៧ ធ្នូ ១៩៧២៖ យាន Apollo 17 ដឹកមនុស្សទៅជាន់ឋានព្រះចន្ទ ជាលើកចុងក្រោយ (មានវីដេអូ)
(បរទេស)៖ គិតត្រឹមថ្ងៃពុធ ទី០៧ ខែធ្នូ ឆ្នាំ២០២២ នេះ គឺមានរយៈពេល ៥០ឆ្នាំហើយ ដែលបេសកកម្ម Apollo 17 បានដឹកក្រុមអវកាសយានិកចាកចេញពីផែនដី ទៅជាន់ដីឋានព្រះចន្ទជាលើកចុងក្រោយ សម្រាប់បេសកកម្ម Apollo ជារួមរបស់អង្គការ NASA នោះ។

យានអវកាស Apollo 17 បានចាកចេញពីភពផែនដី នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ១៩៧២ និងបានទៅដល់គន្លងគោចរជុំវិញឋានព្រះចន្ទ នៅរយៈពេល ៣ថ្ងៃបន្ទាប់។ យាន Challenger ជាមួយជើងទម្រដែលស្ថិតនៅជាប់យានធំ Apollo 17 ត្រូវបានផ្តាច់ខ្លួនចេញ និងបញ្ជាឲ្យចុះថតលើតំបន់មួយនៃផ្ទៃព្រះចន្ទមានឈ្មោះថា Mare Serenitatis ឬ Sea of Serenity អមដោយរថយន្តទុកបរលើឋានព្រះចន្ទឈ្មោះ «LRV»។

នៅក្នុងបេសកកម្ម Apollo 17 នោះដែរមានអវកាសយានិកសរុប ៣ រូបដូចជា៖ លោក Gene Cernan (ជាមេបញ្ជាការរួម), លោក Harrison Schmitt (ជាអ្នកបញ្ជាយាន Challenger ចុះចតលើព្រះចន្ទ) និង Ronald Evans ជាអ្នកស្ថិតនៅលើយាន Apollo 17 ដែលស្ថិតក្នុងគន្លងគោចរជុំវិញព្រះចន្ទ។

សម្រាប់អ្នកដែលបានជិះយាន Challenger ចុះមកកាន់ផ្ទៃព្រះចន្ទនោះមាន ២ រូបគឺលោក Harrison Schmitt និងលោក Gene Cernan។ អ្នកទាំងពីរបានក្លាយជាបុរសចុងក្រោយ ដែលបានជាន់ដីព្រះចន្ទ និងស្ថិតនៅទីនោះអស់រយៈពេល ៧៥ម៉ោង ខណៈលោក Schmitt ក៏បានជាប់នាមដ៏ពិសេសមួយទៀតផងដែរ នោះគឺជាអ្នកវិទ្យាសាស្ត្រដំបូងគេ ដែលបានជាន់ដីព្រះចន្ទ។

គួរបញ្ជាក់ថា បេសកកម្ម Apollo 17 បានផ្តិតរូបភាពសរុបជាង ២,០០០សន្លឹក និងនាំយកដី-ថ្មរបស់ព្រះចន្ទទម្ងន់ ១១០គីឡូក្រាម ត្រលប់មកភពផែនដីវិញ ហើយនៅក្នុងនោះក៏រួមមានថ្មមួយដុំ ដែលក្រុមអ្នកវិទ្យាសាស្ត្រអះអាងថា មានអាយុកាលរហូតដល់ ៤.២ពាន់លានឆ្នាំ និងជាភស្តុតាងបញ្ជាក់ថា ព្រះចន្ទកាលពីអតីតកាលក៏ធ្លាប់មានដែនម៉ាញេទិច ដូចភពផែនដីបច្ចុប្បន្ននេះដែរ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/NASA
