ស្នាមប្រេះសំបកផែនដីធំៗ «២» ត្រូវបើកចំហនៅជិតព្រំដែនតួកគី-ស៊ីរី ក្រោយកើតមានគ្រោះរញ្ជួយដី

594

(បរទេស)៖ ក្រុមអ្នកវិទ្យាសាស្ត្របានប្រាប់ឲ្យដឹងថា រូបភាពពីផ្កាយរណបបានបង្ហាញអំពី ស្នាមប្រេះធំៗចំនួន ២ លើសំបកផែនដី (crust) ដែលស្ថិតនៅតាមតំបន់ព្រំដែនរវាង ប្រទេសតួកគី និងស៊ីរី «ត្រូវបានបើកចំហ» ក្រោយគ្រោះរញ្ជួយដ៏អាក្រក់បំផុតស្ទួនៗ មិនធ្លាប់បានកើតមានរយៈពេលជាង ៨០ឆ្នាំ (កម្រិតខ្ពស់បំផុតរហូតដល់ ៧.៨រ៉ិចទ័រ) បានកើតមានឡើងកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ និងបានសម្លាប់មនុស្សជាង ២០,០០០នាក់ហើយគិតត្រឹមថ្ងៃទី១០ ខែឆ្នាំដដែល។

ទិដ្ឋភាពក្រោយគ្រោះរញ្ជួយដីនៅតួកគី និងស៊ីរី (រូបភាពពីបរទេស)

មជ្ឈមណ្ឌលសម្រាប់អង្កេតចលនាតិចតូនិច គ្រោះរញ្ជួយដី និងបន្ទុះភ្នំភ្លើងលើផែនដី របស់ចក្រភពអង់គ្លេសហៅកាត់ថា COMET (Centre for the Observation & Modelling of Earthquakes, Volcanoes & Tectonics) តាមរយៈទិន្នន័យដែលទទួលបានពីផ្កាយរណប អង្កេតភពផែនដី Copernicus Sentinel-1 របស់អង្គការអវកាសអឺរ៉ុប បានឲ្យដឹងថា «ការប្រទះឃើញស្នាមប្រេះធំៗចំនួន ២ លើសំបកផែនដីត្រូវបានបើកចំហ នៅត្រង់ចំណុចព្រំដែនប្រទេសទាំង ២ នេះ គឺក្រោយការប្រៀបធៀបទិន្នន័យ ដែលត្រូវបានអង្កេតនៅមុន និងក្រោយពេលគ្រោះមហន្តរាយនោះកើតឡើង»

(សញ្ញាព្រួញទាំង ២) ស្នាមប្រេះទី ១ និងទី ២ ត្រូវបានបើកចំហ (រូបភាពពីបរទេស)

គួរបញ្ជាក់ថា ក្នុងចំណោមស្នាមប្រេះធំៗទាំង ២ ខាងលើនេះ ទីមួយមានប្រវែងជាង ៣០០គីឡូម៉ែត្រ ដែលស្ថិតនៅតំបន់ភាគខាងកើត នៃសមុទ្រមេឌីទែរ៉ាណេនោះ ហើយវាត្រូវបានបើកចំហ ក្រោយគ្រោះរញ្ជួយដីលើកទីមួយកម្រិត ៧.៨រ៉ិចទ័រ វាយប្រហារនៅម៉ោង ៤៖១៧នាទីទាបភ្លឺថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ (ម៉ោងនៅតួកគី)។ សម្រាប់ស្នាមប្រេះទី ២ វិញមានប្រវែង ១២៥គីឡូម៉ែត្រ បានកើតមានក្រោយគ្រោះរញ្ជួយដីលើកទីកម្រិត ៧.៥រ៉ិទ័រ វាយប្រហារតំបន់ដដែលនៅរយៈពេល ៩ម៉ោងបន្ទាប់ពីគ្រោះរញ្ជួយដីលើកទី ១៕

ស្នាមប្រេះសំបកផែនដីធំៗ «២» ត្រូវបើកចំហនៅជិតព្រំដែនតួកគី-ស៊ីរី ក្រោយកើតមានគ្រោះរញ្ជួយដី
ស្នាមប្រេះធំៗ២ត្រូវបានបើកចំហ (រូបភាពពី ESA/COMET)

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/COMET/ESA (ថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៣)

480×240 Banner