Breaking៖ ជាភពពិសេស! NASA ទើបរកឃើញនៅក្នុងតំបន់អំណោយផល និងអាចមានទឹកដូចផែនដី (មានវីដេអូ)
(បរទេស)៖ ពិតជាព័ត៌មានដ៏ពិសេសមួយសម្រាប់ស្វាគមន៍ឆ្នាំ ២០២៣ នេះ ដោយតេឡេស្កូបអវកាសរបស់អង្គការ NASA ទើបតែបានវែករកឃើញភពមួយទៀត នៅក្នុងប្រព័ន្ធផ្កាយ TOI 700 ដោយវាជាភពស្ថិតនៅក្នុង តំបន់អំណោយផលដល់ជីវិត (Habitable Zone) និងមានទំហំប្រហាក់ប្រហែលនឹងភពផែនដីយើងថែមទៀត។ តែចម្ងល់ធំមួយក៏ត្រូវបានលើកឡើងផងដែរ។

តេឡេស្កូបអវកាស TESS តែឯង ដែលបានបំពេញប្រតិបត្តិការតាំងតែពីខែមេសា ឆ្នាំ២០១៨ បានរកឃើញភពផ្លូវការចំនួន ២៨៥ ភពហើយ ក្នុងចំណោមបេក្ខភាពភព ដែលរង់ចាំការបញ្ជាក់ចំនួនជាង ៦,០០០ ភព។ ហើយភពគួរឲ្យរំភើបដំបូង ដែលត្រូវបានរកឃើញដោយតេស្តជុំវិញផ្កាយខាងលើនេះដែរនោះ គឺភព TOI 700 d។ អ្វីដែលពិសេសនោះ TOI 700 d នេះក៏ស្ថិតក្នុងតំបន់ Habitable Zone ដែរ និងត្រូវបានអះអាងថា ជាភពពោពេញដោយ «ទឹករាវ»។

គ្រប់យ៉ាងគឺត្រូវអរគុណដល់សញ្ញាពិសេសមួយ ដែលត្រូវបានរំលេចឡើងកាលពីខែតុលា ឆ្នាំ២០២១ ដោយតេឡេស្កូប TESS កាលណោះបានប្រទះឃើញអ្វីពិសេស បានគោចរកាត់ពន្លឺផ្កាយ TOI 700 និងស្ថិតនៅលេខរៀងទី ៤ និងគោចរជុំវិញផ្កាយនេះមួយជុំ (១ឆ្នាំលើភពនោះ) ដោយប្រើពេល ៣៧ថ្ងៃ នៃពេលវេលាលើផែនដី។ ក្រោយការបញ្ជាក់ទើបគេដឹងថា វាជាភព TOI 700 e ដែលស្ថិតនៅតំបន់ Habitable Zone ដែរ ប៉ុន្តែស្ថិតនៅបន្ទាប់ពីភព TOI 700 d ដែលមានលេខរៀងទី ៣ ហើយភពទាំង ២ នេះសុទ្ធតែមានទំហំប្រហាក់ប្រហែលនឹងផែនដីយើង។
ជុំវិញរបកគំហើញខាងលើនេះ លោកស្រី Emily Gilbert ជាតារាវិទូមួយរូបមកពីមន្ទីរពិសោធន៍ JPL របស់អង្គការ NASA បានប្រាប់សារព័ត៌មាន SPACE ថា «ពីដំបូងឡើយពួកយើងបានចាប់ផ្តើមសម្លឹងរកវា ហើយពួកយើងស្រាប់តែលាន់មាត់ថា៖ តើនេះជាការពិតឬ?… ខ្ញុំពិតជារំភើបខ្លាំងណាស់។ ការចំណាយពេលជាច្រើនបានជួយយើងឲ្យរកឃើញភពនេះ ហើយវាក៏បានកើតឡើងមួយថ្ងៃ មុនថ្ងៃខួបកំណើតរបស់ខ្ញុំផងដែរ»។

គួរបញ្ជាក់ថា តេឡេស្កូបអវកាស TESS តែងតែសម្ងំអង្កេតតារាមួយដួងៗ ដោយប្រើប្រាស់ពេលយ៉ាងហោចណាស់ក៏ ១ខែដែរ ក្នុងមួយលើកៗ (ដំណើរការ Transit) ដើម្បីចាប់យកបាតុភូតបិទបាំងពន្លឺដ៏ស្រាលណាមួយ ដែលអាចបញ្ជាក់ថា ផ្កាយនោះកំពុងមានភពគោចរជុំវិញ។ តាមរយៈកម្រិតនៃស្រមោលពន្លឺ ដែលជះមកលើតេឡេស្កូបនេះ ក្រុមតារាវិទូអាចគណនាដឹងអំពីទំហំ និងគម្លាតរវាងភពទាំងនោះពីផ្កាយមេរបស់ពួកវាបាន។

ផ្កាយ TOI 700 មានចម្ងាយជាង ១០០ឆ្នាំពន្លឺពីផែនដី ហើយវាជាប្រភេទតារាមានទំហំតូចប៉ុណ្ណោះ ដែលពេលនេះភពចំនួន ៤ ហើយត្រូវបានរកឃើញនៅជុំវិញវា នោះគឺ TOI 700 b, c, d និង e ចុងក្រោយគេ។ ភព TOI 700 e ថ្មីនេះ មានទំហំស្មើនឹង ៩៥% នៃទំហំភពផែនដីយើង ហើយបើគិតអំពីគម្លាត និងកម្រិតកម្តៅដែលវាទទួលបានពីផ្កាយមេវានោះ នៅលើផ្ទៃភពនេះអាចរក្សាបាននូវ «វត្តមានទឹករាវ» មិនខុសពីនៅផែនដីឡើយ។

ទោះជាយ៉ាងណា របកគំហើញខាងលើនេះក៏បានផ្តល់ជាចម្ងល់ធំមួយផងដែរ នោះគឺថាតើប្រព័ន្ធផ្កាយ TOI 700 មានភពស្ថិតក្នុងតំបន់ Habitable Zone លើសពី ១? ត្រង់ចំណុចនេះ ក្រុមតារាវិទូក៏ធ្លាប់បានពន្យល់ផងដែរថា ប្រព័ន្ធផ្កាយខ្លះអាចមានភពរហូតដល់ទៅ ៣ ឯណោះ ស្ថិតក្នុងតំបន់អំណោយផលដ៏ការកកើតជីវិត ពោលគឺវាអាចរក្សាវត្តមានទឹករាវ និងបរិយាកាសស្រោបជុំវិញភពទាំងនោះបាន ដោយសារតែស្ថិតនៅក្នុងគម្លាតដ៏សមរម្យ ពីផ្កាយមេពួកវា (មិនក្តៅពេក និងមិនត្រជាក់ពេក)។

ដោយឡែកសម្រាប់ប្រព័ន្ធព្រះអាទិត្យយើងវិញ ក្រៅពីភពផែនដីនេះ, ភពសុក្រ (Venus) និងភពអង្គារ (Mars) ក៏ត្រូវបានចាត់ទុកថា ស្ថិតនៅក្នុងតំបន់ Habitable Zone ផងដែរ ព្រោះតែអតីតកាលនៃភពទាំង ២ នេះ សុទ្ធតែធ្លាប់មានវត្តមានទឹករាវនៅផ្ទៃស្រាប់លើរៀងៗខ្លួន។ ប៉ុន្តែដោយសារតែអតីតកាលភពទាំង ២ នៅមានអាថ៌កំបាំងច្រើន ហេតុដូច្នេះទើបយើងមិនទាន់ដឹងថា តើទឹកទាំងអស់នោះបាត់បង់ទៅដោយរបៀបណាឡើយ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០២៣)
