HOT NEWS៖ ពួកវាជា «ភពទឹក» ដែលអាចមានសមុទ្រជ្រៅជាងលើផែនដី «៥០០ដង» (មានវីដេអូ)

535

(បរទេស)៖ តាមរយៈទិន្នន័យបានមកពីតេឡេស្កូបអវកាស Hubble ផង និង Spitzer ផង ក្រុមជំនាញអង្គការ NASA បានធ្វើការសិក្សាបន្ថែមលើភពចំនួន ២ ដែលគោចរជុំវិញផ្កាយមួយឈ្មោះ Kepler-138។ ហើយផ្កាយនេះមានចម្ងាយ ២១៨ឆ្នាំពន្លឺពីប្រព័ន្ធព្រះអាទិត្យយើង (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ) និងត្រូវបានរកឃើញដោយ តេឡេស្កូបអវកាស Kepler កាលពីឆ្នាំ២០១៤។

HOT NEWS៖ ពួកវាជា «ភពទឹក» ដែលអាចមានសមុទ្រជ្រៅជាងលើផែនដី «៥០០ដង»
ភពមួយនៃប្រព័ន្ធផ្កាយ Kepler-138 (រូបភាពពីបរទេស)

បើតាមក្រុមជំនាញ និងយោងតាមភស្តុតាងសំខាន់ៗ ដែលពួកគេទើបរកឃើញនោះ បានបង្ហាញថា ភព Kepler-138 c និង Kepler-138 d របស់ផ្កាយ Kepler-138 អាចជាភពពោពេញដោយទឹក (water worlds) ហើយមហាសមុទ្រលើភពទាំង ២ នេះ អាចជ្រៅជាងមហាសមុទ្រលើផែនដីរហូតដល់ទៅ ៥០០ដងឯណោះ (ជាការប្រៀបធៀប អន្លង់ម៉ារីយ៉ាននៃមហាសមុទ្រប៉ាស៊ីហ្វិក ជាចំណុចជ្រៅបំផុតលើផែនដី ជាមួយនិងជម្រៅ ១០,៩៣៥ម៉ែត្រ)

ការប្រៀបធៀបរវាងផែនដី និង Kepler-138 d (រូបភាពពីបរទេស)

Kepler-138 ស្ថិតក្នុងលំដាប់នៃតារាក្រហមទំហំតូច (Red Dwarf) ហើយយើងអាចរកឃើញវា នៅក្នុងតារានិករ Lyra លើផ្ទៃមេឃផែនដី។ ហើយសម្រាប់ភពដែលគោចរជុំវិញផ្កាយនេះ គឺត្រូវបានរកឃើញចំនួន ៣ រួចមកហើយដូចជា Kepler-138 b, c និង d ប៉ុន្តែក្រុមតារាវិទូជឿជាក់ថា អាចមានភពទី ៤ បន្ថែមទៀតនោះគឺ Kepler-138 e ដែលកំពុងស្ថិតក្នុងការអង្កេត។

គួរបញ្ជាក់ថា ទាំងភព Kepler-138 c និង Kepler-138 d សុទ្ធតែមិនស្ថិតនៅក្នុងតំបន់ Habitable Zone (តំបន់អំណោយផលដល់ការកកើតជីវិត) ឡើយ ព្រោះភពទាំង ២ គោចរនៅកៀកផ្កាយមេពួកវាខ្លាំង បើធៀបនឹងស្ថានភាពនៃគន្លងគោចររបស់ ភពផែនដីយើងជុំវិញព្រះអាទិត្យ។ ដោយសារតែពួកវាជាភពស្រោបដោយទឹក ដូច្នេះមានន័យថា ពីលើផ្ទៃទឹករាវទាំងនោះ គឺជាចំហាយទឹកដ៏ក្រាស់ឃ្មឹកតែម្តង។

ភពនានាក្នុងប្រព័ន្ធផ្កាយ Kepler-138 (រូបភាពពី NASA)

ជាការពិតណាស់ សញ្ញានៃវត្តមានទឹកស្តែងៗតែម្តង មិនត្រូវបានអង្កេតឃើញដោយ Hubble និង Spitzer នោះឡើយ ខណៈការហ៊ានអះអាងថា ភពទាំង ២ អាចពោពេញដោយទឹកយ៉ាងច្រើនអនេកនោះ គឺបានយោងទៅលើការសិក្សាអំពី ដង់ស៊ីតេ (density) ដែលត្រូវបានគណនាតាមរយៈការប្រៀបធៀបរវាងទំហំ (size) និង ម៉ាស (mass) របស់ពួកវា។ ទាំង Kepler-138 c និង Kepler-138 d សុទ្ធតែមានមាឌធំជាងផែនដីបន្តិចដូចគ្នា។

* ពន្យល់បន្ថែម៖ ប្រសិនបើលោកអ្នកមានភាពស្រពេចស្រពិល ជុំវិញចំណុចខាងលើនេះ ចូរងាកមកមើលឧទាហរណ៍ពី អ្នកជំនាញភពសាស្ត្រមួយរូបឈ្មោះ Caroline Piaulet មកពីសាកលវិទ្យាល័យ Montreal នេះវិញថា នៅពេលយើងយកព្រះចន្ទទឹកកក Europa របស់ភពព្រហស្បតិ៍ ឬ Enceladus របស់ភពសៅរ៍ មកដាក់នៅគន្លងគោចរ កាន់តែកៀកនឹងព្រះអាទិត្យនោះ ទឹកកកលើសំបកពួកវានឹងរលាយក្លាយជាទឹករាវ ហើយដោយសារតែរងកម្តៅពីព្រះអាទិត្យខ្លាំង នៅលើផ្ទៃទឹករាវនោះនឹងពោពេញចំហាយទឹក។ ទាំងអស់នេះ សុទ្ធតែជាបម្រែបម្រួលរបស់វត្ថុធាតុធានាក្នុងធម្មជាតិ ទៅតាមបរិស្ថានដែលពួកវាស្ថិតនៅ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA (ថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០២២)

480×240 Banner