NASA បានទទួលភ្លើងខៀវហើយ! នេះជាតេឡេស្កូបប្រមាញ់អាចម៍ផ្កាយ…
(បរទេស)៖ នៅទីបំផុតអង្គការ NASA បានទទួលភ្លើងខៀវហើយ សម្រាប់ការបោះជំហានទៅមុខ ក្នុងការអភិវឌ្ឍ និងផលិតចេញជាតេឡេស្កូបអវកាស ដែលមានតួនាទីចម្បងតែមួយគត់ នោះគឺតាមប្រមាញ់អាចម៍ផ្កាយ ដែលអាចបង្កការគំរាមកំហែងដល់ជីវិតនានាលើភពផែនដី (hazardous asteroids)។

ផែនការអភិវឌ្ឍតេឡេស្កូបអវកាស តាមដានរកវត្ថុអវកាសកៀកៗផែនដី ដែលមានឈ្មោះពេញថា Near-Earth Object (NEO) Surveyor ទើបតែបានឆ្លងកាត់ដំណាក់កាល នៃការសម្រេចចិត្តដ៏សំខាន់ហៅកាត់ថា KDP-C ដែលអង្គការ NASA បានដាក់ឲ្យក្រុមជំនាញធ្វើការត្រួតពិនិត្យ តាំងតែពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ ហើយនេះពិតជាដំណឹងដ៏ល្អខ្លាំងណាស់។

គួរបញ្ជាក់ថា ការអភិវឌ្ឍ និងផលិតតេឡេស្កូបអវកាស NEO Surveyor នឹងត្រូវចំណាយប្រាក់ ១.២ពាន់លានដុល្លារអាមេរិក ហើយនឹងអាចត្រូវបាញ់បង្ហោះមិនឲ្យលើសពីខែមិថុនា ឆ្នាំ២០២៨ នោះឡើយ។ បើតាមសេចក្តីថ្លែងការណ៍របស់ NASA តេឡេស្កូប NEO Surveyor នឹងក្លាយជាការបំពេញ តាមការប្តេជ្ញាចិត្តមួយទៀតរបស់អង្គការនេះ ក្នុងកិច្ចការពារសុវត្ថិភាពភពផែនដីពីអាចម៍ផ្កាយគ្រោះថ្នាក់ បន្ថែមពីលើបេសកកម្ម DART ដែលទើបទទួលបានជោគជ័យក្នុងការធ្វើតេស្ តកាលពីពេលថ្មីៗនេះ។

ពីដំបូងឡើយ NEO Surveyor បានគ្រោងចំណាយផលិតក្នុងការអភិវឌ្ឍ និងផលិតតែចន្លោះពី ៥០០-៦០០លានដុល្លារអាមេរិកប៉ុណ្ណោះ និងគ្រោងដាក់ឲ្យដំណើរការនៅឆ្នាំ ២០២៦។ ប៉ុន្តែក្រោយការត្រួតពិនិត្យបន្ថែម និងបំពេញភាពចន្លោះប្រហោង ដើម្បីកុំឲ្យបេសកកម្មទាំងមូល ត្រូវជួបហានិភ័យកណ្តាលទីនោះ ទើបថវិកាចំណាយត្រូវបង្កើនគុណនឹង ២ ហើយពេលវេលាអភិវឌ្ឍ ត្រូវបានបន្ថែម ២ឆ្នាំទៀតបែបនេះ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០២២)
