ទីបំផុត Blue Origin ទទួលសិទ្ធិបាញ់បញ្ជូន «ផ្កាយរណបភ្លោះ» NASA ទៅកាន់ភពអង្គារ!
(បរទេស)៖ ទីបំផុតក្រុមហ៊ុនអវកាសឯកជន Blue Origin របស់មហាសេដ្ឋីអាមេរិកលោក Jeff Bezos បានទទួលកិច្ចព្រមព្រៀងដំបូងពីអង្គការ NASA ហើយ ដើម្បីបាញ់បញ្ជូនផ្កាយរណបបំពេញបេសកកម្មថ្មី ទៅកាន់ភពព្រះអង្គារ (Mars) ស្ថិតក្នុងគោលដៅសិក្សាអំពី ស្រទាប់ម៉ាញេតូដ៏ខ្សោយរបស់ភពក្រហមនោះ។
បើតាមអង្គការ NASA គ្រាប់រ៉ុក្កែតស៊េរីថ្មីរបស់ក្រុមហ៊ុន Blue Origin មានឈ្មោះថា New Glenn នឹងត្រូវបាញ់ចេញពីមូលដ្ឋានទ័ពអាកាស Cape Canaveral ស្ថិតក្នុងរដ្ឋផ្លរីដា (Florida) នៅចុងឆ្នាំ២០២៤ ដើម្បីដឹកជញ្ជូនផ្កាយរណបភ្លោះរបស់អង្គការ NASA ទៅកាន់ទីអវកាស ហើយបេសកកម្មនោះមានឈ្មោះថា ESCAPADE។
យើងហៅវាថាជាផ្កាយរណបភ្លោះ ព្រោះវានឹងមានចំនួន ២គ្រឿងដូចគ្នា ដើម្បីបំពេញបេសកកម្មពាក់ព័ន្ធនៅភពអង្គារ ក្នុងពេលតែមួយ។ ESCAPADE ឬពាក្យពេញថា «Escape and Plasma Acceleration and Dynamics Explorers» មានគោលដៅសិក្សាអំពីលក្ខណៈ នៃស្រទាប់ម៉ាញេតូ (magnetosphere) របស់ភពអង្គារ ហើយវានឹងចល័តពីផែនដីទៅភពអង្គារ ដោយប្រើពេលដល់ទៅ ១១ខែ។
ស្រទាប់ម៉ាញេតូ គឺស្ថិតនៅក្នុងរង្វង់នៃដែនម៉ាញេទិច (Magnetic Field) ដែលព័ទ្ធជុំវិញវត្ថុអវកាសមួយ ហើយវត្តមានរបស់ពួកវាពិតជាសំខាន់ខ្លាំងណាស់ នៅក្នុងការពារទីឋាននោះ ពីរលកធាតុវិទ្យុសកម្មជះចេញពីផ្កាយមេរបស់ពួកវា។ ឧទាហរណ៍ភពផែនដីយើងមានដែនម៉ាញេទិចខ្លាំង ទើបអាចការពារជីវិតមិនឲ្យរងគ្រោះ ពីបរិស្ថានមរណៈមកទីអវកាសខាងក្រៅបាន។ ប៉ុន្តែសម្រាប់ភពអង្គារវិញគឺមិនដូចគ្នាទេ ដែលតម្រូវឲ្យមានការសិក្សាឲ្យបានជាក់លាក់ តាមរយៈបេសកកម្មខាងលើនេះ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA/SPACE (ថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣)