លទ្ធផលសិក្សាថ្មី៖ «Pale Blue Dot ដូចភពផែនដី ប្រហែលជាមានតែ ១%ប៉ុណ្ណោះ» (វីដេអូ)

1,748

(បរទេស)៖ ភពដែលមានបុគ្គលិកលក្ខណៈដូចផែនដី ឬដែលយើងតែងដាក់រហស្សនាមឲ្យថា «Pale Blue Dot» នោះ ទំនងជាមានចំនួនតិចតួច ឬកម្របំផុតនៅក្នុងកាឡាក់ស៊ី Milky Way យើងនេះ។ យោងតាមលទ្ធផលសិក្សាថ្មីបានបង្ហាញថា ភពនានានៅប្រព័ន្ធផ្កាយដទៃ (exoplanets) ដែលអាចមានលក្ខណៈស្រដៀងភពផែនដីយើងនោះ (៣០% ជាផ្ទៃដី និង ៧០% ជាផ្ទៃសមុទ្រ) គឺមានតែ ១% ប៉ុណ្ណោះ

លទ្ធផលសិក្សាថ្មី៖ «Pal Blue Dot ដូចភពផែនដី ប្រហែលជាមានតែ ១%ប៉ុណ្ណោះ…»
(រូបភាពពី NASA)

មិនខុសពីការសិក្សាដូចសព្វមួយដងនោះឡើយ គឺភពដែលត្រូវបានចាត់ទុកថា មានលក្ខណៈស្រដៀង ឬដូចផែនដីយើងនោះ ត្រូវតែស្ថិតនៅតំបន់អំណោយផលដល់ការកកើតជីវិត (Habitable Zone) ដែលអាចឲ្យពួកវាទទួលបានកម្តៅសមរម្យ និងរក្សាវត្តមានទឹកលើផ្ទៃស្រទាប់លើ ព្រមទាំងបរិយាកាសស្រោបជុំវិញភពទាំងនោះ។

យ៉ាងណាក៏ដោយ លទ្ធផលនៃការសិក្សាខាងលើនេះបានបង្ហាញថា ក្នុងចំណោមភព exoplanets ដែលត្រូវបានចាត់ចូលក្នុងចង្កោមភព ដែលអាចមានបុគ្គលិកលក្ខណៈ ដូចផែនដីនោះ ជិត ៨០% ជាភពពោរពេញដោយផ្ទៃដី (land) និងជិត ២០% ជាភពស្រោបដោយសមុទ្រ ខណៈមាន ១% ប៉ុណ្ណោះ ទើបជាភពដែលអាចត្រូវបានចាត់ទុកថា មានផ្ទៃសមុទ្រផង និងផ្ទៃដីផង ស្រដៀងនឹងភពផែនដី។

(រូបភាពពីបរទេស)

ដើម្បីទទួលបានលទ្ធផលខាងលើនេះ ក្រុមអ្នកសិក្សានៃវិទ្យាស្ថានវិទ្យាសាស្ត្រ និងអវកាសអន្តរជាតិ នៃប្រទេសស្វីស (International Space Science Institute ឬ ISSI) បានប្រើប្រាស់ការវិភាគវែកញែកទៅលើភាពទាក់ទងគ្នារវាងទឹកនៅក្នុងស្រទាប់រឹង (mantle) និងវដ្តន៍នៃផ្ទៃដីទ្វីបរបស់ភពមួយ (ទ្វីបរសាត់) ជាមួយនិងផ្លាកតិចតូនិក (Plat Techtonics) ដោយយកភពផែនដីជាគំរូម៉ូដែល។

ពីដំបូងឡើយ ក្រុមអ្នកស្រាវជ្រាវមានក្តីរំពឹងថា នឹងអាចរកឃើញភពស្រដៀងផែនដីយើងក្នុងចំនួនច្រើន តាមរយៈការគណនាដោយប្រើប្រាស់ ការវិភាគវែកញែកតាមគំរូម៉ូដែលខាងលើនេះ។ ប៉ុន្តែជាលទ្ធផលបានបង្ហាញផ្ទុយពីនេះថា តែ ១% ប៉ុណ្ណោះនៃចំនួនភព exoplanets ដែលត្រូវបានចាត់ចូលក្នុងចង្កោមភព ដែលស្រដៀងនឹងផែនដីនោះ គឺជា «Pale Blue Dot» ដូចផែនដី (Pale Blue Dot គឺជារូបភាពបង្ហាញអំពី ចំណុចបញ្ចេញពន្លឺពណ៌ខៀវស្រាល ដែលត្រូវបានយាន Voyager 1 ថតបានពីរយៈចម្ងាយ ៦ពាន់លានគីឡូម៉ែត្រ, ហើយនោះគឺជាភពផែនដី)។

Pale Blue Dot (រូបភាពពី NASA)

យ៉ាងណាក៏ដោយ នេះត្រឹមជាការសិក្សា និងវិភាគតាមរូបមន្តគណិតវិទ្យា ទៅលើភពនៅប្រព័ន្ធផ្កាយផ្សេងៗ ដែលអាចមានបុគ្គលិកលក្ខណៈ ស្ទើរតែដូចភពផែនដី ១០០% នោះប៉ុណ្ណោះ (ផ្ទៃដី ៣០% និងផ្ទៃទឹក ៧០%) ដោយមិនមែនជាការកំណត់ទៅលើ លទ្ធភាពនៃការកកើតជីវិតនោះឡើយ។ ក្រុមអ្នកស្រាវជ្រាវបានអះអាងថា ភពផែនដីបានរក្សាបរិមាណទឹកក្នុងរង្វង់ ៧០% និងផ្ទៃដីក្នុងរង្វង់ ៣០% បែបនេះ អស់រយៈកាល ២.៥ពាន់លានឆ្នាំមកហើយ។

សម្រាប់ ១% នេះគឺចង់សំដៅទៅលើភពដែលដូចនឹងផែនដីតែម្តង (ទឹក ៧០% និងផ្ទៃដី ៣០%) ហើយ ១% នេះទៀតសោតក៏ស្ថិតក្នុងចង្កោមនៃភពមួយផ្នែកតូច ដែលត្រូវបានចាត់ទុកថា ស្ថិតក្នុង Habitable Zone នោះ។ ឧទាហរណ៍ ភពនៅប្រព័ន្ធផ្កាយផ្សេងៗ (Exoplanets) ចំនួន ១០,០០០ ភព ត្រូវបានរកឃើញ ហើយក្នុងនោះ ១០០ ភព ស្ថិតក្នុងតំបន់ Habitable Zone, ដូច្នេះអត្រា ១% នៃ ១០០ ភព នោះប៉ុណ្ណោះ ដែលអាចជាភពមានទឹក ៧០% និងផ្ទៃដី ៣០% ដូចផែនដីយើង៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃអង្គារ ទី០៤ ខែតុលា ឆ្នាំ២០២២)

480×240 Banner