ផ្កាយរណបចាប់់បានសកម្មភាព «ភ្នំភ្លើងផ្ទុះ» នៅកោះហាវ៉ៃ (មានរូបភាព)

218

(ហាវ៉ៃ)៖ ភ្នំភ្លើងសកម្មធំបំផុតនៅលើភពផែនដីគឺ Mauna Loa ដែលស្ថិតនៅលើកោះហាវ៉ៃ (Hawaii) កណ្តាលមហាសមុទ្រប៉ាស៊ីហ្វិកនោះ បានផ្ទុះឡើងយ៉ាងកក្រើកបំផុត ក្រោយពីបានស្ងប់ស្ងាត់អស់រយៈពេល ៣៨ឆ្នាំ កាលពីវេលាម៉ោង ៤៖៣០នាទីទាបភ្លឺថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ (ម៉ោងនៅហាវ៉ៃ)។

ផ្កាយរណបចាប់់បានសកម្មភាព «ភ្នំភ្លើងផ្ទុះ» នៅកោះហាវ៉ៃ (មានរូបភាព)
កម្អែរភ្នំភ្លើង Mauna Loa (រូបភាពពី CBS)

បន្ទុះភ្នំភ្លើងខាងលើនេះបាននាំឲ្យមានកម្ទេចផេះ និងឧស្ម័នពុលយ៉ាងសម្បើមជះឡើងទៅកាន់ផ្ទៃអាកាស ហើយនៅជុំវិញមាត់ភ្នំភ្លើងក៏មានកម្អែរហូរពាសពេញផងដែរ។ បើតាមអាជ្ញាធរសហរដ្ឋអាមេរិកឲ្យដឹងថា គ្មានប្រជាជនណាម្នាក់រងគ្រោះ នៅក្នុងគ្រោះធម្មជាតិនេះឡើយ។

ផែនទីនៃតំបន់ភ្នំភ្លើង Mauna Loa (រូបភាពពី Independent)

ព្រឹត្តិការណ៍ខាងលើនេះ ក៏ត្រូវបានផ្កាយរណបនៃរដ្ឋបាលអាកាសធាតុ និងមហាសមុទ្រជាតិ (NOAA) របស់សហរដ្ឋអាមេរិកផ្តិតបានផងដែរ ដើម្បីស្វែងយល់អំពីឥទ្ធិពលដែលភ្នំភ្លើងមួយនេះអាចបង្កឡើង នៅពេលវាផ្ទុះនោះ។ កាមេរ៉ានៅផ្កាយរណប GOES បានផ្តិតយកសកម្មភាពភ្នំភ្លើងផ្ទុះ នៅលើកោះ Big Island (ជាកោះធំជាងគេ) ដែលស្ថិតនៅភាគឦសាននៃប្រជុំកោះ ហាវ៉ៃ

សកម្មភាពភ្នំភ្លើងផ្ទុះថតបានដោយផ្កាយរណប (រូបភាពពី NOAA)

តាមរយៈវីដេអូពីផ្កាយរណប GOES គេអាចឃើញផ្ទៃមេឃឡើងពណ៌ក្រហមមួយភ្លែត នៅពេលដែលភ្នំភ្លើង Mauna Loa ផ្ទុះឡើង។ ទោះបីជាកម្អែរមិនបានបង្កការគំរាមកំហែង ដល់សហគមន៍នៅក្បែរខាងនោះក្តី ក៏អាជ្ញាធរនៅតែចេញសេចក្តីព្រមាន អំពីស្ថានភាពអាចប្រែប្រួលយ៉ាងឆាប់រហ័ស ដោយមិនអាចព្យាករណ៍ទុកមុនផងដែរ៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ SPACE (ថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២)

480×240 Banner