HOT NEWS៖ James Webb ឆ្លុះឃើញក្រុមកាឡាក់ស៊ី មានអាយុតិចជាង ៤០០លានឆ្នាំបន្ទាប់ពី Big Bang!
(បរទេស)៖ ក្រុមការងារគ្រប់គ្រងតេឡេស្កូបអវកាស James Webb របស់អង្គការ NASA ESA និង CSA ទើបតែបានបង្ហាញនៅថ្ងៃសុក្រ ទី០៩ ខែធ្នូ ឆ្នាំ២០២២ នេះនូវរូបភាពកាឡាក់ស៊ីចំនួន ៤ ដែលអាចមានអាយុកាលតិចជាង ៤០០ឆ្នាំ បន្ទាប់ពីព្រឹត្តិការណ៍ Big Bing។ Big Bang ជាបន្ទុះដ៏ធំសម្បើមមួយកាលពី ១៣.៨ពាន់លានឆ្នាំមុន ដែលបានបង្កើតចេញជាចក្រវាលដូចបច្ចុប្បន្ននេះ។

តាមរយៈ Spectroscopy, ជាកម្មវិធីបំបែកពណ៌នៃពន្លឺទៅសមាសធាតុនានា ដើម្បីបង្កើតចេញទៅជាវិសាលគម (spectra) ដែលយើងអាចចាត់ទុកពួកវាជា លេខបាកូដ (barcodes) នោះ ការគណនាអំពីអាយុកាលនៃពន្លឺដែលត្រូវបានផ្តល់នៅតាមចំណុចនៃរូបភាពថតដោយ James Webb គឺអាចធ្វើបាន។ ចំណុចត្រង់នេះ គឺយើងចង់និយាយទៅដល់ ការគណនាទម្រង់ពណ៌នៃពន្លឺរបស់កាឡាក់ស៊ី ឲ្យចេញទៅជាអាយុកាលរបស់កាឡាក់ស៊ីនោះ។
នៅក្នុងការវែករកមើលរូបភាពថតដោយ James Webb នោះ ក្រុមតារាវិទូបានប្រទះឃើញកាឡាក់ស៊ីចំនួន ៤ ដូចជា៖ z = 13.20 , z = 12.63 , z = 11.58 និង z = 10.38។ សម្រាប់អាយុកាលក្រោម ៤០០លានឆ្នាំបន្ទាប់ពី Big Bang នេះមានន័យថា ពន្លឺរបស់កាឡាក់ស៊ីទាំង ៤ នេះត្រូវការពេលរហូតដល់ជាង ១៣.៤ពាន់លានឆ្នាំ ទើបអាចមកដល់ភពផែនដីយើង។

ដោយសារតែចក្រវាល (Universe) កំពុងពង្រីកខ្លួន ដូច្នេះពន្លឺដែលបានមកពីកាឡាក់ស៊ីឆ្ងាយៗ ក៏កាន់តែលាតសន្ធឹង ឬប្រែពណ៌ទៅជាក្រហម ដែលយើងហៅថា ប្រវែងរលកពន្លឺក្រហមអាំងហ្វ្រាវែង (longer infrared wavelengths)។ ការគណនាទៅលើបម្រែបម្រួលពណ៌ និងទម្រង់របស់កាឡាក់ស៊ីឆ្ងាយៗទាំងនោះ អាចឲ្យយើងដឹងពីអាយុកាលពួកវាបាន។
គួរបញ្ជាក់ថា ការស្វែងរកកាឡាក់ស៊ីឆ្ងាយៗនៅក្នុងចក្រវាល គឺនៅតែកំពុងបន្តនៅឡើយ ហើយសម្រាប់តេឡេស្កូបអវកាស James Webb វិញ ដំណើរការនេះ គឺទើបតែចាប់ផ្តើមប៉ុណ្ណោះ។ កាឡាក់ស៊ីឆ្ងាយៗផ្សេងទៀត កំពុងតែរង់ចាំ James Webb វែករកមើល៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA ESA CSA (ថ្ងៃសុក្រ ទី០៩ ខែធ្នូ ឆ្នាំ២០២២)
