HOT NEWS៖ ទីបំផុតយាន Curiosity ធ្វើដំណើរដល់កន្លែងសម្បូរ «អំបិល» លើភពអង្គារ (មានវីដេអូ)

1,111

(បរទេស)៖ អស់រយៈកាលជាង ១០ឆ្នាំ មកហើយ (បើគិតតាមពេលវេលាលើភពផែនដី) នៅក្នុងរណ្តៅយក្ស Gale Crater នៃភពអង្គារ (Mars) យាន Curiosity របស់អង្គការ NASA បានធ្វើដំណើរសន្សឹមៗលើផ្លូវដ៏វែងឆ្ងាយមួយ ហើយនៅទីបំផុតវាបានទៅដល់ តំបន់ដ៏ពិសេសមួយនៃភពក្រហមនោះ ដែលបានកកើតឡើង តាំងពីរាប់ពាន់លានឆ្នាំមុនមកម្ល៉េះ។

យាន Curiosity (រូបភាពពី NASA)

តំបន់ដែល Curiosity ទើបនឹងទៅដល់ និងផ្តិតបានរូបភាពដ៏អស្ចារ្យនោះ គឺជាទីប្រជុំភ្នំ ស្ថិតនៅតំបន់ទីទួល Mount Sharp ដែលសំបូរទៅដោយរ៉ែមានជាតិប្រៃ ឬជាធម្មតាយើងហៅថា «អំបិល» នោះឯង ដោយក្រុមអ្នកវិទ្យាសាស្ត្រគិតថា ត្រូវបានបន្សល់ទុកនៅទីនោះ ក្រោយសមុទ្ររបស់ភពអង្គាររីងហួត អស់រាប់ពាន់លានឆ្នាំមកហើយ។

HOT NEWS៖ ទីបំផុតយាន Curiosity ធ្វើដំណើរដល់កន្លែងសម្បូរ «អំបិល» លើភពអង្គារ (មានរូបភាព)
តំបន់ប្រជុំភ្នំដែល Curiosity ទើបទៅដល់ (រូបភាពពី NASA)

គួរបញ្ជាក់ថា សារធាតុរ៉ែប្រៃដែលស្ថិតនៅតំបន់ Mount Sharp នោះ ត្រូវបានផ្កាយរណបអង្គការ NASA ឈ្មោះ MRO (Mars Reconnaissance Orbiter) រកឃើញតាំងពីមុន Curiosity ចុះទៅដល់រណ្តៅយក្ស Gale Crater កាលពីឆ្នាំ ២០១២ នោះទៅទៀត។ យ៉ាងណាក៏ដោយ នៅពេលចុះទៅដល់ជាក់ស្តែង Curiosity បានមើលឃើញថា ដានលើស្រទាប់ថ្ម និងដី សុទ្ធតែជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់ថា ទីនោះធ្លាប់មានវត្តមាន «ទឹក»

ផែនទីរបស់រណ្តៅ Gale និងទីទួល Mount Sharp (រូបភាពពី NASA)

ក្រៅពីអំបិល, Curiosity ក៏បានរកឃើញសារធាតុរ៉ែសំខាន់ៗមួយចំនួនដូចជា ម៉ាញេស្យូម ស៊ុលហ្វាត (magnesium sulfate), កាល់ស្យូមស៊ុលហ្វាត (calcium sulfate), ហ្គីបស៊ូម (gypsum) និង សូដ្យូម ក្លរីដ (sodium chloride) ដែលអាចចម្រាញ់ចេញជា «អំបិល» សម្រាប់ធ្វើម្ហូបអាហារនោះឯង។

(រូបភាពពី NASA)

យាន Curiosity ក៏កំពុងជីកគាស់ដីនៅតំបន់នោះ ដើម្បីពិសោធន៍រកមើលអ្វីថ្មីៗផងដែរ។ វានឹងមិនមែនជាបេសកកម្ម ដ៏ងាយស្រួលនោះឡើយ ព្រោះភូមិសាស្ត្រនៃតំបន់ប្រជុំភ្នំនោះ មានលក្ខណៈស្មុគស្មាញ និងចំណុចខ្លះអាចបិទបាំងផ្ទៃមេឃ ដែលនាំឲ្យយាន Curiosity ត្រូវប្រុងប្រយ័ត្ន ដើម្បីធានាឲ្យបានថា អង់់តែនរបស់វានៅតែអាចចង្អុលមកកាន់ភពផែនដី និងបាញ់បញ្ជូនព័ត៌មានទៅដល់ផ្កាយរណប MRO ជាប់ជានិច្ច៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/NASA (ថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២)

480×240 Banner