អង្គការ NASA បាត់បង់រូបថតជាង «២០០សន្លឹក» នៅភពព្រហស្បតិ៍ (Jupiter)

1,678

(បរទេស)៖ ក្រោយការសម្ងំដោះស្រាយបញ្ហាអស់ជាច្រើនសប្តាហ៍នោះ អង្គការ NASA បានប្រកាសជាផ្លូវការថា រូបថតជាង ២០០សន្លឹក នៅភពព្រហស្បតិ៍ (Jupiter) ត្រូវបានបាត់បង់ទាំងស្រុង និងមិនអាចស្តារឡើងវិញបាននោះឡើយ ដែលនេះពិតជាបញ្ហាដ៏គួរឲ្យសោកស្តាយបំផុត។

ការបាត់បង់រូបភាពខាងលើ បានកើតមានឡើងដោយសារយានអវកាស Juno បានជួបបញ្ហាជាប់គាំង លើផ្នែកកាមេរ៉ាដ៏សំខាន់របស់វា នោះគឺ JunoCam។ យានអវកាស Juno ត្រូវបានបាញ់បញ្ជូនចេញពីភពផែនដី កាលពីឆ្នាំ២០១១ និងបានទៅដល់ប្រព័ន្ធភពព្រហស្បតិ៍ កាលពីពាក់កណ្តាលឆ្នាំ២០១៦ ហើយគិតត្រឹមដើមឆ្នាំ២០២៣ នេះ Juno បានហោះឆ្វែល (flyby) ភពព្រហស្បតិ៍ជិត ៥០លើក

ភពព្រហស្បតិ៍ថតដោយយាន Juno ក្នុងបេសកកម្ម flyby លើកទី ៤៨ (រូបភាពពី NASA)

ប៉ុន្តែកាលពីអំលុងការហោះឆ្វែលថ្មីៗនេះ គឺកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ កាមេរ៉ារបស់ Juno អាចផ្តិតបានតែរូបភាព ១ ភាគ ៥ នៃផែនការដែលគ្រោងបំពេញ នៅភពព្រហស្បតិ៍នោះប៉ុណ្ណោះ។ បញ្ហាស្រដៀងគ្នានេះ ក៏ធ្លាប់បានកើតមានម្តងដែរ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។ ក្រុមអ្នកជំនាញបានសន្និដ្ឋានថា កាមេរ៉ាលើយាន Juno ទំនងជាបានទទួលរងសីតុណ្ហភាពខ្ពស់ខ្លាំង និងចាប់ផ្តើមដំណើរការមុខងារ ដោះស្រាយបញ្ហាដោយស្វ័យប្រវត្តិ (troubleshoot)

មួយរយៈខ្លីប៉ុណ្ណោះ (៣៦នាទី) ក្រោយមានបញ្ហាលើផ្នែកអង្គចងចាំ (memory) កាលពីថ្ងៃទី១៤ ខែធ្នូ ដែលបាននាំឲ្យ Juno ដាក់ខ្លួនឯងទៅក្នុងមុខងារការពារសុវត្ថិភាព (Safe Mode) នោះ ការផ្ទេរទិន្នន័យមកផែនដីក៏ត្រូវបានពន្យារពេល។ យាននេះនៅតែអាចដោះស្រាយបញ្ហា និងដំណើរការកាមេរ៉ាដូចធម្មតាវិញ ហើយក៏បានផ្តិតរូបភាព ៩០សន្លឹក នៅជិតភពព្រហស្បតិ៍ ប៉ុន្តែរូបភាព ៤សន្លឹកដំបូងមានគុណភាពអន់ មិនអាចទទួលយកបានឡើយ។

យានអវកាស Juno (រូបភាពពី NASA)

ជុំវិញបញ្ហាខាងលើនេះ ក្រុមអ្នកជំនាញអង្គការ NASA បានសន្និដ្ឋានថា នៅពេលដែលកាមេរ៉ា JunoCam បើកដំណើរការពេលនោះ សីតុណ្ហភាពបានកើនឡើងភ្លាមៗ ធ្វើឲ្យរូបភាពដែលត្រូវបានថតដំបូងៗចំនួន ៤ សន្លឹកនោះ ខូចខាត ប៉ុន្តែនៅពេលសីតុណ្ហភាពថយចុះវិញក្រោយការផ្តិតរូបភាពទាំងនោះ ការថតរូបភាពបន្តបន្ទាប់ទៀត បានចេញលទ្ធផលជាធម្មតាវិញ។

តែយ៉ាងណា បញ្ហាហាក់ដូចជាកាន់តែធ្ងន់ធ្ងរឈានមកដល់ចុងខែមករា ឆ្នាំ២០២៣ ដោយវាមិនមែនកើតមានឡើងតែ ៣៦នាទីនោះទេ តែរហូតដល់ទៅ ២៣ម៉ោង ដែលយានអវកាស Juno បានជួបប្រទះបញ្ហាកាន់តែធ្ងន់ធ្ងរ។ លើកចុងក្រោយនេះ អង្គការ NASA បានបាត់បង់រូបភាព ២១៤សន្លឹកទាំងស្រុង ខណៈ ៤៤សន្លឹកទៀត នៅអាចរក្សាគុណភាពបានតិចតួច។

កាមេរ៉ា JunoCam (រូបភាពពី NASA)

បញ្ហាទាំង ២ លើកខាងលើនេះ គឺស្ថិតនៅក្នុងបេសកកម្ម flyby លើកទី ៤៧ និង ៤៨ នៅភពព្រហស្បតិ៍ ហើយក្រុមវិស្វកររបស់ JunoCam ក៏កំពុងវាយតម្លៃលើបញ្ហានេះដែរ។ យ៉ាងណាក៏ដោយ បើតាមអង្គការ NASA កាមេរ៉ា JunoCam មិនត្រូវបានគេរំពឹងថា អាចបំពេញកិច្ចការនៅភពព្រហស្បតិ៍ បានយូរដល់កម្រិតនេះផង ព្រោះយោងលើបេសកកម្មចម្បងនោះ ក្រុមអ្នកវិទ្យាសាស្ត្របានរចនា JunoCam ដើម្បីឲ្យអាចហោះឆ្វែលភពព្រហស្បតិ៍ និងផ្តិតរូបភាពតែចំនួន ៧ លើកតែប៉ុណ្ណោះ។

អង្គការ NASA បាត់បង់រូបថតជាង «២០០សន្លឹក» នៅភពព្រហស្បតិ៍ (Jupiter)
បណ្តុំពពកឧស្ម័នជុំវិញភពព្រហស្បតិ៍ថតដោយ Juno (រូបភាពពី NASA)

គួរបញ្ជាក់ថា បេសកកម្មស្នូលរបស់យាន Juno នៅប្រព័ន្ធភពព្រហស្បតិ៍ តាមពិតទៅបានគ្រោងបិទបញ្ចប់តាំងតែពីខែកក្កដា ឆ្នាំ២០២១ មកម្ល៉េះ ប៉ុន្តែដោយសារតែមើលឃើញប្រសិទ្ធភាពរបស់ Juno នៅតែអាចបន្តដំណើរការទៅមុខ និងការទទួលបានថវិកាបន្ថែមទៀតនោះ អង្គការ NASA បានសម្រេចអូសបន្លាយបេសកកម្មរហូតដល់ខែកញ្ញា ឆ្នាំ២០២៥។ ដោយឡែកការហោះ flyby លើកទី ៤៩ ជុំវិញភពព្រហស្បតិ៍ នឹងកើតមានឡើងនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ដែលពេលនោះយើងនឹងដឹង អំពីជោគវាសនាបន្តទៀតរបស់ JunoCam

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/NASA (ថ្ងៃសុក្រ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣)

480×240 Banner