ផ្ទាំងទឹកកកយក្សទំហំប៉ុនទីក្រុង London របេះចេញពីទ្វីបអង់តាកទិកហើយ! (មានវីដេអូ)

2,406

(បរទេស)៖ យោងតាមមូលដ្ឋានស្រាវជ្រាវរបស់ចក្រភពអង់គ្លេស (BAS) ប្រចាំនៅអង់តាកទិកបានប្រកាសឲ្យដឹងថា ផ្ទាំងទឹកកកយក្សដែលមានទំហំ ប្រហាក់ប្រហែលនឹងទីក្រុងឡុងដ៍ (London) នៃចក្រភពអង់គ្លេសនោះ បានរបេះចេញពីធ្នើទឹកកកមួយឈ្មោះ Brunt Ice Shelf នៃទ្វីបស្ថិតនៅប៉ូលខាងត្បូងភពផែនដីនោះហើយ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣

មូលដ្ឋាន BAS របស់អង់គ្លេសនៅអង់តាកទិក (រូបភាពពីបរទេស)

ផ្ទាំងទឹកកកដ៏ធំមហាសាលនោះ ត្រូវបានដាក់ឈ្មោះសម្គាល់ឲ្យថា Iceberg-A81 និងត្រូវបានក្រុមអ្នកជំនាញគណនាថា មានទំហំ ១,៥៥០គីឡូម៉ែត្រក្រលា ហើយរូបភាពនៃការប្រេះចេញរបស់ A81 នោះត្រូវបានផ្តិតយកដោយផ្កាយរណប Terra នៃអង្គការ NASA។ ការប្រេះចេញនេះបានកើតមានឡើង នៅតំបន់កើតមានស្នាមប្រេះដ៏ធំ ដែលត្រូវបានគេដាក់ឈ្មោះថា ស្នាមប្រេះ Chasm 1 ហើយក៏ជាតំបន់មួយនៃទ្វីបអង់តាកទិក ដែលស្ថិតក្នុងការតាមដានជាប់ជានិច្ចចាប់តាំងពីទសវត្សរ៍ ១៩៧០ ផងដែរ។

(រូបភាពពី NASA)

គួរបញ្ជាក់ថា កាលអំលុងទសវត្សរ៍ ១៩៧០ នោះ ស្នាមប្រេះ Chasm 1 បានលេចឡើង ហើយក្រោយមកក៏មានការស្ងប់ស្ងាត់វិញបន្តិច។ ប៉ុន្តែនៅក្នុងឆ្នាំ ២០១២ ស្នាមប្រេះនោះក៏ចាប់ផ្តើមរីកធំឡើងវិញ នៅក្នុងកម្រិត ៤គីឡូម៉ែត្រក្នុង ១ឆ្នាំ រហូតដល់ដើមឆ្នាំ ២០១៩។ ទោះបីជាកម្រិតនេះមានភាពយឺតយ៉ាវក៏ដោយ រហូតដល់ចុងឆ្នាំ ២០២២ និងដើមឆ្នាំ ២០២៣ នេះ ដែលជារដូវក្តៅនៅទ្វីបអង់តាកទិក ស្នាមប្រេះក៏បានកើតឡើងខ្លាំង ហើយក៏បង្កការរបេះចេញនូវផ្ទាំងទឹកកក A81 នោះតែម្តង។

ផ្ទាំងទឹកកកយក្សទំហំប៉ុនទីក្រុង London របេះចេញពីទ្វីបអង់តាកទិកហើយ!
(រូបភាពពី NASA)

យ៉ាងណាក៏ដោយ ក្រុមអ្នកវិទ្យាសាស្ត្រអង្គការ NASA បានអះអាងថា នេះជាដំណើរធម្មជាតិនៃការកកើត និងប្រេះស្រាំទៅវិញនៃធ្នើទឹកកកទ្វីបអង់តាកទិកប៉ុណ្ណោះ។ តែយ៉ាងណា ការប្រែប្រួលបរិយាកាសភពផែនដី ក៏បានជួយជំរុញល្បឿននៃដំណើរការនេះផងដែរ ដូចអ្វីដែលធ្លាប់បានកើតមានជាច្រើនករណីមកហើយ នៅទ្វីបទឹកកកនេះ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA (ថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០២៣)

480×240 Banner