ផ្កាយដុះកន្ទុយ ZTF ដែលជិតហោះមកកៀកផែនដីនោះ «ដាច់កន្ទុយ» បាត់ខ្លះហើយ!

309

(បរទេស)៖ ផ្កាយដុះកន្ទុយពណ៌បៃតងឈ្មោះ C/2022 E3 ឬ ZTF ដែលទើបបានហោះទៅកៀកនឹងព្រះអាទិត្យកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ និងកំពុងរំកិលមកក្បែរភពផែនដីយើងបំផុតចំថ្ងៃទី០១ ខែកុម្ភៈនោះ ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រអះអាងថា បានដាច់កន្ទុយខ្លះបាត់ទៅហើយ ខណៈមូលហេតុក៏ត្រូវបានបញ្ជាក់ផងដែរ។

បើតាមរូបភាពដែលត្រូវបានថតដោយ អ្នកជំនាញខាងប្រមាញ់រូបភាពអវកាស ជនជាតិអូទ្រីសមួយរូបឈ្មោះ Michael Jaeger បានបង្ហាញថា ផ្កាយដុះកន្ទុយ ZTF បានបាត់បង់ផ្នែកខ្លះនៃកន្ទុយវា ដែលទំនងជាត្រូវបានបង្កឡើងដោយព្យុះព្រះអាទិត្យ (Solar Storm)។ លោក Michael Jaeger បានធ្វើដំណើរពីប្រទេសអូទ្រីស ទៅកាន់រដ្ឋ Bavaria នៃប្រទេសអាល្លឺម៉ង់កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ដើម្បីផ្តិតរូបភាពផ្កាយដុះកន្ទុយនេះឲ្យបានច្បាស់ ព្រោះតែនៅទីនោះផ្ទៃមេឃមានភាពស្រឡះល្អជាងគេនាពេលរាត្រី។

រូបថតដោយលោក Michael Jaeger បង្ហាញពីកន្ទុយរបស់ ZTF ខូចទ្រង់ទ្រាយ (Image Credit: Michael Jaeger)

លោក Michael Jaeger បានផ្តិតរូបភាពអំពីការប្រែប្រួលរបស់ផ្កាយដុះកន្ទុយ ZTF ហើយថែមទាំងថតវីដេអូមួយចំនួនថែមទៀតផង ដោយលោកអ្នកដែលចាប់អារម្មណ៍អាចចូលទៅកាន់បណ្តាញសង្គម Twitter រួចវាយឈ្មោះពិតរបស់លោកដើម្បីទស្សនាបាន។ អ្នកជំនាញខាងថតរូបអវកាសរូបនេះ បានប្រាប់សារព័ត៌មាន SPACE ថា «ការធ្វើដំណើរមួយនេះ ពិតជាមិនបាននាំឲ្យខកចិត្តឡើយ។ ការថតរូបផ្កាយដុះកន្ទុយនានា មិនអាចឲ្យយើងធ្វេសប្រហែលជាដាច់ខាត ព្រោះពួកវាតែងតែប្រែប្រួលភ្លាមៗ នៅពេលចូលដល់ប្រព័ន្ធព្រះអាទិត្យក្នុង (Inner Solar System) ដែលមានសីតុណ្ហភាពក្តៅនោះ»

បាតុភូតខាងលើនេះត្រូវបានគេដាក់ឈ្មោះឲ្យថា «ព្រឹត្តិការណ៍កាត់ផ្តាច់»disconnection event ដែលបានធ្វើឲ្យខូចខាតធ្ងន់ធ្ងរដល់កន្ទុយរបស់ ផ្កាយដុះកន្ទុយមួយនោះ។ វាត្រូវបានបង្កឡើងដោយឥទ្ធិពលនៃ Solar Wind Solar Storm ដែលទើបត្រូវបានបង្កឡើងតាមរយៈ ការជះចេញនូវអណ្តាតភ្លើងពីស្រទាប់បរិយាកាស ខូរ៉ូណា (Corona) របស់ព្រះអាទិត្យ,​ ជាព្រឹត្តិការណ៍ដែលយើងស្គាល់ឈ្មោះថា coronal mass ejection ឬ CME។ ក្នុងន័យនេះ កន្ទុយរបស់ ZTF មួយចំនួនត្រូវបាន Solar Storm បោកផ្តាច់ ហើយក៏នឹងរសាត់ទៅក្នុងទីអវកាសអស់ផងដែរ។

Breaking៖ ផ្កាយដុះកន្ទុយ១ ដែលជិតហោះមកកៀកផែនដីនោះ «ដាច់កន្ទុយ» បាត់ខ្លះហើយ!
រូបតំណាងផ្កាយដុះកន្ទុយ ZTF ដែលអាចមើលឃើញលើផ្ទៃមេឃនៅអឌ្ឍគោលខាងជើង, ក្បែរប៉ូល (រូបភាពពីបរទេស)

គួរបញ្ជាក់ថា ផ្កាយដុះកន្ទុយ C/2022 E3 (ZTF) ត្រូវបានរកឃើញដោយតេឡេស្កូប Zwicky Transient Facility (ZTF) នៅមន្ទីរអង្កេតតារា Palomar នៃរដ្ឋ California សហរដ្ឋអាមេរិក កាលពីខែមីនា ឆ្នាំ២០២២។ សម្រាប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ ឆាប់ៗខាងមុខនេះ គឺត្រូវបានចាត់ទុកថា ជាពេលដែល ZTF មកកៀកផែនដីបំផុត (ក្នុងគម្លាតខ្ទង់ ៤១លានគីឡូម៉ែត្រ) មិនធ្លាប់មានក្នុងរយៈពេល ៥០,០០០ឆ្នាំមកនេះ ឬបន្ទាប់ពីអំបូរមនុស្ស Neanderthal ជិតផុតពូជពីលើភពផែនដី។ ចាប់ពីចុងខែមករានេះ ដល់ដើមខែកុម្ភៈ ប្រជាជនក្នុងតំបន់ដែលអាចមានឱកាស មើលឃើញ ZTF ដោយភ្នែកទទេនោះ គឺបណ្តាប្រទេសនៅក្បែរៗប៉ូលខាងជើងភពផែនដី៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០២៣)

480×240 Banner