HOT NEWS: បេសកកម្មយាន InSight លើភពអង្គារត្រូវ «បិទបញ្ចប់» ជាផ្លូវការ (មានវីដេអូ)

665

(បរទេស)៖ ក្រោយបំពេញភារកិច្ចអស់រយៈពេលជាង ៤ឆ្នាំ នៅទីបំផុតបេសកកម្មយាន អ៊ីនសៃត៍ (InSight) របស់អង្គការ NASA ត្រូវបានប្រកាស «បិទបញ្ចប់ជាផ្លូវការ» ហើយ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២។ គ្រឿងយន្តដែលស្ថិតនៅមួយកន្លែងមួយនេះ បានចុះទៅដល់ភពអង្គារ (Mars) នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ជាមួយនិងការចំណាយទឹកប្រាក់អស់ជាង ៨១០លានដុល្លារអាមេរិក នៅក្នុងបេសកកម្មទាំងមូល (សរុបទាំងការសិក្សាផលិតយានឡើង និងការគ្រប់គ្រងរយៈពេលជាង ៤ឆ្នាំ)

សកម្មភាពត្រួតពិនិត្យយាន InSight ក្នុងមន្ទីរពិសោធន៍នៅអាមេរិក (រូបភាពពី NASA)

ទោះបីជាបេសកកម្មស្នូល ដោយការប្រើប្រាស់ឧបករណ៍ខួងដីភពអង្គារហៅកាត់ថា «Mole» ផលិតដោយប្រទេសអាល្លឺម៉ង់បានទទួលបរាជ័យ ដោយអាចខួងបានត្រឹមតែ ៤០សង់ទីម៉ែត្រក៏គាំងខូច (ក្នុងគម្រោងគឺចង់ខួងឲ្យបាន ៥ម៉ែត្រ) តែគោលដៅសំខាន់ៗផ្សេងទៀតដូចជា ការតាមដានគ្រោះរញ្ជួយដីលើភពអង្គារ (Marsquake) តាមរយៈឧបករណ៍ seismometer ផលិតដោយប្រទេសបារាំង បានសម្រេចជោគជ័យយ៉ាងធំធេង។

HOT NEWS: បេសកកម្មយាន InSight លើភពអង្គារត្រូវ «បិទបញ្ចប់» ជាផ្លូវការហើយ!
រូប 3D នៃយាន InSight លើភពអង្គារ ក្រោយការចុះចតជោគជ័យកាលពីចុងឆ្នាំ ២០១៨ (រូបភាពពី NASA)

ក្នុងរយៈពេលជាង ៤ឆ្នាំលើតំបន់ Elysium Planitia នៃអឌ្ឍគោលខាងជើង និងក្បែរខ្សែបន្ទាត់អេក្វាទ័រភពអង្គារ ឧបករណ៍តាមដានរញ្ជួយដីរបស់ InSight បានរកឃើញគ្រោះរញ្ជួយដីភពអង្គារសរុបជាង ១,៣០០លើក (ក្នុងនោះគឺ 4.7 រ៉ិចទ័រជាកម្រិតខ្លាំងបំផុត ត្រូវបានអង្កេតដឹងកាលពីកំលុងខែសីហា ឆ្នាំ២០២១) ខណៈ ៥០លើកមានកម្រិតខ្លាំងរហូតដល់ InSight អាចកំណត់បានទីតាំងញ័ររញ្ជួយ បូករួមទាំងការញ័ររញ្ជួយដីដែលត្រូវបានបង្កឡើងដោយអាចម៍ផ្កាយធ្លាក់លើភពអង្គារផងដែរ។

ដៃខួង mole ដែលបានខូច (រូបភាពពី NASA)

ចាប់ពីពេលនេះតទៅ InSight នឹងស្ថិតនៅតំបន់នោះដ៏ឯកោ គ្មាននរណាអើពើ និងបន្តទទួលរងធូលីដីលើភពអង្គារយ៉ាងច្រើន ដែលបោកបក់លើវាពីមួយថ្ងៃទៅមួយថ្ងៃ មិនខុសពីជោគវាសនានៃគ្រឿងយន្តនៅស្ងៀម (lander) និងគ្រឿងយន្តចល័ត (Rover) ជាច្រើនគ្រឿងទៀតរបស់ NASA នោះឡើយ។ ថាមពលរបស់ InSight ត្រូវបានប្រើប្រាស់អស់ ព្រោះធូលីដីភពអង្គារបានគ្របដណ្តប់ជុំជិត បន្ទះស្រូបពន្លឺព្រះអាទិត្យរបស់វា ដែលមិនអាចឲ្យវាស្រូបយកថាមពលបានទៀតឡើយ។

បន្ទះសូឡាស្រូបថាមពល (រូបភាពពី NASA)

ទោះជាយ៉ា់ងណា InSight ពិតជាបានចូលរួមជួយត្រួសត្រាយផ្លូវ សម្រាប់បេសកកម្មរបស់អង្គការ NASA ក្នុងការដឹកនាំមនុស្សទៅបោះមូលដ្ឋានស្នាក់នៅ និងស្រាវជ្រាវលើភពអង្គារ ដែលអាចនឹងកើតឡើងនៅប៉ុន្មានទសវត្សរ៍ខាងមុខយ៉ាងពិតប្រាកដ។ តាមការព្យាករណ៍ អង្គការ NASA អាចមានសមត្ថភាពនាំមនុស្សទៅកាន់ភពអង្គារ យ៉ាងហោចណាស់ចាប់ពីចុងទសវត្សរ៍ ២០៣០ ឬអាចឈានដល់ ២០៤០

រូបចុងក្រោយដែល InSight បញ្ជូនមកផែនដីវិញ (រូបភាពពី NASA)

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព និងរូបភាព៖ NASA

480×240 Banner