តោះ! មកស្គាល់ភពតូចៗទាំង «៥» ដែលត្រូវគេមើលរំលង នៅចុងប្រព័ន្ធព្រះអាទិត្យ (មានវីដេអូ)

570

(បរទេស)៖ កាលពីអំលុងខែសីហា ឆ្នាំ ២០០៦ ភ្លូថូភ្លុយតុង (Pluto) ត្រូវបានដកឈ្មោះចេញពី ក្រុមភពផ្លូវការនៃប្រព័ន្ធព្រះអាទិត្យ ក្រោយពីត្រូវបានរកឃើញ និងដាក់បញ្ចូលជាភពទី ជាលើកដំបូងកាលពីឆ្នាំ ១៩៣០។ ហើយនៅឆ្នាំ ២០០៦ នោះ ក៏ជាពេលដែលយានអវកាស New Horizons របស់អង្គការ NASA ត្រូវបានបាញ់បញ្ជូន ចេញពីភពផែនដី ដើម្បីសំដៅទៅកាន់ភព Pluto នោះផងដែរ (New Horizons បានទៅដល់ Pluto នៅខែកក្កដា ឆ្នាំ២០១៥)។

ហេតុអ្វី Pluto ត្រូវបានដកចេញពីក្រុមភពផ្លូវការ? សម្រាប់កត្តាចម្បងៗ ដែលបាននាំឲ្យសហភាពតារាសាស្ត្រអន្តរជាតិ (International Astronomical Union ហៅកាត់ថា IAU) ដកឈ្មោះ Pluto ចេញនោះ គឺព្រោះតែភពមិនពេញលក្ខណៈ ឬដែលគេនិយមហៅថា «ភពតឿ» (Dwarf Planet) មួយនេះ មិនអាចបំពេញតាមលក្ខខណ្ឌ ១ ក្នុងចំណោមលក្ខណៈធំៗ ៣ ចំណុចដែល IAU កំណត់ឲ្យភពមួយអាចពេញលក្ខណៈបានដូចជា៖

* ទី១៖ ភពនោះត្រូវតែមានគន្លងគោចរជុំវិញព្រះអាទិត្យ

* ទី២៖ ភពនោះត្រូវតែមានម៉ាស (mass) គ្រប់គ្រាន់ ដែលអាចធ្វើឲ្យខ្លួនវាមានរាងមូល

* ទី៣៖ ភពនោះត្រូវតែមានឥទ្ធិពលទៅលើវត្ថុអវកាសនៅជុំវិញ ដោយកម្លាំងទំនាញរបស់ខ្លួន ពេលគោចរជុំវិញព្រះអាទិត្យ ឬជាសមត្ថភាពនៃការស្រូបទាញ ឬរុញច្រានវត្ថុតូចៗនានានៅក្នុងគន្លងគោចរ។

ភពផ្លូវការទាំង ៨ នៃប្រព័ន្ធព្រះអាទិត្យ (រូបភាពពីបរទេស)

សម្រាប់ចំណុចដែល Pluto គ្មាននោះគឺ «ទី៣»។ ហេតុដូច្នេះទើប IAU សម្រេចដកភពនេះ ចេញពីក្រុមភពផ្លូវការ ដែលបាននាំឲ្យភពផ្លូវការនៅសល់តែចំនួនភពប៉ុណ្ណោះ កាលពីឆ្នាំ២០០៦ ហើយបន្ទាប់មក Pluto ត្រូវបានផ្តល់ឋានៈត្រឹមជា Dwarf Planet វិញ។ នេះអាចត្រូវបានចាត់ទុក ជាទង្វើសមហេតុផលមួយ ព្រោះបើក្រុមតារាវិទូសម្លឹងមើល ទៅលើតំបន់ចុងប្រព័ន្ធព្រះអាទិត្យ ឬខ្សែក្រវាត់អាចម៍ផ្កាយ ខៃភើ (Kuiper Belt) មានវត្ថុអវកាសផ្សេងទៀត មានទំហំប្រហាក់ប្រហែលនឹង Pluto ត្រូវបានរកឃើញ។

មកស្គាល់ភពតូចៗទាំង «៥» ដែលត្រូវគេមើលរំលង នៅក្នុងចុងប្រព័ន្ធព្រះអាទិត្យយើង (ស្វែងយល់)
រូបតំណាងនៃតំបន់ចុងប្រព័ន្ធព្រះអាទិត្យ (រូបភាពពីបរទេស)

ខាងក្រោមនេះជាឈ្មោះ និងបុគ្គលិកលក្ខណៈរបស់ភពមិនពេញលក្ខណៈ (ភពតឿៗ) ទាំង ៥ ដែលស្ថិតនៅចុងប្រព័ន្ធព្រះអាទិត្យយើង ដោយយើងរាប់បេក្ខភាពតូចជាងគេមុន៖

៥៖ មេកមេក (Makemake)៖ ជា Dwarf Planet មានរាងមូលល្អ និងត្រូវបានរកឃើញនៅខែមីនា ឆ្នាំ២០០៥។ វាមានប្រវែងអង្កត់ផ្ចិត ១,៤៣០គីឡូម៉ែត្រ និងគោចរជុំវិញព្រះអាទិត្យមួយជុំព្រះអាទិត្យ (ស្មើនឹង១ឆ្នាំរបស់ Makemake) ប្រើពេល ៣០៥ឆ្នាំ (នៃពេលវេលាលើផែនដី) ជាមួយនិងគម្លាតជាមធ្យម ៦.៨៤ពាន់លានគីឡូម៉ែត្រពីព្រះអាទិត្យ។ Makemake ក៏មានព្រះចន្ទផ្ទាល់ខ្លួនមួយផងដែរមានឈ្មោះថា MK 2 ដែលមានអង្កត់ផ្ចិត ១៦០គីឡូម៉ែត្រ។

រូបភាព makemake ក្នុងការវិភាគ (រូបភាពពី NASA)

៤៖ ហមៀ (Haumea)៖ ជា Dwarf Planet មានរាងដូចបាល់នៃកីឡា Football នៅសហរដ្ឋអាមេរិក និងត្រូវបានរកឃើញនៅខែធ្នូ ឆ្នាំ២០០៤។ អ្វីដែលពិសេសនោះ គឺដឹងថា Haumea មានព្រះចន្ទតូចៗ ២ គោចរជុំវិញវាផងដែរ។ វាមានមុខកាត់បណ្តោយប្រវែង ១,៩២០គីឡូម៉ែត្រ និងមុខកាត់ទទឹងប្រវែង ៩៩០គីឡូម៉ែត្រ ដោយធ្វើដំណើរមួយជុំព្រះអាទិត្យ ប្រើប្រាស់ពេល ២៨៤ឆ្នាំ (នៃពេលវេលាលើភពផែនដី) ជាមួយនិងគម្លាតជាមធ្យម ៦.៤៥ពាន់លានគីឡូម៉ែត្រពីព្រះអាទិត្យ។

រូបភាព Haumea ក្នុងការវិភាគ (រូបភាពពី NASA)

៣៖ ហ្គងហ្គង (Gonggong) ឬឈ្មោះដើមហៅថា 2007 OR10៖ ជា Dwarf Planet មានរាងមូល និងត្រូវបានរកឃើញកាលពីខែកក្កដា ឆ្នាំ២០០៧។ វាមានអង្កត់ផ្ចិតប្រវែង ១,៥៣៥គីឡូម៉ែត្រ និងគោចរមួយជុំព្រះអាទិត្យ ប្រើប្រាស់ពេល ៥៥៤ឆ្នាំ (នៃពេលវេលាលើភពផែនដី) ជាមួយនិងគម្លាតជាមធ្យមជាង ១០ពាន់លានគីឡូម៉ែត្រ ពីព្រះអាទិត្យ។ Gonggong ក៏មានព្រះចន្ទផ្ទាល់ខ្លួនមួយផងដែរ ឈ្មោះ ហ្សាំងលីវ (Xiangliu) ដែលមានអង្កត់ផ្ចិត ១០០គីឡូម៉ែត្រ។

រូបភាព Gonggong ក្នុងការវិភាគ (រូបភាពពី NASA)

២៖ អឺរីស (Eris)៖ ជា Dwarf Planet មានរាងមូល និងត្រូវបានរកឃើញនៅខែមករា ឆ្នាំ២០០៥។ ពីដំបូងឡើយវាត្រូវបានគណនាថា មានទំហំធំជាងភព Pluto បន្តិច តែក្រោយការគណនាយ៉ាងលម្អិតបន្ថែមបានបង្ហាញថា វាមានអង្កត់ផ្ចិត ២,៣២៦គីឡូម៉ែត្រ តូចជាងភព Pluto បន្តិចវិញ។ វាស្ថិតនៅចម្ងាយជាមធ្យមជាង ១០ពាន់លានគីឡូម៉ែត្រពីព្រះអាទិត្យ និងចំណាយពេល ៥៥៨ឆ្នាំ (នៃពេលវេលាលើផែនដី) ដើម្បីគោចរជុំវិញព្រះអាទិត្យមួយជុំ ឬដែលយើងអាចហៅថា ១ឆ្នាំរបស់វានោះ។ Eris ក៏មានព្រះចន្ទមួយផងដែរឈ្មោះ Dysnomia ដែលមានអង្កត់ផ្ចិត ៦០០គីឡូម៉ែត្រ។

រូបភាព Eris ក្នុងការវិភាគ (រូបភាពពី NASA)

១៖ ភ្លូថូ ឬភ្លុយតុង (Pluto)៖ ជា Dwarf Planet មានរាងមូល និងត្រូវបានរកឃើញនៅក្នុងខែកុម្ភៈ ឆ្នាំ១៩៣០។ ភ្លូថូ គឺជាភពតឿដែលមានទំហំធំជាងគេទាំងអស់ក្នុងបញ្ជី ជាមួយនិងអង្កត់ផ្ចិត ២,៣៧៤គីឡូម៉ែត្រ និងមានគម្លាតជាមធ្យម ៦ពាន់លានគីឡូម៉ែត្រពីព្រះអាទិត្យ។ Pluto ប្រើពេល ២៤៨ឆ្នាំ (នៃពេលវេលាលើផែនដី) ដើម្បីគោចរជុំវិញព្រះអាទិត្យមួយជុំ។ តែកុំភ្លេច, Pluto ក៏មានព្រះចន្ទធំមួយផ្ទាល់ខ្លួនផងដែរ (ខ្លះហៅវាថាជាភពភ្លោះ)។ វាមានឈ្មោះថា ព្រះចន្ទ ឆារ៉ុន (Charon) ដែលមានកាំប្រវែង ៦០៦គីឡូម៉ែត្រ ខណៈព្រះចន្ទមួយចំនួនទៀតរបស់ Pluto មើលទៅដូចជាអាចម៍ផ្កាយប៉ុណ្ណោះ។

រូបពិតនៃ Pluto និង​ Charon ថតដោយយានអវកាស New Horizons (រូបភាពពី NASA)

គួរបញ្ជាក់ថា ក៏មាន Dwarf Planets មួយចំនួនទៀតផងដែរ ដែលសុទ្ធសឹងមានទំហំធំៗ ក្នុងនោះមានដូចជា ស៊ីរែស (Ceres ស្ថិតក្នុងតំបន់ខ្សែក្រវ៉ាត់អាចម៍ផ្កាយ Asteroid Belt ជាមួយនឹងអង្គត់ផ្ចិត ៩៤៦គីឡូម៉ែត្រ), ហ្វាអោត (Far-out) (អង្កត់ផ្ចិត ៥០០គីឡូម៉ែត្រ), វែស្តា (អង្កត់ផ្ចិត ៥២៥.៤គីឡូម៉ែត្រ) ប៉ុន្តែ Dwarf Planets ទាំង ៥ ខាងលើនេះ ត្រូវចាត់ទុកថាពិសេសជាងគេ ព្រោះតែពួកវាសុទ្ធតែមានទំហំមុខកាត់ ចូលដល់ខ្ទង់ពាន់គីឡូម៉ែត្រឡើងទៅ៕

រៀបរៀង និងប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA/SPACE/IAU (ថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២)

480×240 Banner