ប្រទេសចិន និង UAE ត្រៀមសម្រុកទៅប៉ូលព្រះចន្ទនៅឆ្នាំ២០២៤-២០២៦ ដូច NASA របស់អាមេរិក

374

(ប៉េកាំង)៖ ប្រទេសចិនកំពុងធ្វើការអភិវឌ្ឍគ្រឿងយន្តចល័ត (rover) ថ្មីមួយ ដែលអាចនឹងចាប់ផ្តើមរុករកប៉ូលខាងត្បូងនៃព្រះចន្ទនៅឆ្នាំ២០២៦ ហើយ rover នៃបេសកកម្ម ឆាងអឺទី ៧ (Chang’e 7) នេះ គឺជាផ្នែកមួយនៃដំណាក់កាលថ្មីក្នុងការស្រាវជ្រាវឋានព្រះចន្ទរបស់ចិន ដែលត្រូវបានអនុម័តនាពេលថ្មីៗនេះ ដែលនឹងកំណត់គោលដៅទៅប៉ូលខាងត្បូងព្រះចន្ទ និងផ្នែកមួយចំហៀងទៀត (far side) ដែលមិនបែរមករកផែនដី។

បេសកកម្ម Chang’e 7 នឹងមានជើងទម្រងសម្រាប់ចុះចត (lander), យានរុករកចល័ត (rover) និងឧបករណ៍ហោះហើរតូចមួយដើម្បីចាប់សញ្ញា ដែលមានសមត្ថភាពអាចផ្លាស់ទីចូលទៅក្នុងរណ្ដៅងងឹតៗ ដើម្បីស្វែងរកដាននៃទឹកកក។ បេសកកម្មទាំងមូលនេះ ក៏នឹងត្រូវគាំទ្រដោយផ្កាយរណបបញ្ជា និងបញ្ជូនទិន្ន័យថ្មីមួយ នៅក្នុងគន្លងគោចរជុំវិញព្រះចន្ទនោះផងដែរ។

គំរូ Rover នៃបេសកកម្មឆាងអឺនានារបស់ចិន (រូបភាពពី CNSA)

Rover របស់ឆាងអឺទី ៧ នឹងមានទម្ងន់ ១៤០គីឡូក្រាម ហើយដើរដោយថាមពលពីពន្លឺព្រះអាទិត្យ។ ទោះបីជាស្តាប់មើលទៅវាស្រដៀងនឹងគ្រឿងយន្ត Yuto របស់បេសកកម្មឆាងអឺទី ៣ នៅឆ្នាំ ២០១៣ និង Yutu 2 របស់បេសកកម្មឆាងអឺទី នៅឆ្នាំ ២០១៩ ក៏ដោយ តែការពិតនឹងមានលក្ខណៈខុសប្លែកពីគ្នា។

Rover Yutu (រូបភាពពី CNSA)

Rover របស់ឆាងអឺទី ៧ នឹងមានទម្ងន់ធ្ងន់ជាង Yutu 2 បន្តិច ព្រោះវានឹងត្រូវនាំជាប់ខ្លួននូវឧបករណ៍វិទ្យាសាស្ត្រជាច្រើន ហើយក៏ជាគ្រឿងយន្តឯករាជ្យ និងឆ្លាតជាងយានណាៗទាំងអស់ផងដែរ (មានន័យថា វាអាចគ្រប់គ្រងម្ចាស់ការលើខ្លួនឯង បានច្រើនជាង rover មុនៗ), នេះបើតាមការលើកឡើងរបស់លោក Tang Yuhua អនុប្រធានក្រុមអ្នកជំនាញបច្ចេកទេសឌីសាញ នៃមជ្ឈមណ្ឌលវិស្វកម្មអវកាសចិន ប្រាប់ទូរទស្សន៍ CCTV

Rover Yutu 2 (រូបភាពពី CNSA)

សម្រាប់បេសកកម្ម ឆាងអឺទី ៦ វិញនឹងត្រូវបញ្ជូនទៅតំបន់ Aitken Basin នៃប៉ូលខាងត្បូងព្រះចន្ទ ហើយក៏ពាំនាំទៅជាមួយនូវ rover មួយគ្រឿងរបស់ប្រទេស អេមីរ៉ាតអារ៉ាប់រួម (UAE) ទៅកាន់ទីនោះដែរនៅឆ្នាំ ២០២៤ ខណៈបេសកកម្ម Artemis របស់អង្គការ NASA នៃសហរដ្ឋអាមេរិក ក៏នឹងចាប់ផ្តើមនៅឆ្នាំជាមួយគ្នា និងនៅប៉ូលខាងត្បូងព្រះចន្ទដូចគ្នាផងដែរ គ្រាន់តែបេសកកម្មអាមេរិក នឹងមានមនុស្សពិតៗទៅកាន់ទីនោះ មិនមែនតែគ្រឿងយន្តនោះឡើយ។ ដោយឡែក បេសកកម្មឆាងអឺទី ៨ អាចនឹងចាប់ផ្តើមនៅឆ្នាំ ២០២៨ ដែលនឹងមានគោលដៅពាក់ព័ន្ធនឹងបច្ចេកវិទ្យា 3D printing ក៏ដូចជាការទាញយកធនធានពីព្រះចន្ទជាដើម៕

ប្រទេសចិន និង UAE ត្រៀមសម្រុកទៅប៉ូលព្រះចន្ទនៅឆ្នាំ២០២៤-២០២៦ ដូចអាមេរិក
(រូបភាពពី JAXA)

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០២៣)

480×240 Banner