TESS ស្វាគមន៍ឆ្នាំ ២០២៣ ដោយការរកឃើញភពយក្សក្តៅគគុកមួយ, ១ឆ្នាំលើភពនេះលឿនណាស់…

484

(បរទេស)៖ ចំហាយចូលឆ្នាំសកល ២០២៣ ទើបតែស្ងប់ស្ងាត់បន្តិចប៉ុណ្ណោះ ហើយតេឡេស្កូបអវកាស TESS របស់អង្គការ NASA ក៏នៅតែបន្តបង្កើតរបកគំហើញ សម្រាប់អ្នកទាំងអស់គ្នាផងដែរ។ នៅដើមខែមករា ឆ្នាំ២០២៣ នេះ ភពយក្សក្តៅ (hot Jupiter) មួយទៀតត្រូវបានប្រកាសរកឃើញ ដោយវាស្ថិតនៅចម្ងាយ ៥៣០ឆ្នាំពន្លឺពីភពផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ)។ តើវាមានអ្វីពិសេសខ្លះ?

តេឡេស្កូបអវកាស TESS (រូបភាពពី NASA)

ដោយសារតែ TESS ជាអ្នករកឃើញ ហេតុដូច្នេះភពប្រភេទ hot Jupiter ខាងលើនេះ ត្រូវបានដាក់ឈ្មោះឲ្យថា TOI-778 b។ ដូចយើងដឹងហើយ មួយឆ្នាំលើផែនដីមានរយៈពេល ៣៦៥ថ្ងៃ ដែលស្មើនឹងភពយើងគោចរជុំវិញព្រះអាទិត្យបានមួយជុំ។ ប៉ុន្តែសម្រាប់ភព TOI-778 b វិញ មួយឆ្នាំរបស់ស្មើតែជិត ៥ថ្ងៃប៉ុណ្ណោះ បើគិតតាមម៉ោងលើភពផែនដីយើង។ ហេតុអ្វីមួយឆ្នាំរបស់វាលឿនខ្លាំងម្ល៉េះ?

តេឡេស្កូបអវកាស TESS បានអង្កេតឃើញថា ភព TOI-778 b គោចរជុំវិញផ្កាយ TOI-778 ក្នុងគម្លាតតែ ៩លានគីឡូម៉ែត្រប៉ុណ្ណោះ គឺកៀកជាងគម្លាតរវាងភពពុធ (Mercury) និងព្រះអាទិត្យយើងនេះរហូតដល់ទៅ ៥ដង ដែលនាំឲ្យភព hot Jupiter មួយនេះ មានគន្លងផ្លូវគោចរកាន់តែខ្លី និងល្បឿនគោចរកាន់តែលឿន ហើយមួយ ១ឆ្នាំរបស់វាស្មើតែ ៤.៦ថ្ងៃនៃពេលវេលាលើផែនដី ខណៈភពពុធវិញគឺ ១ឆ្នាំស្មើ ៨៨ថ្ងៃ នៃផែនដី។

TESS ស្វាគមន៍ឆ្នាំ ២០២៣ ដោយការរកឃើញភពយក្សក្តៅគគុកមួយ, ១ឆ្នាំលើភពនេះលឿនណាស់…
ជំពូកភព hot Jupiter (Image credit: Nazarii Neshcherenskyi/Getty Images)

ភព TOI-778 b មានមាឌធំជាងភពព្រហស្បតិ៍ (Jupiter) យើង រហូតដល់ ១.៤ដង និងម៉ាស់ធ្ងន់ជាង ២.៨ដង ហើយសីតុណ្ហភាពលើផ្ទៃស្រទាប់លើ (surface) ដ៏ក្តៅគគុករបស់វាគឺជាមធ្យម ១,២២៧អង្សាសេឯណោះ។ ដោយឡែកផ្កាយ TOI-778 របស់ភព TOI-778 b នេះវិញ គឺជាប្រភេទផ្កាយវិលជុំវិញខ្លួនឯងលឿនជាងព្រះអាទិត្យយើង ហើយមានមាឌធំជាងព្រះអាទិត្យ ៧១% និងម៉ាសធ្ងន់ជាង ៤០% ជាមួយនិងអាយុ ១.៩៥ពាន់លានឆ្នាំ, ធៀបនឹងព្រះអាទិត្យយើងដែលមានអាយុ ៤.៦ពាន់លានឆ្នាំ

រូបតំណាងភព TOI-778 b (Image credit: NASA/CXC/M.Weiss)

គួរបញ្ជាក់ថា ការសិក្សាអំពីភពមានរហស្សនាម hot Jupiter ថ្មីមួយទៀតខាងលើនេះ ត្រូវបានដឹកនាំដោយសាកលវិទ្យាល័យ Southern Queensland តាមរយៈទិន្នន័យបានមកពី TESS។ ចាប់តាំងពីការធ្វើប្រតិបត្តិការនៅឆ្នាំ ២០១៨ មក តេឡេស្កូបអវកាសនេះបានរកឃើញ បេក្ខភាពភព exoplanets សរុបជាង ៦,០០០ភពហើយ ដោយបេក្ខភាពទាំងអស់នោះត្រូវបានផ្តល់កំណត់សម្គាល់ថា TOI ឬ TESS Object of Interest។ ក្នុងចំណោមបេក្ខភាពទាំងជាង ៦,០០០ភពនោះ ២៨២ភពហើយ ត្រូវបានកំណត់វត្តមានជាផ្លូវការ និងត្រូវបានកត់បញ្ចូលក្នុងបញ្ជីភព exoplanets ផ្លូវការដែលត្រូវបានរកឃើញសរុបជាង ៥,២០០ភពគិតត្រឹមពេលនេះ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃសុក្រ ទី០៦ ខែមករា ឆ្នាំ២០២៣)

480×240 Banner