Breaking៖ ស្នូលក្នុងភពផែនដីទំនងជាចាប់ផ្តើម «វិលបញ្ច្រាស», អ្នកវិទ្យាសាស្ត្រពន្យល់ (មានវីដេអូ)

1,114

(ប៉ារីស)៖ រាប់ពាន់គីឡូម៉ែត្រទៅក្រោមជើងរបស់យើង គឺមានអ្វីមួយដែលកំពុងចាប់ធ្វើចលនាផ្ទុយនឹងយើងហើយ។ ស្នូលក្នុងរបស់ផែនដី (inner core) ដែលជាដុំដែក (iron) លាយឡំនឹងនីកែល (nickel) ដ៏ក្តៅគគុកមានរាងមូល និងទំហំប៉ុនភព ភ្លូថូ (Pluto) នោះ បានឈប់វិលជុំវិញខ្លួនឯង ស្របនឹងការវិលរបស់ស្រទាប់លើៗនៃភពផែនដីនេះហើយ តែវាទំនងជាកំពុងចាប់ផ្តើមវិលបញ្ច្រាសពីនេះវិញ, នេះបើយោងតាមលទ្ធផលសិក្សាថ្មី ដែលត្រូវបានដកស្រង់នៅថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០២៣ នេះ។

តាមរយៈការសិក្សានាប៉ុន្មានទសវត្សរ៍មកនេះ ក្រុមអ្នកវិទ្យាសាស្ត្របានយល់ដឹងជាទូទៅថា ស្នូលក្នុងរបស់ភពផែនដី ដែលស្ថិតនៅក្នុងជម្រៅ ៥,០០០គីឡូម៉ែត្រទៅក្រោមដីនោះ តែងតែមានសេរីភាពក្នុងការវិល ពីព្រោះវាជាស្នូលរឹងដ៏ក្តៅ ដែលមានព័ទ្ធជុំវិញទៅដោយធាតុ ដែក និងនីកែលរាវក្តៅ (liquid mentals of iron and nickel) ឬយើងហៅថា ស្រទាប់ស្នូលក្រៅ (outer core) នោះ។

Breaking៖ ស្នូលក្នុងភពផែនដីទំនងជាចាប់ផ្តើម «វិលបញ្ច្រាស», អ្នកវិទ្យាសាស្ត្រពន្យល់ (មានវីដេអូ)
ស្រទាប់ស្នូលក្នុងផែនដី (រូបភាពពីបរទេស)

ទោះជាយ៉ាងណា ឥរិយាបថនៃរង្វិលរបស់ស្នូលក្នុងភពផែនដីនេះ បានក្លាយជាប្រធានបទជជែកដេញដោល រវាងក្រុមអ្នកវិទ្យាសាស្ត្រជាយូរមកហើយ ហើយការរកឃើញថ្មីពេលនេះ ក៏ក្លាយជាភាពចម្រូងចម្រាសបន្ថែមផងដែរ។ ជាការពិត ការសិក្សាអំពីឥរិយាបថស្នូលក្នុងភពផែនដី គឺយោងលើប្រភពតិចតួចប៉ុណ្ណោះ ដូចជាការតាមដានរលកនៃការរញ្ជួយ (seismic waves) ដែលត្រូវបានបង្កើតឡើងដោយគ្រោះរញ្ជួយដី ឬពេលខ្លះមកពីបន្ទុះនុយក្លេអ៊ែរ (អំលុងទសវត្សរ៍ ១៩៦០ និង ១៩៧០) នៅពេលដែលរលកទាំងនោះ ចល័តឆ្លងកាត់ស្រទាប់កណ្តាលរបស់ផែនដី។

ដើម្បីសិក្សាអំពីឥរិយាបថនៃរង្វិលរបស់ស្នូលក្នុងផែនដី ក្រុមអ្នកវិទ្យាសាស្ត្របានធ្វើការត្រួតពិនិត្យទិន្នន័យ អំពីគ្រោះរញ្ជួយដីដែលបានកើតមាននាអំលុងពេល ៦០ឆ្នាំចុងក្រោយនេះ។ អ្នកដឹកការស្រាវជ្រាវពីររូបមកពីសាកលវិទ្យាល័យ Peking ប្រទេសចិន គឺលោក Xiaodong Song និងលោកស្រី Yi Yang បានពន្យល់ថា ពួកគេបានរកឃើញ «ការវិលនៃស្នូលក្នុងរបស់ភពផែនដី បានសម្រេចជិតពាក់កណ្តាលទៅហើយ កាលពីអំលុងឆ្នាំ ២០០៩ តែបន្ទាប់មកស្នូលនោះ ក៏វិលក្នុងទិសដៅបញ្ច្រាស់មកវិញ»

ស្រទាប់ស្នូលក្នុងផែនដី (រូបភាពពីបរទេស)

ក្រុមអ្នកដឹកនាំការស្រាវជ្រាវទាំងពីររូបនេះ បានប្រាប់ទីភ្នាក់់ងារសារព័ត៌មាន AFP ទៀតថា «យើងជឿជាក់ថាស្នូលក្នុងរបស់ផែនដីវិល គឺពាក់ព័ន្ធនឹងស្រទាប់ក្រៅរបស់ផែនដី… ដោយវិលទៅវិលមកដូចជាការយោល…។ រយៈពេលនៃវដ្ដរង្វិលនេះគឺ ៧០ឆ្នាំ ដោយប្រការនេះមានន័យថា ៣៥ឆ្នាំជាពេលស្នូលក្នុងវិលស្របនឹងស្រទាប់ក្រៅផែនដី ហើយ ៣៥ឆ្នាំទៀតជាពេលស្នូលក្នុងវិលបញ្ច្រាសនឹងស្រទាប់ក្រៅផែនដីវិញ»។

បើតាមក្រុមអ្នកវិទ្យាសាស្ត្រ យោងតាមការអង្កេតដំបូង ការផ្លាស់ប្តូរទិសដៅរង្វិលនៃស្នូលក្នុងផែនដី បានកើតមានឡើងកាលអំលុងដើមទសវត្សរ៍ ១៩៧០ ហើយបន្ទាប់មកគឺនៅឆ្នាំ ២០០៩ (ចុងទសវត្សរ៍ ២០០០) និងបន្ទាប់មកទៀត អាចនឹងកើតឡើងនៅពាក់កណ្តាលទសវត្សរ៍ ២០៤០

ស្រទាប់ស្នូលក្នុងផែនដី (រូបភាពពីបរទេស)

ពួកគេក៏បានជឿជាក់ថា ការផ្សារភ្ជាប់គ្នាគឺមានចាប់តាំងពីស្នូលក្នុងផែនដី រហូតមកដល់ស្រទាប់ខាងលើៗ ហើយក៏សង្ឃឹមផងដែរថា មនុស្សលោកនឹងមានឧបករណ៍ដ៏អស្ចារ្យ ដើម្បីវាស់ស្ទង់កម្រិតនៃការផ្លាស់ប្តូរ រង្វិលនៃស្នូលក្នុងផែនដីនោះ ឲ្យបានច្បាស់លាស់នៅថ្ងៃអនាគត។ ប្រសិនបើនេះ ជាដំណើរផ្លាស់ប្តូរដែលមានវដ្តជាទៀងទាត់នោះ យើងជាមនុស្សលោកក៏មិនមានអ្វីត្រូវព្រួយបារម្ភនោះដែរ

តែយ៉ាងណា អ្នកវិទ្យាសាស្ត្រផ្សេងទៀតដូចជាលោក Hrvoje Tkalcic មកពីសាកលវិទ្យាល័យជាតិអូស្ត្រាលី បានអះអាងល្អៀងយ៉ាងឆ្ងាយពីលទ្ធផលខាងលើនេះវិញថា វដ្តរង្វិលនៃស្នូលក្នុងភពផែនដី គឺអាចកើតមានចន្លោះពី ២០ – ៣០ឆ្នាំម្តង មិនមែន ៧០ឆ្នាំដូចការរកឃើញ ដោយសាកលវិទ្យាល័យចិននោះឡើយ។ លោក Tkalcic បានសង្កត់ធ្ងន់ទៀតថា ការពិតនៃស្នូលក្នុងភពផែនដីចំពោះយើង គឺពិតជាស្ថិតក្នុងភាពស្រពិចស្រពិលខ្លាំងនៅឡើយ ហេតុដូច្នេះការសិក្សាបន្តទៅមុខ នឹងអាចឲ្យយើងរកឃើញចម្លើយដែលជាក់លាក់រួមមួយ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ AFP (ថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០២៣)

480×240 Banner