យល់ដឹង៖ ម៉ោងជាក់លាក់ (កម្ពុជា) ដើម្បីអង្កេតផ្កាយដុះកន្ទុយ C/2022 E3 គោចរមកកៀកផែនដីបំផុត (មានវីដេអូ)

18,137

(បរទេស)៖ ផ្កាយដុះកន្ទុយ C/2022 E3 ឬ ZTF ដែលធ្លាប់បានចល័តមកកៀក ភពផែនដីយើងលើកមុន កាលពី ៥០,០០០ឆ្នាំកន្លងទៅនោះ នឹងចល័តមកកៀកសាជាថ្មីម្តងទៀត នៅយប់ថ្ងៃពុធថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ (ម៉ោងនៅសហរដ្ឋអាមេរិក) ត្រូវនឹងព្រឹកព្រហាមថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ (ម៉ោងនៅទីក្រុងភ្នំពេញ) ក្រោយពីវាបានហោះទៅកៀកព្រះអាទិត្យបំផុត កាលពីថ្ងៃទី១២ ខែមករានោះ។

* តើម៉ោងប៉ុន្មានត្រូវបានកំណត់ សម្រាប់ការមកជិតផែនដីបំផុតដោយ ZTF?

បើគិតជាម៉ោងជាក់លាក់តែម្តងនោះ គឺនៅវេលាម៉ោង ៤៖៣០ – ៥៖៣០នាទី ព្រឹកព្រហាមថ្ងៃព្រហស្បតិ៍ ទី០២ ខែកុម្ភៈ (ម៉ោងនៅកម្ពុជា) ប៉ុន្តែក្រោយពេលវេលានោះ ព្រះអាទិត្យនឹងចាប់ផ្តើមបញ្ចេញពន្លឺពេញផ្ទៃមេឃ ដែលប្រាកដជាមិនអាចឲ្យយើង មើលឃើញអ្វីដែលក្រុមតារាវិទូសន្មត់ថា ជាពេលដែល ZTF គោចរមកកៀកភពផែនដីបំផុតក្នុងគម្លាតតែជាង ៤២លានគីឡូម៉ែត្រ (២៨% នៃគម្លាតរវាងភពផែនដីនឹងព្រះអាទិត្យ) នោះឡើយ ហើយម្យ៉ាងវិញទៀត ពេលទាបភ្លឺបែបនេះក៏ពិបាកនឹងឲ្យមនុស្សម្នា ងើបតាមដានព្រឹត្តិការណ៍មហាកម្រនោះផងដែរ។

ផ្កាយដុះកន្ទុយ ZTF (រូបភាពពី Miguel Claro)

ហេតុដូច្នេះទើបក្រុមតារាវិទូ និងអ្នកតាមដានផ្ទៃមេឃពេលរាត្រីនៅអាស៊ីយើងបាន «សន្មត់» យកឱកាសល្អមួយនោះគឺនៅយប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ ២០២៣ (UPDATE: ប្រសិនបើផ្ទៃមេឃស្រឡះល្អឡើងវិញ ចាប់ពីវេលា ១១៖៤៩នាទីយប់ថ្ងៃទី០១ ខែកុម្ភៈ រហូតដល់ម៉ោង ២៖៤៦នាទីទាបភ្លឺឈានចូលថ្ងៃទី២ ខែកុម្ភៈ គឺជាចន្លោះពេលដ៏ល្អបំផុតក្នុងការប្រើប្រាស់តេឡេស្កូប ឬកាមេរ៉ាផ្តិតយកទិដ្ឋភាពផ្កាយដុះកន្ទុយ C/2022 E3 ឬ ZTF (អាចមើលទៅកាន់ផ្ទៃមេឃភាគខាងជើង ឬមាន App បង្ហាញទិសដៅតារានិករជាជំនួយទើបប្រសើរ) ដើម្បីសម្លឹងមើលទៅកាន់តំបន់នៅក្បែរតារានិករ ខាមែឡូផាដាលីស (Camelopardalis Constellation) ដែលស្ថិតនៅក្បែរតារានិករ Ursa Major, Big Dipper និង Little Dipper លើផ្ទៃមេឃភពផែនដីហើយក៏ត្រូវការមេឃស្រឡះល្អបំផុតផងដែរ ដើម្បីអង្កេតមើលបាតុភូតខាងលើនេះ។

យល់ដឹង៖ ម៉ោងជាក់លាក់កម្ពុជា ដើម្បីអង្កេតផ្កាយដុះកន្ទុយ C/2022 E3 គោចរមកកៀកផែនដីបំផុត (មិនធ្លាប់មាន៥ម៉ឺនឆ្នាំ)
ផ្កាយដុះកន្ទុយ ZTF លើផ្ទៃមេឃនៃតំបន់ភ្នំនារដូវរងា នៅអឌ្ឍគោលខាងជើង (រូបភាពពី Anton Petrus/Getty Images)

* តើប្រទេសកម្ពុជាយើងអាចមើលឃើញផ្កាយដុះកន្ទុយ ZTF ដែរឬទេ?

សម្រាប់នៅប្រទេសយើងដែលស្ថិតនៅក្បែរខ្សែបន្ទាត់អេក្វាទ័រ ការមើលឃើញដោយភ្នែកទទេនោះ គឺពិតជាពិបាក ឬអាចទៅមិនរួច ព្រោះភ្នែកមនុស្សយើងអាចច្រលំ ZTF នោះទៅជាផ្កាយធម្មតា។ ប៉ុន្តែនៅពេលយើងស្គាល់ទីតាំងច្បាស់លាស់ និងមានតេឡេស្កូបខ្នាតតូច ឬកាមេរ៉ាគុណភាពខ្ពស់ដើម្បីចាប់រូបភាពនោះ យើងនឹងអាចមើលឃើញ ផ្កាយដុះកន្ទុយនេះតាមរយៈឧបករណ៍ទាំងនោះ។

ប៉ុន្តែសម្រាប់ប្រទេសនៅកៀកប៉ូលខាងជើងដូចជា ភាគខាងកើតរុស្ស៊ី, ប្រទេសម៉ុងហ្គោលី, កូរ៉េខាងត្បូង, កូរ៉េខាងជើង, ភាគខាងជើងប្រទេសចិន និងប្រទេសជប៉ុនជាដើមនោះ នឹងមានឱកាសមើលឃើញដោយភ្នែកទទេបាន (នេះប្រសិនយើងរាប់តែដែនដីនៅតំបន់អាស៊ី)។

គួរបញ្ជាក់ថា ផ្កាយដុះកន្ទុយពណ៌បៃតង C/2022 E3 (ZTF) ដែលមានមុខកាត់ ១គីឡូម៉ែត្រ (គិតតែតួខ្លួន, មិនគិតកន្ទុយ) ទើបត្រូវបានរកឃើញដោយ ក្រុមតារាវិទូនៃមន្ទីរអង្កេតតារា ផាឡូម៉ា (Palomar Observatory) របស់វិទ្យាស្ថាន Caltech ស្ថិតក្នុងទីក្រុង San Diego រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដោយប្រើប្រាស់តេឡេស្កូប Zwicky Transient Facility នៅទីនោះ។ វាធ្លាប់មកកាន់ផែនដីយើងម្តងកាលពីអំលុង ៥០,០០០ឆ្នាំមុន ដែលជាពេលអំបូរមនុស្ស Neanderthal ធ្លាប់បានគ្រប់គ្រងភាគច្រើននៃតំបន់អឺរ៉ាស៊ី (Eurasia) កំពុងឈានទៅរកការផុតពូជ (Neanderthal បានផុតពូជពីលើភពផែនដី កាលពីជាង ៣០,០០០ឆ្នាំមុន)៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/CNA/Nature (ថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០២១)

480×240 Banner