HOT NEWS: ទីបំផុត NASA «ជោគជ័យ» ក្នុងការផ្លាស់ប្តូរ ដំណើរគោចរអាចម៍ផ្កាយ Dimorphos (វីដេអូ)

780

(បរទេស)៖ យោងតាមការត្រួតពិនិត្យ និងវិភាគលើទិន្នន័យអស់រយៈពេល ២សប្តាហ៍ ក្រោយយានអវកាស DART បុកអាចម៍ផ្កាយ ដាយម័រហ្វូស (Dimorphos មានមុខកាត់ ១៦៣ម៉ែត្រ) ដែលត្រូវជាដៃគូ ឬយើងអាចហៅថា ជាព្រះចន្ទរបស់អាចម៍ផ្កាយ ឌីឌីម៉ូស (Didymos មានមុខកាត់ ៧៨០ម៉ែត្រ) នោះ ក្រុមការងារអង្គការ NASA បានអះអាងថា ពួកគេបានទទួលជោគជ័យក្នុងការផ្លាស់ប្តូរដំណើរគោចរ នៃអាចម៍ផ្កាយ Dimorphos នោះហើយ។ នេះ​ជា​លើក​ដំបូង​របស់​មនុស្សលោក ​ដែល​មានគោលដៅផ្លាស់ប្តូរ​ចលនា​របស់​វត្ថុ​អវកាស (អាចម៍ផ្កាយ) និងជា​ការ​បង្ហាញ​ពេញ​លេញ​ជា​លើក​ដំបូង​ នៃ​បច្ចេកវិទ្យាផ្លាស់ប្តូរដំណើរគោចរនៃ​អាចម៍ផ្កាយ។

HOT NEWS: ទីបំផុត NASA ប្រកាស «ជោគជ័យ» ក្នុងការផ្លាស់ប្តូរ ដំណើរគោចរអាចម៍ផ្កាយ Dimorphos
រំសាយកម្ទេចកម្ទីនៃអាចម៍ផ្កាយ Dimorphos ថតនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ (រូបថតដោយ Hubble របស់ NASA/ESA)

ប្រធានអង្គការ NASA លោក Bill Nelson បានថ្លែងនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ នេះថា «យើងទាំងអស់គ្នាមានភាពទទួលខុសត្រូវ ក្នុងកិច្ចការពារភពផែនដីរបស់យើង។ យ៉ាងណាមិញ ផែនដីជាភពតែមួយគត់ដែលយើងមាន។ បេសកកម្មនេះ ពិតជាបង្ហាញថា NASA កំពុងព្យាយាមក្នុងការត្រៀម ទប់ទល់អ្វីៗគ្រប់យ៉ាងទាំងអស់ ដែលចក្រវាលនេះគប់មកលើយើង។ NASA បានបង្ហាញរួចហើយថា មនុស្សលោកពិតជាចាត់ទុក កិច្ចការពារភពផែនដីនេះជារឿងចាំបាច់បំផុត។ នេះគឺជាពេលត្រូវលើកទឹកចិត្តសម្រាប់ការពារភពផែនដី និងមនុស្សជាតិទាំងអស់ ដែលបង្ហាញពីការប្តេជ្ញាចិត្ត នៃក្រុមការងារពិសេសរបស់ NASA និងដៃគូនានាមកពីជុំវិញពិភពលោក»

បេសកកម្ម DART (NASA)

គួរបញ្ជាក់ថា យាន DART របស់អង្គការ NASA ដែលមានតម្លៃខ្លួនជាង ៣០០លានដុល្លារអាមេរិក បានចល័តទៅបុកអាចម៍ផ្កាយ Dimorphos ដែលមានចម្ងាយ ១០លានគីឡូម៉ែត្រពីភពផែនដី កាលពីព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ (ម៉ោងនៅប្រទេសកម្ពុជា)។ មុនពេលត្រូវយាន DART បុកនោះ អាចម៍ផ្កាយ Dimorphos បានគោចរជុំវិញ Didymos មួយជុំប្រើប្រាស់ពេល ១១ម៉ោង និង ៥៥នាទី ប៉ុន្តែក្រោយការត្រួតពិនិត្យអស់ ២សប្តាហ៍ ក្រុមអ្នកជំនាញ NASA បានគណនាដឹងថា ដំណើរគោចររបស់ Dimorphos គឺកាន់តែលឿនជាងមុន ដោយបានថយចុះ ៣២នាទី មកនៅត្រឹម ១១ម៉ោង និង ២៣នាទីប៉ុណ្ណោះ។

អាចម៍ផ្កាយ Dimorphos មុនត្រូវយាន DART បុក (រូបភាពពី NASA)

បើតាម NASA តួលេខខាងលើនេះ មានភាពលម្អៀងតិចតួច ដោយអាចលើស ឬខ្វះគ្នាក្នុងថេរវេលា ២នាទីប៉ុណ្ណោះ។ ក្រុមការងារគ្រប់គ្រងបេសកកម្ម DART ពិតជាមានក្តីរំភើបរីកបន្ថែមទៀត ចំពោះសមិទ្ធផលដ៏ធំធេងនេះ ដោយពួកគេកំពុងធ្វើការត្រួតពិនិត្យបន្ត ដើម្បីយល់ដឹងអំពីឥទ្ធិពលពេញពេញ ដែលត្រូវបានជះលើគន្លងគោចរអាចម៍ផ្កាយទាំង ២ ខាងលើនេះ ដើម្បីធ្វើការសន្មត់ជាចុងក្រោយថា តើបេសកកម្មដូចជា DART នេះគួរតែត្រូវត្រៀមទុក ដើម្បីប្រើប្រាស់នៅពេលនៅថ្ងៃអនាគតដែរ ឬមួយក៏អត់ ក្នុងករណីដែលថ្ងៃមុខ យើងបានប្រទះឃើញអាចម៍ផ្កាយណាមួយ ហោះសំដៅមករកផែនដីយើងនោះ៕

ប្រែសម្រួល៖ ឥន្ទ វុត្ថា (Cambo Space)
ប្រភព៖ NASA (ថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០២២)

480×240 Banner