជាក់ថា ប្រសិនបើការធ្វើតេស្ត DART ជោគជ័យ ១០០% នោះ យើងនឹងអាចការពារភពផែនដីបាន ក្នុងករណីដែលថ្ងៃមុខមានអាចម៍ផ្កាយដ៏គ្រោះថ្នាក់ ត្រូវបានគេរកឃើញថា នឹងហោះមកបុកភពផែនដី។

៣នាទីមុនយាន DART បុកអាចម៍ផ្កាយ Dimorphos (តូច) (រូបភាពពី NASA)

សម្រាប់ដំណាក់កាលដំបូង ដែលបានកើតឡើងកាលពីព្រឹកថ្ងៃទី២៧ ខែកញ្ញានេះ គឺយាន DART បានបូជារូបរាងកាយរួចទៅហើយ ដើម្បីជាការធ្វើតេស្តរុញច្រានចង្កោមអាចម៍ផ្កាយ Didymos ដែលមានចម្ងាយ ១០លានគីឡូម៉ែត្រពីភពផែនដីនោះ។ ទម្រាំមកដល់ពេលនេះ អង្គការ NASA បានចំណាយពេល ៧ឆ្នាំរួចទៅហើយ ទៅលើបេសកកម្ម DART, ប៉ុន្តែតើកិច្ចការបន្ទាប់ទៀតសម្រាប់ NASA និងដៃគូពាក់ព័ន្ធគឺជាអ្វី?

ក្រោយយានអវកាស DART បូជាខ្លួនរួចរាល់, តើ NASA ត្រូវធ្វើអ្វីបន្តទៀត? (មានរូបភាព)
ប៉ុន្មានវិនាទីមុនការបុក (រូបភាពពី NASA)

បើតាមក្រុមជំនាញ NASA ពួកគេនឹងត្រូវការពេលរាប់សប្តាហ៍ ឬអាចឈានដល់រាប់ខែទៀត ដើម្បីអង្កេតមើលដំណើរប្រែប្រួល នៃគន្លងគោចររបស់អាចម៍ផ្កាយ Didymos ក្រោយការបុកព្រះចន្ទ Dimorphos របស់វា ត្រូវបានធ្វើឡើងរួចរាល់។ អង្គការ NASA បានធ្វើតេស្តនេះ ប្រកបដោយការគិតគូរយ៉ាងច្បាស់លាស់ ព្រោះបើយោងលើរយៈចម្ងាយឆ្ងាយបែបនេះ, ទិសដៅនៃដំណើរគោចរ និងការបុកទង្គិចរួចរាល់ អាចម៍ផ្កាយនេះនឹងមិនបង្កបញ្ហាដល់ភពផែនដីនោះឡើយ។

រូបភាពចុងក្រោយបំផុត នៃវីដេអូថតដោយ DART (រូបភាពពី NASA)

បច្ចុប្បន្ននេះ ភពផែនដីកំពុងគោចរនៅទីតាំងដ៏ល្អមួយ ដែលអាចឲ្យក្រុមអ្នកវិទ្យាសាស្ត្រ អង្កេតមើលបម្រែបម្រួលនៃគន្លងគោចរអាចម៍ផ្កាយ Didymos។ មូលហេតុដែលយើងហៅ Dimorphos ថាជាព្រះចន្ទរបស់ Didymos នោះ ក៏ព្រោះតែវាតែងគោចរនៅជុំវិញអាចម៍ដ៏ធំមួយនេះ ១១.៩ម៉ោង ក្នុងមួយជុំ ហើយនៅក្នុងគន្លងស្ទើរតែមានរាងជាវង្វង់មូលដ៏ល្អឥតខ្ចោះថែមទៀត។ ពួកវាត្រូវបានរកឃើញកាលពីខែមេសា ឆ្នាំ១៩៩៦ និងគោចរជុំវិញព្រះអាទិត្យមួយជុំដោយប្រើប្រាស់ពេល ៧៧០ថ្ងៃ (ពេលវេលាលើផែនដី)។

គន្លងគោចរនៃអាចម៍ផ្កាយ Didymos ជុំវិញព្រះអាទិត្យ (រូបភាពពី ESA)

អង្គការ NASA មានក្តីរំពឹងថា ការបូជាខ្លួនរបស់ DART នឹងអាចធ្វើឲ្យ Dimorphos កែប្រែគន្លងគោចររបស់វាបានបន្តិច។ យ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញក៏បានដឹងរួចហើយដែរថា ការប្រើយាន DART ហោះទៅបំបុក Dimorphos នោះ គឺនឹងអាចកែប្រែល្បឿនរបស់វា បានក្នុងភាគរយដ៏តិចតួចបំផុត។ ទោះបីជាស្តាប់មើលទៅមិនច្រើនក៏ពិតមែន ប៉ុន្តែយោងទៅលើសន្ទុះនៃគន្លងគោចររវាងអាចម៍ផ្កាយទាំងពីរ ត្រឹមភាគរយតិចតួចទាំងនោះ ក៏អាចធ្វើឱ្យមានភាពប្រែប្រួលទៅលើពេលវេលាដែល Dimorphos ប្រើប្រាស់ដើម្បីគោចរមួយជុំ Didymos បន្តិចម្តងៗនោះបានដែរ។

រូបភាពពីបរទេស

សរុបសេចក្តីមក ការហោះបុកអាចម៍ផ្កាយដោយយាន DART បានសម្រេចជោគជ័យមួយដំណាក់កាលធំរួចទៅហើយ នៅឡើយតែការរង់ចាំអង្កេតរាប់សប្តាហ៍ទៅរាប់ខែទៀតប៉ុណ្ណោះ ថាតើគន្លងគោចររបស់ Dimorphos និង Didymos ប្រែប្រួលដូចម្តេច។ អង្គការ NASA និងដៃគូពាក់ព័ន្ធមានតេឡេស្កូបនៅលើដីជាង ២០គ្រឿង ដើម្បីតាមដានបម្រែបម្រួលរបស់អាចម៍ផ្កាយទាំងពីរ ហើយអ្វីដែលយើងទាំងអស់គ្នាអាចធ្វើបាន គឺរង់ចាំ

ប្រែសម្រួល៖ ឥន្ទ វុត្ថា (រក្សាសិទ្ធិដោយ Cambo Space)
ប្រភព៖ NASA/CNET (ថ្ងៃអង្គារ ទី២៧ ខែកញ្ញា ឆ្នាំ២០២២)

480×240 Banner