ថតភ្លាមបញ្ចូនមកភ្លែត! NASA បង្ហាញរូបថតព្រះចន្ទទឹកកក Europa ថតដោយយានអវកាស Juno

593

(អាមេរិក)៖ នៅថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០២២ នេះ (ម៉ោងនៅកម្ពុជា) អង្គការ NASA នៃសហរដ្ឋអាមេរិកបានបញ្ចេញរូបថតកៀកបំផុត ទៅនឹងព្រះចន្ទយូរ៉ូប៉ា (Europa) នៃភពព្រហស្បតិ៍ ដែលត្រូវបានផ្តិតយកដោយយានអវកាស ជូនណូ (Juno) ខណៈយាននេះបានហោះកាត់ (flyby) ព្រះចន្ទទឹកកកនេះ នៅក្នុងរយៈកម្ពស់តែ ៣៥២ គីឡូម៉ែត្រប៉ុណ្ណោះ។

ថតភ្លាមបញ្ចូនមកភ្លែត! NASA បង្ហាញរូបថតព្រះចន្ទទឹកកក Europa ថតដោយយានអវកាស Juno
ព្រះចន្ទ Europa ថតដោយយានអវកាស Juno (រូបភាពពី NASA)

ការផ្តិតរូបភាព Europa ខាងលើនេះក៏ស្ថិតចំពេលដែលភពព្រហស្បតិ៍ (Jupiter) ទើបតែបានគោចរមកដល់ចំណុចកៀកភពផែនដីបំផុត (ជាង ៥៩០លានគីឡូម៉ែត្រ) ដែលមិនធ្លាប់មាន ៥៩ឆ្នាំមកនេះផងដែរ។ ព្រះចន្ទ Europa គឺជាមុខព្រួញដ៏សំខាន់ នៃការស្រាវជ្រាវ ព្រោះតែនៅក្រោមសំបកទឹកកក កម្រាស់រាប់គីឡូម៉ែត្ររបស់វា ត្រូវបានគេជឿជាក់ថា មានលាក់មហាសមុទ្រទឹករាវ ដែលអាចជាឱកាសឲ្យជីវិតកកើតឡើង នៅក្នុងទម្រង់ផ្សេងៗ។

ព្រះចន្ទ Europa ថតដោយយានអវកាស Juno (រូបភាពពី NASA)

នៅក្នុងរូបភាពថ្មីៗថតដោយ Juno បាននាំឲ្យគ្រប់គ្នាមើលឃើញ ជ្រលងភ្នំទឹកកកយ៉ាងឆ្វាត់ឆ្វែង និងរណ្តៅនានា ដែលអាចត្រូវបានបង្កើតដោយ ការប៉ះទង្គិចនៃវត្ថុអវកាស (អាចម៍ផ្កាយ) មកលើផ្ទៃស្រោបដោយទឹកកក នៃព្រះចន្ទ Europa។ NASA កំពុងព្យាយាមប្រមូលយកទិន្នន័យបន្ថែម តាមរយៈរូបភាពគុណភាពខ្ពស់របស់ Juno ដើម្បីសម្រួលដល់បេសកកម្ម Europ Clipper ដែលនឹងត្រូវបាញ់បង្ហោះនៅឆ្នាំ ២០២៤ និងទៅដល់ Europa នៅឆ្នាំ ២០៣០។

(រូបភាពពី NASA)

គួរបញ្ជាក់ថា យានអវកាស Galileo នៅតែជាគ្រឿងយន្តអវកាស ដែលជាប់ឈ្មោះជាអ្នកដែលបានហោះទៅកៀកព្រះចន្ទ Europa បំផុតនៅក្នុងរយៈកម្ពស់ ៣៥១គីឡូម៉ែត្រ ដែលត្រូវបានធ្វើឡើងកាលពីឆ្នាំ ២០០០៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព និងរូបភាព៖ NASA (ថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០២២)

480×240 Banner