ចិនជោគជ័យមុនគេក្នុងការដាំដុះ និងប្រមូលផល «ស្រូវ» នៅទីអវកាស!
(ប៉េកាំង)៖ យានអវកាស ហ្សិនចូវ ១៤ (Shenzhou-14) បានត្រលប់មកកាន់ភពផែនដីវិញ កាលពីថ្ងៃអាទិត្យ ០៤ ខែធ្នូ ឆ្នាំ២០២២ (ម៉ោងនៅប៉េកាំង) ជាមួយនិងទំនិញដ៏អស្ចារ្យមួយចំនួនដូចជា គំរូ (sample) ផ្នែកជីវសាស្ត្រចំនួន ៣ ហើយក្នុងនោះក៏មានគ្រាប់ពូជស្រូវ ដែលត្រូវបានដាំដុះ នៅក្នុងស្ថានីយអវកាសរបស់ខ្លួនផងដែរ។

វាជាជោគជ័យធំបំផុតរបស់ចិន និងជាលើកទី ១ សម្រាប់ប្រវត្តិសាស្ត្រមនុស្សជាតិ ក្នុងការនាំយកពូជស្រូវទៅធ្វើការដាំដុះ និងប្រមូលផលនៅក្នុងស្ថានីយអវកាស Tiangong ដែលស្ថិតនៅរយៈកម្ពស់ ៤២៥គីឡូម៉ែត្រពីផ្ទៃដី។ ក្រុមអវកាសយានិក និងអ្នកវិទ្យាសាស្ត្រចិនបានប្រើប្រាស់ពេល ១២០ថ្ងៃ ដើម្បីដាំដុះ និងប្រមូលផលស្រូវ តាមរយៈពូជដែលនាំយកទៅពីភពផែនដី។

យោងតាមក្រុមអ្នកវិទ្យាសាស្ត្រចិនបានអះអាងថា ស្រូវដែលត្រូវបានដាំដុះនៅទីអវកាស គឺមានលក្ខណៈខុសពីស្រូវធម្មតា (ដែលត្រូវបានដាំលើដីនៃភពផែនដី)។ ពួកគេបានគូសបញ្ជាក់ថា ស្រូវអាចរីកលូតលាស់បានធំ និងលឿននៅក្នុងបន្ទប់ស្ថានីយអវកាស ជាងស្រូវដែលដាំដុះលើដីធម្មតា។

ស្រូវអង្ករ គឺជាអាហារដ៏ចាំបាច់បំផុត ដែលបាននិងកំពុងចិញ្ចឹមមនុស្សជិតពាក់កណ្តាល នៃចំនួនមនុស្សសរុបលើផែនដី ប្រមាណ ៨ពាន់លាននាក់។ ចិនកំពុងធ្វើការពិសោធន៍ទាំងអស់នេះ ក្នុងគោលដៅរិះរកវិធីសាស្ត្រដាំដុះដំណាំ ប្រកបដោយនិរន្តរភាពក្នុងទីអវកាស ដើម្បីទ្រទ្រង់ដល់បេសកកម្មរយៈពេលយូរ ឬការធ្វើដំណើរទៅកាន់ ទីអវកាសឆ្ងាយៗនាពេលអនាគត។

គួរបញ្ជាក់ថា បន្ទប់ (Capsule) នៃបេសកកម្ម Shenzhou-14 ត្រូវបានទម្លាក់ចុះមកកាន់ភពផែនដីវិញ ជាមួយនឹងអវកាសយានិកចិន ៣រូបនៅក្នុងនោះ ក្រោយពីបានបំពេញបេសកកម្មរយៈពេល ៦ខែ នៅលើស្ថានីយអវកាសផ្ទាល់ខ្លួនរបស់ចិន៕






ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព និង Image Credit៖ CGTN/PandaPaws (ថ្ងៃសុក្រ ទី០៩ ខែធ្នូ ឆ្នាំ២០២២)
