ESA ថតទិដ្ឋភាពចម្លែកៗលើផ្ទៃព្រះចន្ទ Phobos ភពអង្គារ យ៉ាងកៀកបំំផុតមិនធ្លាប់មាន (មានរូបភាព)

192

(បរទេស)៖ ផ្កាយរណប Mars Express របស់អង្គការអវកាសអឺរ៉ុប ESA បានចល័តកៀកបំផុត មិនធ្លាប់មានទៅនឹងព្រះចន្ទ ហ្វូបូស (Phobos) នៃភពព្រះអង្គារ (Mars) ដើម្បីស្វែងយល់អំពីទិដ្ឋភាពចម្លែកៗ ដែលមិនទាន់មានការបកស្រាយ ហើយវាក៏ជាគន្លឹះដើម្បីយល់ដឹង អំពីការចាប់កំណើតរបស់ព្រះចន្ទ រាងដូចអាចម៍ផ្កាយមួយដុំនេះផងដែរ។

ការវិភាគលើព្រះចន្ទ Phobos (រូបភាពពី ESA)

ផ្កាយរណប Mars Express ដែលបានចល័តជុំវិញភពអង្គារ អស់រយៈពេល ១៩ឆ្នាំទៅហើយនោះ (បើគិតពីពេលវេលាលើផែនដី) បានចល័តទៅកៀកនឹងភពអង្គារបំផុត ៨៣គីឡូម៉ែត្រ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ហើយវាបានផ្តិតរូបភាពច្បាស់ៗមួយចំនួន បង្ហាញអំពីផ្ទៃដ៏ចម្លែក របស់ព្រះចន្ទ Phobos ដែលមានមុខកាត់ ២៧ គីឡូម៉ែត្រនោះ។

រូបថតព្រះចន្ទ Phobos កៀកបំផុត (រូបភាពពី ESA)

ផ្កាយរណប Mars Express អាចអង្កេតផ្ទៃព្រះចន្ទ Phobos បានកៀកបែបនេះ ក្រោយពីអង្គការ ESA ទើបបានបង្កើនសមត្ថភាព (Update) កម្មវិធីឲ្យឧបករណ៍ MARSIS (ប្រព័ន្ធរ៉ាដាអង្កេតផ្ទៃវត្ថុអវកាស និងសំឡេង) កាលពីពេលថ្មីៗនេះ។ អ្នកវិទ្យាសាស្ត្រមួយរូប មកពីវិទ្យាស្ថានតារាសាស្ត្រជាតិ នៃប្រទេសអ៊ីតាលី INAF បានអះអាងថា ការយល់ដឹងអំពីរចនាសម្ព័ន្ធផ្ទៃក្នុងរបស់ Phobos នឹងអាចឲ្យយើងវិភាគដឹងអំពី ដើមកំណើតនៃព្រះចន្ទនេះបាន។

ESA ថតទិដ្ឋភាពចម្លែកៗលើផ្ទៃព្រះចន្ទ Phobos ភពអង្គារ យ៉ាងកៀកបំំផុតមិនធ្លាប់មាន (មានរូបភាព)
ផ្កាយរណប Mars Express (រូបភាពពី ESA)

គួរបញ្ជាក់ថា ព្រះចន្ទ Phobos និង ដីម៉ូស (Deimos មុខកាត់ ១៥គីឡូម៉ែត្រ) របស់ភពអង្គារ មើលទៅមានទម្រង់ដូចជាអាចម៍ផ្កាយប៉ុណ្ណោះ។ ពីមុនមក ក្រុមអ្នកវិទ្យាសាស្ត្រធ្លាប់បានសន្និដ្ឋានថា ពួកវាទាំងពីរនេះ គឺអាចជាអាចម៍ផ្កាយ ដែលមានប្រភពមកពីតំបន់ ខ្សែក្រវាត់អាចម៍ផ្កាយ (Asteroid Belt) ស្ថិតនៅចន្លោះរវាងភពអង្គារ និងភពព្រហស្បតិ៍ (Jupiter) ដែលត្រូវបានកម្លាំងទំនាញភពអង្គារបង្ខាំងទុក។

ព្រះចន្ទ Phobos (ធំ) និង Deimos (តូច) (រូបភាពពី ESA)

ទោះជាបែបនេះក្តី ក្រោយការអង្កេតអស់ជាច្រើនឆ្នាំ ក្រុមអ្នកវិទ្យាសាស្ត្របានបកស្រាយថា ទាំង Phobos និង Deimos សុទ្ធតែគោចរក្នុងគន្លងពីលើខ្សែអេក្វាទ័ររបស់ភពអង្គារ ហើយក៏មានរង្វង់គោចរជារង្វង់មូល (circular) ដ៏ល្អឥតខ្ចោះថែមទៀត។ តើ Phobos និង Deimos ជាអាចម៍ផ្កាយដែលត្រូវបានភពអង្គារឃាត់ទុក ឬជាព្រះចន្ទដែលត្រូវបានបង្កើតឡើង ដោយវត្ថុអវកាសប៉ះទង្គិចភពអង្គារ? នេះជាសំនួរដែលក្រុមអ្នកវិទ្យាសាស្ត្រ កំពុងស្វែងរកចម្លើយ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/ESA (ថ្ងៃអង្គារ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២២)

480×240 Banner