អូស្ត្រាលី៖ ការរកឃើញគ្រោងឆ្អឹងសត្វ Plesiosaur អាយុកាល «១០០លានឆ្នាំ» អាចជាគន្លឹះដ៏សំខាន់ (មានវីដេអូ)

1,284

(បរទេស)៖ ក្រុមបុរាណវិទូអូស្ត្រាលីដែលបានធ្វើកំណាយ និងប្រទះឃើញហ្វូស៊ីល (Fossil) ជាប្រភេទគ្រោងឆ្អឹងរបស់អំបូរសត្វ ភ្លីស៊ីអូស័រ (Plesiosaur) បន្សល់ទុកតាំងពី ១០០លានឆ្នាំមុន ដែលជាប្រភេទសត្វរស់នៅក្នុងជំនាន់ដាយណូស័រ បានអះអាងថា វានឹងអាចផ្តល់ជាគន្លឹះដ៏សំខាន់ ក្នុងការសិក្សាស្វែងយល់អំពីជីវិត នៅក្នុងសម័យកាលនោះ។

គ្រោងឆ្អឹងនៃ Plesiosaur (រូបភាពពី Queensland Museum)

គ្រោងឆ្អឹងរបស់សត្វ Plesiosaur ឬដែលគេអាចហៅបានម្យ៉ាងទៀតថា អេឡាស្មូស័រ (elasmosaur) មានបណ្តោយប្រវែង ម៉ែត្រនេះ គឺជាប្រភេទសត្វរស់នៅក្នុងទឹក និងមានកវែងអន្លាយ។ ការធ្វើកំណាយ និងរកឃើញនេះ គឺជាស្នាដៃរបស់ក្រុមបុរាណវិទូ ដែលមានជំនាញខាងស្រាវជ្រាវរកហ្វូស៊ីល ស្ថិតនៅរដ្ឋ ឃ្វីនស៍លែនដ៍ (Queensland) កាលពីខែសីហា ឆ្នាំ២០២២។

អូស្ត្រាលី៖ ការរកឃើញគ្រោងឆ្អឹងសត្វ «Plesiosaur» អាយុកាល «១០០លានឆ្នាំ» អាចជាគន្លឹះដ៏សំខាន់
ផ្នែកក្បាល និងធ្មេញនៃ Plesiosaur (រូបភាពពី Queensland Museum)

ក្រុមអ្នកជំនាញមកពីសារមន្ទីរ ឃ្វីសន៍លែនដ៍ (Queensland Museum) បានអះអាងថា ពួកគេមិនដែលប្រទះឃើញគ្រោងឆ្អឹង Plesiosaur ណា ដែលអាចរក្សាបានមួយតួខ្លួនបែបនេះឡើយ ព្រោះយើងបានដឹងហើយថា Plesiosaur មានកវែងស្មើនឹង ២ ភាគ ៣ នៃតួខ្លួនរបស់វាទៅហើយ។ ការរកឃើញហ្វូស៊ីលជាគ្រោងឆ្អឹង Plesiosaur កន្លងមក តែងតែមិនមានជាប់ជាមួយនូវឆ្អឹងក និងក្បាល (រួមទាំងធ្មេញ) នោះឡើយ។

ក្រុមជំនាញនៃ Queensland Museum (រូបភាពពី Queensland Museum)

ហេតុដូច្នេះទើបក្រុមអ្នកវិទ្យាសាស្ត្រមានក្តីរំភើប និងចាត់ទុកនេះជាការរកឃើញ ដែលកំពុងផ្តល់ជាគន្លឹះសំខាន់បំផុត នៅក្នុងការសិក្សាស្វែងយល់ អំពីជីវិតរបស់អំបូរសត្វ Plesiosaur ដែលត្រូវបានគេអះអាងថា មានវត្តមាននៅក្នុងដែនសមុទ្រ អេរ៉ូមែងហ្គា (Eromanga Sea) កាលពី ១៥០លានឆ្នាំមុន ជាសមុទ្រមានជម្រៅប្រមាណ ៥០ម៉ែត្រ ដែលធ្លាប់មានវត្តមាននៅលើផ្ទៃដីអូស្ត្រាលីនោះ។

Plesiosaur គឺជាប្រភេទសត្វស៊ីសាច់ជាអាហារ (Carnivores ឬ មំសាសី) ដោយការចាប់សត្វត្រី និងសត្វហែលក្នុងទឹកឯទៀតជាចំណី ហើយពេលខ្លះវាក៏បានក្លាយជាអាហារ សម្រាប់សត្វដែលសាហាវ និងធំជាងវាផងដែរ។ យោងតាមការគណនាកន្លងមក អំបូរសត្វនេះមានវត្តមានលើភពផែនដីចាប់ពី ២០៨.៥លានឆ្នាំ ទៅ ៦៦លានឆ្នាំមុន។ បែបនេះក៏មានន័យថា ពួកវាក៏បានផុតពូជដំណាលនឹងពពួកដាយណូស័រលើគោកដែរ៕

រូបរាង Plesiosaur ក្នុងការវិភាគ (Image Credit: NPS illustration)

គួរបញ្ជាក់ថា ការស្រាវជ្រាវរកឃើញខាងលើនេះ គឺបន្ថែមពីលើការរកឃើញធំៗមួយចំនួនដូចជា គ្រោងឆ្អឹងដាយណូស័រ ដែលមានទំហំធំបំផុត និងត្រូវបានដាក់ឈ្មោះថា ឃូពើ (Cooper) រកឃើញតាំងពីឆ្នាំ២០០៧ និងការរកឃើញដាននៃ សត្វស្លាប ធែរ៉ូស័រ (pterosaur) ដែលធ្លាប់បានហោះហើរលើដែនដីអូស្ត្រាលី កាលពី ១០៥លានឆ្នាំមុន៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ CNN (ថ្ងៃព្រហស្បតិ៍ ទី០៨ ខែធ្នូ ឆ្នាំ២០២២)

480×240 Banner