សេដ្ឋីជប៉ុនលោក Maezawa ជ្រើសរើសតារាកូរ៉េ TOP និង DJ Steve Aoki ឲ្យរួមដំណើរលើយាន SpaceX ទៅកាន់ព្រះចន្ទ!

460

(ត្យូក្យូ)៖ មហាសេដ្ឋីជប៉ុនលោក យូសាគុ ម៉ាអ៊ិសាវ៉ា (Yusaku Maezawa) បានប្រកាសនៅថ្ងៃសុក្រ ទី០៩ ខែធ្នូ ឆ្នាំ២០២២ នេះថា តារាចម្រៀងកូរ៉េលោក TOP និង DJ Steve Aoki ក៏ស្ថិតនៅក្នុងចំណោមមនុស្សទាំង ០៨នាក់ ដែលត្រូវជិះយានអវកាសរបស់ក្រុមហ៊ុន SpaceX នៃមហាសេដ្ឋីអាមេរិកលោក Elon Musk ទៅកាន់ឋានព្រះចន្ទផងដែរ។

(រូបភាពពីបរទេស)

បើតាមគម្រោង, បេសកកម្មរបស់ SpaceX ក្នុងការធ្វើដំណើរចាកចេញពីផែនដី ដើម្បីសំដៅទៅគោចរកម្សាន្តនៅជុំវិញឋានព្រះចន្ទនោះ នឹងអាចកើតឡើងឆាប់បំផុតនៅឆ្នាំ ២០២៣។ សេចក្តីប្រកាសនេះត្រូវបានធ្វើឡើង នៅក្នុងគណនី Twitter របស់លោក Maezawa ផ្ទាល់ ដោយលោកបានដាក់កំណត់សម្គាល់់ថា #dearMoon Project

លោក Maezawa អាយុ ៤៧ឆ្នាំ ក៏ធ្លាប់បានបញ្ជាក់ផងដែរថា សេចក្តីប្រកាសរបស់លោក ដែលចង់ជ្រើសរើសដៃគូ ទៅធ្វើដំណើរកម្សាន្តនៅជុំវិញព្រះចន្ទនោះ បានទទួលពាក្យសុំចូលរួមរហូតដល់ទៅ «១លាននាក់» ឯណោះនៅទូទាំងពិភពលោក។

សេដ្ឋីជប៉ុនលោក Maezawa ជ្រើសរើសតារាកូរ៉េ TOP និង DJ Steve Aoki ឲ្យរួមដំណើរលើយាន SpaceX ទៅកាន់ព្រះចន្ទ!

សម្រាប់តារាចម្រៀង និងសម្តែងកូរ៉េខាងត្បូងលោក TOP ដែលបានបែកបាក់ពីក្រុម Big Bang ទៅហើយនោះវិញ មានឈ្មោះដើមថា Choi Seung Hyun គឺត្រូវបានជ្រើសរើស រួមជាមួយលោក Aoki ជាតន្ត្រីករជប៉ុនកាត់អាមេរិក និងជា DJ ផងដែរ ដោយអ្នកទាំង ២រូបនេះសុទ្ធតែជាបុគ្គលល្បី និងមានប្រាក់ច្រើន។

បន្ថែមពីខាងលើនេះ តារាភាពយន្តឥណ្ឌាឈ្មោះ Dev Joshi ក៏ស្ថិតក្នុងចំណោមមនុស្ស ៨នាក់ ដែលនឹងត្រូវជិះយាន SpaceX ទៅកាន់ព្រះចន្ទផងដែរ ខណៈកីឡាករអាមេរិក Kaitlyn Farrington និងអ្នករាំជប៉ុនម្នាក់ទៀតឈ្មោះ Miyu គឺត្រូវបានជ្រើសរើសជាបេក្ខជនបម្រុង។

នាវាអវកាស Starship (រូបភាពពី SpaceX)

សម្រាប់យានអវកាស ដែលត្រូវបានគ្រោងសម្រាប់បេសកកម្មខាងលើនេះគឺ Starship ដែលកំពុងស្ថិតនៅក្នុងការធ្វើតេស្តនៅឡើយ ហើយផែនការសម្រាប់ឆ្នាំ ២០២៣ ក៏អាចនឹងត្រូវពន្យារពេលផងដែរ ប្រសិនបើការធ្វើតេស្ត Starship នៅមិនទាន់បានសម្រេច។

យ៉ាងណាក៏ដោយ ប្រសិនបើវាក្លាយជាការពិតមែន Starship នឹងត្រូវហោះចាកចេញពីផែនដីនៅឆ្នាំ ២០២៣ រួចធ្វើដំណើរទៅកាន់ព្រះចន្ទជាមួយមនុស្ស ០៨នាក់ ដែលនឹងមានរយៈពេលធ្វើដំណើរទៅមកសរុប ០៨ថ្ងៃ។ នឹងមិនមានការចុះចតលើផ្ទៃព្រះចន្ទឡើយ ដោយភ្ញៀវនៅលើ Starship អាចកម្សាន្តក្នុងរយៈកម្ពស់ ២០០គីឡូម៉ែត្រពីផ្ទៃព្រះចន្ទ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ France 24

480×240 Banner