លទ្ធផលសិក្សាថ្មី៖ ភពអង្គារប្រហែលជាធ្លាប់មាន «ជីវិត» មុនផែនដីយើងទៅទៀត (មានវីដេអូ)

1,074

(បរទេស)៖ នេះមិនមែនជាលើកទី ១ ឡើយដែលយើងទាំងអស់គ្នា បានស្វែងយល់អំពីការសន្និដ្ឋានមួយពាក់ព័ន្ធនឹង «ជីវិតដំបូង» នៅក្នុងប្រព័ន្ធព្រះអាទិត្យ។ ធាតុពិតជាក់ស្តែងពេលនេះ គឺភពផែនដីជាទីឋានតែមួយគត់ ក្នុងចំណោមទីឋាននានាក្នុងប្រព័ន្ធព្រះអាទិត្យនេះ ដែលមានជីវិតរស់នៅ ប៉ុន្តែប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ក្រុមអ្នកវិទ្យាសាស្ត្រខ្លះមានការសង្ស័យថា ភពអង្គារ (Mars) ទើបជាប្រភពដើម ឬជាគ្រាប់ពូជដំបូងនៃជីវិត ដែលក្រោយមកបានសាបព្រួសមកដល់ផែនដី។

លទ្ធផលសិក្សាថ្មី៖ ភពអង្គារប្រហែលជាធ្លាប់មាន «ជីវិត» មុនផែនដីយើងទៅទៀត (មានវីដេអូ)
ភពអង្គារកាលពី 4 – 3.5 ពាន់លានឆ្នាំមុន (រូបភាពពី NASA)

នៅចុងឆ្នាំ ២០២២ នេះ ការសន្និដ្ឋានថ្មីមួយទៀត អំពីប្រធានបទខាងលើ ក៏ត្រូវបានពន្យល់បន្ថែម ឲ្យគ្រប់គ្នាយល់កាន់តែច្បាស់អំពីអតីតកាលរបស់ផែនដី និងភពអង្គារផងដែរ។ ជាការពិត ភពអង្គារប្រៀបបីដូចជាវិមានបាក់បែកមួយ ដែលកំពុងគ្របដណ្តប់ដោយធូលីដ៏ក្រាស់ឃ្មឹក ទើបនាំឲ្យយើងគិតថា វាមិនមែនជាកន្លែងដែលជីវិតអាចកកើតទៅរួចឡើយ។

ភស្តុតាងជាច្រើនបានគាំទ្ររួចទៅហើយ ទៅលើការលើកឡើងដែរថា កាលពីរាប់ពាន់លានឆ្នាំមុនភពអង្គារធ្លាប់មាន សមុទ្រ ទន្លេ ស្ទឹង និងបឹងបួ មិនខុសពីផែនដីបច្ចុប្បន្ននេះឡើយ ហើយថែមទាំងធ្លាប់មានភ្នំភ្លើង ដែលទើបបានក្លាយជាអសកម្ម នារយៈពេល ៥០,០០០ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់ភស្តុតាងដែលអាចបញ្ជាក់ថា ភពអង្គារពីមុនធ្លាប់ទ្រទ្រង់ជីវិតក្នុងទម្រង់ណាមួយនោះ គឺមិនទាន់មានឡើយ។

រណ្តៅ Jezero កាលពីរាប់ពាន់លានឆ្នាំមុន (រូបភាពពី NASA)

យោងតាមការសិក្សាដោយសាកលវិទ្យាល័យ Copenhagen ប្រទេសដាណឺម៉ាក បានបង្ហាញថា ភពអង្គារពីមុនមិនមែនត្រឹមតែជាភព ដែលមានសមុទ្រ ទន្លេ ស្ទឹង និងបឹងបួប៉ុណ្ណោះទេ តែក៏ជាភពដែលធ្លាប់កើតមានជីវិតដំបូងគេ នៅក្នុងប្រព័ន្ធព្រះអាទិត្យយើងថែមទៀតផង។ ជីវិតដំបូងនោះ ទំនងជាត្រូវបាននាំយកតាមរយៈទឹក និងអាស៊ីតអាមីណូ មាននៅក្នុងអាចម៍ផ្កាយធ្លាក់ដែលបានស្រោចលើភពអង្គារ។

មានទ្រឹស្ដីមួយស្តីអំពីរបៀបដែលអាចម៍ផ្កាយទឹកកកធំៗ បានពាំនាំជីវិតមកកាន់ផែនដី ហើយនេះក៏អាចជាករណីសម្រាប់ភពអង្គារផងដែរ។ យោងតាមការសិក្សាថ្មីបានចេញសេចក្តីសន្និដ្ឋានថា កាលពី ៤.៥ពាន់លានឆ្នាំមុន, (ប្រហែល ១០០លានឆ្នាំបន្ទាប់ពីភពអង្គារកកើតឡើង) ភពនេះត្រូវបានអាចម៍ផ្កាយពោរពេញដោយទឹកកក ធ្លាក់ស្រោចពីលើ ហើយប្រហែលជាសូម្បីតែម៉ូលេគុលសរីរាង្គ ដែលមានសារៈសំខាន់សម្រាប់ទ្រទ្រង់ជីវិត ក៏បានមកជាមួយអាចម៍ផ្កាយទាំងនោះដែរ។

បរិស្ថានលើភពអង្គារបច្ចុប្បន្ន (រូបភាពពី NASA)

ការស្រាវជ្រាវបានបង្ហាញថា មានទឹកគ្រប់គ្រាន់សម្រាប់ភពអង្គារទាំងមូល ដែលអាចចាត់ទុកថា ភពនេះត្រូវបានគ្របដណ្តប់ដោយទឹក។ ជុំវិញលទ្ធផលនេះ សាស្ត្រាចារ្យ Martin Bizzarro មកពីមជ្ឈមណ្ឌលសិក្សាអំពីការបង្កើតផ្កាយ និងភព (CSPF) បានលើកឡើងថា «ការសិក្សារបស់យើងបានបង្ហាញថា សារធាតុសំខាន់ៗពីរ អាចនាំឱ្យមានការវិវឌ្ឍន៍ជីវិត ដែលធ្លាប់បានកើតឡើងនៅលើភពអង្គារ។ ហើយទាំងនេះគឺជាទឹក និងគីមីសរីរាង្គដ៏ស្មុគស្មាញ។ បើគ្មានធាតុផ្សំទាំងពីរនេះទេ វាមិនអាចទៅរួចទេក្នុងការវិវត្តជីវិតនៅលើភពអង្គារ»

ក្រុមអ្នកវិទ្យាសាស្ត្របានវិភាគលើ «បំណែកអាចម៍ផ្កាយ» មកពីសំបកភពអង្គារ ដែលត្រូវបានរកឃើញនៅលើផែនដី ដែលជាលទ្ធផលនៃអាចម៍ផ្កាយ ឬផ្កាយដុះកន្ទុយធ្លាក់លើភពអង្គារយ៉ាងកក្រើក។ ព្រឹត្តិការណ៍ដ៏អាក្រក់នោះ បាននាំឲ្យដុំថ្ម និងកម្ទេចកម្ទីផ្សេងៗទៀត ខ្ទាតទៅកាន់លំហអវកាសកាលពីរាប់ពាន់លានឆ្នាំមុន ហើយនៅទីបំផុតថ្មនៃភពអង្គារមួយចំនួន ក៏បានធ្លាក់នៅលើភពផែនដី។ ប្រការនេះបានអនុញ្ញាតឱ្យពួកគេឈានដល់ការសន្និដ្ឋានថា ភពក្រហមធ្លាប់ជាទីឋានមានសំណើម មិនខុសពីផែនដីយើងពេលនេះឡើយ។

ដុំថ្មពីភពអង្គារ ដែលបានធ្លាក់លើផែនដី (រូបភាពពីបរទេស)

ភពព្រះអង្គារមានទំហំតូចជាងផែនដីច្រើន ហើយក៏មិនមានស្រទាប់តិចតូនិច (tectonic plates) ដូចគ្នាទៅនឹងផ្ទៃខាងក្នុងរបស់ផែនដី ដែលតែងតែចល័តផ្លាស់ទី និងកែច្នៃឡើងវិញនោះដែរ។ តាមរយៈដំណើរការប្រែប្រួលស្រទាប់តិចតូនិចបែបនេះ ផែនដីបានលុបភស្តុតាងទាំងអស់ នៃអ្វីដែលបានកើតឡើងនៅអំលុង ៥០០ លានឆ្នាំដំបូង នៃប្រវត្តិសាស្រ្តរបស់ខ្លួនបាត់ទៅហើយ។

ទោះជាយ៉ាងណា ភពអង្គារបានរងការវាយប្រហារដោយសេរី ពីសំណាក់រលកធាតុវិទ្យុសកម្មមកពីទីអវកាស (ព្រះអាទិត្យ) ដែលធ្វើឱ្យផ្ទៃរបស់វា គ្មានសល់ដាននៃជីវិត សម្រាប់ផ្នែកភាគច្រើននោះឡើយ។ ត្រង់បញ្ហានេះ លោក Bizzarro បានពន្យល់ថា «ដូច្នេះហើយប្រសិនបើអាចនៅមានជីវិត ឬដាននៃជីវិត បន្តនៅលើភពអង្គារដល់បច្ចុប្បន្ននេះ វាគួរតែកំពុងជ្រកនៅក្នុងជម្រៅដីចាប់ពី ១ – ២ ម៉ែត្រ»

យាន Curiosity ខួងចូលផ្ទៃភពអង្គារ (រូបភាពពី NASA)

គួរបញ្ជាក់ថា លទ្ធផលនៃការសិក្សាស្រាវជ្រាវថ្មីនេះ ក៏គាំទ្រដល់ការស្រាវជ្រាវពីមុនៗផងដែរថា ភពអង្គារនៅពេលណាមួយនោះ ក៏ធ្លាប់មានមហាសមុទ្រ និងបានស្រោបដោយបរិយាកាសក្រាស់សមរម្យ សម្រាប់ឲ្យជីវិតកកើតឡើង ហើយក៏វាប្រហែលជាការកកើតជីវិត ដែលបានរីកដុះដាលឡើងមុនភពផែនដីយើងនេះទៅទៀត៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ Weather/Space Science (ថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០២២)

480×240 Banner