យាន Curiosity ប្រទះឃើញដុំអាចម៍ផ្កាយពិសេស១ នៅលើភពព្រះអង្គារ!
(បរទេស)៖ យាន Curiosity របស់អង្គការ NASA ដែលបានចល័តក្នុងរណ្តៅយក្ស Gale លើភពព្រះអង្គារ (Mars) អស់ជាង ១០ឆ្នាំទៅហើយនោះ ទើបតែបានប្រទះឃើញដុំអាចម៍ផ្កាយ (meteorite) មួយដុំ ដែលមានមុខកាត់ប្រមាណ ០.៣ម៉ែត្រ ហើយដុំថ្មមកពីទីអវកាសប្រភេទៗនេះ យើងតែងតែប្រទះឃើញជានិច្ចលើភពផែនដី។

ដុំអាចម៍ផ្កាយខាងលើនេះ ត្រូវបានដោះឈ្មោះឲ្យថា កាកាវ «Cacao» ដែលផ្សំឡើងពីធាតុដែក និងនីកែល។ ក្រុមការងារគ្រប់គ្រងបេសកកម្មយាន Curiosity បានបង្ហាញរូបភាពរបស់ Cacao នៅលើ Twitter នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ខណៈយាននេះកំពុងស្ថិតក្នុងរណ្តៅ Gale ដែលមានមុខកាត់ ១៥៤គីឡូម៉ែត្រ ដើម្បីស្វែងយល់ថា តើកាលពីរាប់ពាន់លានឆ្នាំមុន តំបន់នោះធ្លាប់ស្វាគមន៍ជីវិតដូចលើនៅលើផែនដីដែរឬទេ។

គួរបញ្ជាក់ថា Curiosity បានធ្វើដំណើរជិត ៣០គីឡូម៉ែត្រហើយលើភពអង្គារ នៅក្នុងរយៈពេលជាង ១០ឆ្នាំមកនេះ ហើយកាលពីឆ្នាំ ២០១៦ វាក៏បានរកឃើញដុំអាចម៍ផ្កាយមួយឈ្មោះ Egg Rock និងកាលពីឆ្នាំ ២០១៤ បានរកឃើញដុំអាចម៍ផ្កាយតូចមួយទៀតឈ្មោះ Lebanon ឬ The Beast៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/NASA (ថ្ងៃសុក្រ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣)