«ឧទ្យានកាឡាក់ស៊ី» ជារូបភាពល្អបំផុតប្រចាំខែថតដោយ James Webb និងស្ថិតនៅឆ្ងាយ (មានវីដេអូ)

846

(បរទេស)៖ នេះជារូបភាពល្អបំផុតប្រចាំខែមករា ឆ្នាំ២០២៣ ដែលក្រុមការងារគ្រប់គ្រង តេឡេស្កូបអវកាស James Webb របស់អង្គការ NASA ESA និង CSA ជ្រើសរើសយក ហើយវាពិតបង្ហាញនូវភាពអស្ចារ្យ តាមរយៈអត្ថន័យដែលបង្កប់នៅក្នុងនោះ។ សម្រាប់លោកអ្នកដែលស្រឡាញ់ និងតាមដានព័ត៌មានអំពីវិទ្យាសាស្ត្រ និងអវកាស ជាប់ជានិច្ច ពិតជាអាចយល់បានដោយមិនចាំបាច់មានអ្នកប្រាប់ថា រូបនេះជាអ្វីនោះឡើយ។

រូបភាពមួយសន្លឹកនេះ គឺត្រូវបានដាក់រហស្សនាមឲ្យថា «ឧទ្យានកាឡាក់ស៊ី»Garden of Galaxies ដែលស្ថិតនៅចម្ងាយជាង ១ពាន់លានឆ្នាំពន្លឺពីភពផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ) ហើយវាត្រូវបានដាក់ឈ្មោះឲ្យថា LEDA 2026648។ តេឡេស្កូបអវកាស James Webb បានសម្លឹងមើលដោយជ្រែកតារានិករ Hercules ដើម្បីរកមើលសួនកាឡាក់ស៊ីស្ថិតនៅឆ្ងាយនោះ ហើយយើងអាចមើលឃើញកាឡាក់ស៊ីធំជាងគេមួយ នៅខាងក្រោមរូបភាព ដែលមានទម្រង់ចេញជារាងគូទខ្យងមិនសូវខុសពីកាឡាក់ស៊ី Milky Way របស់យើងឡើយ។

«ឧទ្យានកាឡាក់ស៊ី» ជារូបភាពល្អបំផុតប្រចាំខែថតដោយ James Webb និងស្ថិតនៅសែនឆ្ងាយពីយើង…
សួនកាឡាក់ស៊ី LEDA 2026648 ថតដោយ James Webb (រូបភាពពី NASA ESA CSA)

គួរបញ្ជាក់ថា តេឡេស្កូបអវកាស James Webb មានគោលដៅចម្បងទី ១ ក្នុងការសិក្សាអំពីកាឡាក់ស៊ីដែលបានកកើតឡើងដំបូងៗនៅក្នុងចក្រវាល ឬជាពពួកកាឡាក់ស៊ីដែលបានលេចរូបរាងឡើង តែប៉ុន្មានរយលានឆ្នាំប៉ុណ្ណោះ បន្ទាប់ព្រឹត្តិការណ៍បន្ទុះ Big Bang ដែលបានកើតមានឡើងកាលពី ១៣.៨ពាន់លានឆ្នាំមុន ដើម្បីយល់ដឹងអំពីដំណើរនៃការកកើត, ការវិវឌ្ឍន៍ និងធាតុផ្សំសំខាន់ៗរបស់ចក្រវាលជាដើម។

តេឡេស្កូបអវកាស James Webb (រូបភាពពី NASA)

ឧបករណ៍វែករកពន្លឺក្រហមអាំងហ្វ្រា (Infrared Light) គ្រប់ទម្រង់ទាំងអស់របស់ James Webb គឺជាអាវុធដ៏មានអានុភាពសម្រាប់បំពេញកាតព្វកិច្ចខាងលើនេះ ដែលអាចឲ្យតេឡេស្កូបតម្លៃ ៩.៨ពាន់លានដុល្លារអាមេរិកមួយនេះ ពុះជ្រែកទីអវកាសទៅរកអតីតកាល តាមរយៈការចាប់យក និងវិភាគលើរលកប្រវែងពន្លឺក្រហមអាំងហ្វ្រានៃកាឡាក់ស៊ីឆ្ងាយៗ រហូតដល់ពពួកកាឡាក់ស៊ីដែលស្ថិតនៅកៀកនឹងព្រឹត្តិការណ៍ Big Bang តែម្តង៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA ESA CSA (ថ្ងៃពុធ ទី០១ ខែកុម្ភៈ ឆ្នាំ២០២៣)

480×240 Banner