តើបណ្តុំពពកពណ៌ខៀវភ្លឺៗនោះជាអ្វី? (ថតបានពីស្ថានីយអវកាសអន្តរជាតិ) (វីដេអូ)

11,039

(បរទេស)៖ កាលពីឆ្នាំ ២០២១ កន្លងទៅនេះ អវកាសយានិកមួយរូបនៅលើ ស្ថានីយអវកាសអន្តរជាតិ (ISS) បានផ្តិតរូបភាពមួយសន្លឹក ទៅលើផ្ទៃភពផែនដីនាពេលរាត្រី ហើយក៏បានប្រទះឃើញ «បណ្តុំពពកពណ៌ខៀវភ្លឺៗ» ចំនួន ដោយមួយនៅក្រោម និងមួយទៀតនៅខាងស្តាំនៃរូបភាព។

 (Image credit: NASA Earth Observatory)

យោងតាមអ្នកជំនាញអង្គការ NASA រូបនេះត្រូវបានថតនៅពេល ISS ចល័តទៅលើ តំបន់ចុងសមុទ្រចិនខាងត្បូង (South China Sea) និងទើបត្រូវបានបញ្ចេញ នៅក្នុងខែតុលា ឆ្នាំ២០២២ នេះប៉ុណ្ណោះ។ វាមិនមែនជាអព្ភូតហេតុចម្លែកអ្វីនោះឡើយ តែមានកត្តា ដែលបានបង្កឲ្យមានចំណុចភ្លឺៗទាំងនោះឡើង។

តើបណ្តុំពពកពណ៌ខៀវភ្លឺៗនោះជាអ្វី? (ថតបានពីស្ថានីយអវកាសអន្តរជាតិ)

* សម្រាប់ចំណុចទី ១ ដែលស្ថិតនៅក្រោមរូបភាពនោះ គឺជាបណ្តុំពពកមានពន្លឺពណ៌ខៀវ ស្ថិតនៅពីលើឈូងសមុទ្រថៃ (Gulf of Thailand) ដែលជាចំណុចកើតមានផ្គររន្ទះ យ៉ាងខ្លាំក្លាបំផុតនៅពេលនោះ។ ជាធម្មតាផ្លេកបន្ទោរកើតមានលើផែនដី កម្រត្រូវបានមើលឃើញពីលើ ISS ណាស់ ប៉ុន្តែបាតុភូតនោះ បានបង្ហាញឲ្យអវកាសយានិកឃើញ និងថតបាន ព្រោះតែផ្លេកបន្ទោរនោះមានសកម្មភាពកញ្ជ្រោលខ្លាំង ឡើងមកដល់ស្រទាប់ពពកផ្នែកខាងលើ និងស្ថិតក្នុងចំនួនច្រើនផងដែរ។

 (Image credit: NASA Earth Observatory)

* សម្រាប់ចំណុចទី ២ ដែលស្ថិតនៅខាងស្តាំខ្ពស់បន្តិចនៃរូបភាពនោះ មិនមែនជាផ្គររន្ទះអ្វីឡើយ តែជាចំណាំងនៃពន្លឺរបស់ព្រះចន្ទ មកលើស្រទាប់បរិយាកាសភពផែនដី។ ព្រះចន្ទមិនអាចបញ្ចេញពន្លឺ ដោយខ្លួនឯងបានទេ តែអាចបង្កើតចំណាំងផ្លាតនៃពន្លឺព្រះអាទិត្យបាន ហើយពន្លឺនោះបានចាំងមកលើស្រទាប់បរិយាកាសផែនដី ដូចក្នុងរូបភាពនេះឯង។

(Image credit: NASA Earth Observatory)

គួរបញ្ជាក់ថា ពន្លឺដែលភ្នែកយើងអាចមើលឃើញនោះ ក៏មានប្រវែងរលក (wavelengths) ខុសៗគ្នាផងដែរ ដែលប៉ះពាល់ដល់អន្តរកម្មរបស់ពួកវា ពេលត្រូវជាមួយភាគល្អិត (particles) នៅក្នុងបរិយាកាសផែនដី។ ពន្លឺពណ៌ខៀវត្រូវបានគេដឹងថា មានរលកប្រវែងខ្លីជាងគេបំផុត ហើយក៏ងាយបែកសាចផងដែរ ហេតុដូច្នេះពេលពន្លឺព្រះចន្ទឆ្លងកាត់ ស្រទាប់បរិយាកាសផែនដី ក៏ប្រែទៅជាពណ៌ខៀវវិញ។ ដោយឡែកសម្រាប់ពន្លឺផ្ទេកបន្ទោរមានពណ៌ខៀវនោះ គឺជារឿងធម្មតាទៅហើយ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/NASA (ថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០២២)

480×240 Banner