ដណ្តើមលេខ១មកវិញ! តារាវិទូរកឃើញព្រះចន្ទ «១២» ទៀតនៅជុំវិញភពព្រហស្បតិ៍ (មានវីដេអូ)

2,045

(បរទេស)៖ ក្រោយភពសៅរ៍ (Saturn) គ្រងតំណែងបានតែប៉ុន្មានឆ្នាំប៉ុណ្ណោះ ក្នុងនាមជាភពមានព្រះចន្ទច្រើនជាងគេបំផុតរហូតដល់ទៅ ៨៣ ក្នុងចំណោមភពនានានៅក្នុងប្រព័ន្ធព្រះអាទិត្យយើងនេះ ពេលនេះភពព្រហស្បតិ៍ (Jupiter) បានដណ្តើមយកលេខ ១ មកវិញហើយ បន្ទាប់ពីការរកឃើញព្រះចន្ទថ្មីៗបន្ថែម រហូតដល់ទៅ ១២ ទៀតឯណោះ។

ប្រការនេះបាននាំឲ្យព្រះចន្ទសរុបរបស់ Jupiter កើនឡើងដល់ទៅចំនួន ៩២ បន្ទាប់ពីការប្រើប្រាស់តេឡេស្កូបនៅកោះ ហាវ៉ៃ (Hawaii) សហរដ្ឋអាមេរិក និងតេឡេស្កូបនៅប្រទេសឈីលី (Chile) កាលពីឆ្នាំ ២០២១ និង ២០២២ កន្លងទៅនេះ។ សេចក្តីប្រកាស និងទទួលស្គាល់ជាផ្លូវការត្រូវបានធ្វើឡើងដោយ សហភាពតារាសាស្ត្រអន្តរជាតិ IAU (International Astronomical Union) នៅដើមខែកុម្ភៈ ឆ្នាំ២០២៣ នេះតែម្តង។

ប្រព័ន្ធព្រះអាទិត្យ (រូបភាពពី NASA)

បើតាមក្រុមតារាវិទូអន្តរជាតិ ព្រះចន្ទថ្មីៗទាំង ១២ ដែលត្រូវបានរកឃើញនៅជុំវិញភពព្រហស្បតិ៍នោះ គឺសុទ្ធតែមានមុខកាត់ចន្លោះពី ១គីឡូម៉ែត្រ ទៅជាង ៣គីឡូម៉ែត្រ ហើយប្រសិនបើពួកវាមិនស្ថិតនៅក្រោមការឃុំគ្រង នៃដែនទំនាញរបស់ភពព្រហស្បតិ៍ទេនោះ វត្ថុអវកាសទាំងអស់នេះនឹងត្រូវចាត់ទុកជា អាចម៍ផ្កាយ (Asteroid) ធំៗតែប៉ុណ្ណោះ។ កាលពីខែកញ្ញា ឆ្នាំ២០២២ គឺពេលដែល Jupiter បានគោចរមកកៀកផែនដីបំផុត មិនធ្លាប់មានក្នុងរយៈពេល ៦ទសវត្សរ៍ ហើយក៏បានក្លាយជាឱកាសពិសេស ដើម្បីអង្កេតមើលប្រព័ន្ធភពយក្សនេះបន្ថែមផងដែរ។

ដណ្តើមលេខ១មកវិញ! តារាវិទូរកឃើញព្រះចន្ទ «១២» ទៀតនៅជុំវិញភពព្រហស្បតិ៍ (Jupiter)
ភពព្រហស្បតិ៍ និងព្រះចន្ទនានា (រូបភាពពីបរទេស)

ជុំវិញលទ្ធផលខាងលើនេះ តារាវិទូ Scott Sheppard មកពីវិទ្យាស្ថាន Carnegie បានលើកឡើងយ៉ាងដូច្នេះ៖ «ខ្ញុំសង្ឃឹមថា យើងនឹងអាចផ្តិតរូបភាពព្រះចន្ទ ១ ក្នុងចំណោមព្រះចន្ទថ្មីៗទាំង ១២ នេះឲ្យបានកៀកនៅថ្ងៃអនាគត ដើម្បីយល់ដឹងអំពីរបៀបដែលពួកវាកកើតឡើង»។

តេឡេស្កូបនៅឈីលី (រូបភាពពីបរទេស)

គួរបញ្ជាក់ថា អង្គការអវកាសអឺរ៉ុប ESA នឹងបាញ់បញ្ចូនយាន JUICE ចេញពីភពផែនដីនៅខែមេសា ឆ្នាំ២០២៣ ដើម្បីទៅសិក្សាប្រព័ន្ធភពព្រហស្បតិ៍ និងជាពិសេសគឺព្រះចន្ទទឹកកកមួយចំនួន របស់ភពឧស្ម័នយក្សធំជាងគេមួយនេះ។ ដោយឡែកនៅឆ្នាំបន្ទាប់ទៀត អង្គការ NASA នឹងបាញ់បញ្ជូនយាន Europa Clipper ដើម្បីឲ្យទៅសិក្សាជាចម្បងនៅព្រះចន្ទទឹកកក Europa របស់ Jupiter ផងដែរ។ គិតត្រឹមពេលនេះ ក្រៅពីភពព្រហស្បតិ៍ និងសៅរ៍, ភពអ៊ុយរ៉ានុសមានព្រះចន្ទចំនួន ២៧, ភពណិបទូនមាន ១៤, ភពអង្គារមាន ០២ និងភពផែនដីមានមួយ ខណៈភពសុក្រ និងពុធ គ្មានព្រះចន្ទនឹងគេឡើយ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ CNBC (ថ្ងៃអង្គារ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣)

480×240 Banner