ដូចសត្វអ្វី? NASA ប្រទះឃើញទិដ្ឋភាពនេះលើភពអង្គារ និងពន្យល់តាមបែបវិទ្យាសាស្ត្រ (មានវីដេអូ)

1,210

(បរទេស)៖ កាលពីពេលថ្មីៗនេះ អង្គការ NASA បានប្រទះឃើញទីតាំងមួយលើភពអង្គារ (Mars) បានកើតមានស្នាមប្រេះ ហើយបូកថែមនឹងតំបន់មានកំហូងៗនៅទីនោះទៀត វាក៏បង្កទៅជាទម្រង់ដូចមុខសត្វមួយប្រភេទតែម្តង ហើយទិដ្ឋភាពបែបនេះក៏ត្រូវការឲ្យមានការបកស្រាយ តាមបែបវិទ្យាសាស្ត្រផងដែរ។

រូបមួយសន្លឹកនេះត្រូវបានបង្ហាញកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ដោយសាកលវិទ្យាល័យរដ្ឋ អារីហ្សូណា (UA) នៃសហរដ្ឋអាមេរិក និងត្រូវបានថតដោយផ្កាយរណប MRO ដែលកំពុងគោចរនៅជុំវិញភពអង្គារ កាលពីអំលុងខែធ្នូ ឆ្នាំ២០២២ ខណៈដែលវាកំពុងស្ថិតនៅរយៈកម្ពស់ ២៥១គីឡូម៉ែត្រពីលើផ្ទៃភពក្រហមនោះ។ MRO ត្រូវបានបញ្ជូនទៅដល់ភពអង្គារ កាលពីឆ្នាំ ២០០៦ ហើយនៅលើខ្លួនវាមានបំពាក់នូវ កាមេរ៉ាផ្តិតរូបភាពកម្រិតខ្ពស់ (HiRISE) ផលិតដោយក្រុមការងាររបស់ UA ផ្ទាល់។

ដូចសត្វអ្វី? NASA ប្រទះឃើញទិដ្ឋភាពនេះលើភពអង្គារ និងពន្យល់តាមបែបវិទ្យាសាស្ត្រ…
(រូបភាពពី NASA/UA)

បើតាមសាកលវិទ្យាល័យ UA ក្រុមអ្នកវិទ្យាសាស្ត្របានប្រៀបប្រដូច ទិដ្ឋភាពក្នុងរូបភាពខាងលើនេះ ទៅនឹងមុខ «សត្វខ្លាឃ្មុំ» ដោយមានស្នាមប្រេះរាងមូលចេញទម្រង់មុខ ហើយកំហូង (Crater) តូចៗប៉ុនគ្នា ១គូនៅផ្នែកខាងលើគឺជាភ្នែក និងកំហូងរាងជាអក្សរ V គឺជាច្រមុះភ្ជាប់ជាមួយមាត់។ យើងពិតជាពិបាកប្រកែកថា វាមិនដូចមុខខ្លាឃ្មុំ Teddy ណាស់។

(រូបភាពពី NASA/UA)

យោងតាមក្រុមអ្នកជំនាញ UA ដែលវិភាគលើរូបភាពរបស់ MRO បានឲ្យដឹងថា ទិដ្ឋភាពខាងលើនេះ គឺត្រឹមតែជាបាតុភូតបង្កឡើងដោយ ការបាក់ស្រុតទីទួល (hill) ដែលស្ថិតនៅចំកណ្តាលនៃរណ្តៅ (crater) មួយប៉ុណ្ណោះ។ UA បានគូសបញ្ជាក់បែបនេះថា «មានទីទួលមួយដែលបានបាក់ស្រុតចេញរាងជាអក្សរ V (រាងដូចច្រមុះ និងមាត់, អាចត្រូវបានបង្កឡើងដោយកម្អែរភ្នំភ្លើង​ ឬភក់ពីបុរាណ) ខណៈកំហូង (crater) តូចៗទាំង ២ គឺប្រៀបដូចភ្នែកទាំងគូ ហើយបូកផ្សំនឹងស្នាមប្រេះចេញជារាងជារង្វង់ទៀតនោះ គឺមើលទៅដូចជាមុខសត្វខ្មាឃ្មុំតែម្តង»

ផ្កាយរណបអង្កេតភពអង្គារ MRO (រូបភាពពី NASA)

គួរបញ្ជាក់តាមក្រុមអ្នកវិទ្យាសាស្ត្របានអះអាងថា មុខខ្លាឃ្មុំខាងលើនេះមានទំហំធំជាងខ្លាឃ្មុំមែនទែនឆ្ងាយណាស់ ជាមួយនឹងមុខកាត់ ២,០០០ម៉ែត្រឯណោះ។ ទោះជាបែបនេះក្តី ភ្នែក និងខួរក្បាលរបស់មនុស្សទេ ជាអ្នកជំរុញផ្លូវអារម្មណ៍ ឲ្យប្រៀបប្រដូចទិដ្ឋភាពក្នុងរូបភាពនេះចេញទៅអ្វីដែលដូចនឹង រូបភាព ឬសំឡេង ដែលយើងធ្លាប់ជួបប្រទះចៃដន្យ នោះគឺមុខសត្វខ្លាឃ្មុំ (យើងហៅទំនោរបែបនេះថា pareidoliaទំនោរតាមផ្លូវចិត្ត)៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA/UA (ថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០២៣)

480×240 Banner