លោក Elon Musk៖ «៥-១០ឆ្នាំទៀត មនុស្សអាចធ្វើដំណើរទៅភពព្រះអង្គារ» (មានវីដេអូ)
(បរទេស)៖ សម្រាប់លោកអ្នកដែលធ្លាប់បានសាកសួរ អំពីភាពដែលអាចទៅរួចរបស់ ក្រុមហ៊ុនអវកាសឯកជនអាមេរិក SpaceX ក្នុងការដឹកនាំមនុស្សទៅកាន់ភពព្រះអង្គារ (Mars) នោះ ពេលនេះលោក Elon Musk បានបង្ហើបប្រាប់គ្រប់គ្នាហើយ ដោយមហាសេដ្ឋីអាមេរិករូបមាននេះមានសុទិដ្ឋិនិយមខ្ពស់ថា នាវាអវកាស (starship) របស់ SpaceX នឹងបំពេញកិច្ចការងារជាប្រវត្តិសាស្ត្រមនុស្សជាតិនេះ បាននៅអំលុងពេល ១០ឆ្នាំទៀត។
ការថ្លែងប្រកបដោយមហិច្ឆតាជាថ្មីរបស់លោក Elon Musk ត្រូវបានធ្វើឡើងបន្ទាប់ពី ក្រុមហ៊ុន SpaceX បានធ្វើតេស្តម៉ាស៊ីន ៣១គ្រឿង ក្នុងចំណោមម៉ាស៊ីនទាំងអស់់ ៣៣គ្រឿង របស់គ្រាប់រ៉ុក្កែត Booster 7 ដែលនឹងក្លាយជាប្រព័ន្ធរ៉ុក្កែតរុញច្រាន Starship ឡើងទៅសាកល្បងគោចរជុំវិញភពផែនដី ជាលើកដំបូងនៅក្នុងពេលឆាប់ៗ។ ការធ្វើតេស្តកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ នោះ បានទទួលជោគជ័យ និងជាលើកដំបូងបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃការអភិវឌ្ឍគ្រាប់រ៉ុក្កែតបែបនោះ។
លោក Elon Musk បានឆ្លើយតបទៅកាន់អ្នកលេង Twitter ម្នាក់ ដែលបានសាកសួរពីលទ្ធភាពក្នុងបញ្ជូនមនុស្សដំបូង ទៅកាន់ភពអង្គារយ៉ាងដូច្នេះ៖ «ខ្ញុំទទួលស្គាល់ថា ខ្ញុំជាមនុស្សប្រកបដោយសុទិដ្ឋិនិយមពីកំណើត (មិនដូច្នេះទេ SpaceX និង Tesla ក៏មិនលេចរូបរាងចេញមកដែរ) ប៉ុន្តែខ្ញុំគិតថា ៥ឆ្នាំ គឺអាចទៅរួច ហើយ ១០ឆ្នាំគឺកាន់តែអាចទៅរួចខ្ពស់»។ ទោះបីនេះជាការថ្លែងលើកចុងក្រោយ និងចង់បង្ហាញប្រាប់ពិភពលោក អំពីជំនឿចិត្តដ៏មុតមាំរបស់លោកក្តី ក៏វាបានបង្ហាញយ៉ាងច្បាស់ថា ផែនការនាំមនុស្សទៅភពអង្គាររបស់ SpaceX ទើបត្រូវបានអូសបន្លាយពេលបន្ថែមប៉ុន្មានឆ្នាំទៀតហើយ។
គេនៅចងចាំបានថា កាលពីអំលុងឆ្នាំ២០១៦ ស្ថាបនិក SpaceX រូបនេះធ្លាប់បង្ហាញពីមហិច្ឆតារបស់ខ្លួន ក្នុងការបញ្ជូនយានដឹកទំនិញ (សាកល្បងដោយគ្មានមនុស្សជិះ) ទៅភពអង្គារនៅឆ្នាំ ២០២២ និងមនុស្សនៅឆ្នាំ ២០២៤ ឬ ២០២៥ ប៉ុន្តែរឿងនោះមិនបានកើតឡើងឡើយ ដោយសារតែបច្ចេកវិទ្យាសម្រាប់ ទ្រទ្រង់ការដឹកជញ្ជូនទៅកាន់ទីអវកាសឆ្ងាយៗនៅមានកម្រិត ហើយការធ្វើតេស្ត Starship ជាបន្តបន្ទាប់ បានមើលឃើញសញ្ញាវិជ្ជមានតិចតួចនៅឡើយ។
ដោយឡែកកាលពីឆ្នាំ ២០២០ លោក Musk ធ្លាប់បានបង្អើលពិភពលោកជាថ្មី តាមរយៈការលើកឡើងថា SpaceX នឹងកសាងទីក្រុងដ៏ធំធេងលើភពអង្គារ ដែលមានមនុស្សរស់នៅរហូតដល់ ១លាននាក់នៅឆ្នាំ ២០៥០។ កាលណោះលោកថែមទាំងបានអះអាងទៀតថា SpaceX ចង់កសាង Starship ឲ្យបាន ១,០០០គ្រឿង ដើម្បីបម្រើសេវាដឹកជញ្ជូនទៅមករវាងផែនដី និងភពអង្គារក្នុងរយៈពេល ៣ថ្ងៃម្តងជាមធ្យម ដូច្នេះមនុស្សម្នាអាចធ្វើដំណើរទៅភពអង្គារបានដោយងាយស្រួល។ ទស្សនាវីដេអូនៃការធ្វើតេស្តរ៉ុក្កែត Booster 7 កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ (ម៉ោងនៅអាមេរិក)៖
គួរបញ្ជាក់តាមវែបសាយរបស់ SpaceX ឲ្យដឹងថា នៅពេលដែលប្រព័ន្ធដឹកជញ្ជូន Starship សម្រេចបានការអភិវឌ្ឍពេញលេញហើយនោះ វានឹងអាចដឹកជញ្ជូនមនុស្ស ព្រមទាំងទាំងទំនិញទៅកាន់គន្លងគោចរភពផែនដី, ព្រះចន្ទ, ភពអង្គារ និងទីអវកាសឆ្ងាយៗ។ នៅក្នុងការធ្វើតេស្តរ៉ុក្កែត Booster 7 នោះ ម៉ាស៊ីនទាំង ៣៣ ត្រូវបានបញ្ជាឲ្យបញ្ឆេះឡើង ក្នុងនោះម៉ាស៊ីន ១ត្រូវបានបញ្ជាឲ្យបិទ និងម៉ាស៊ីន ១ទៀត បានបិទដំណើរការខ្លួនឯង ហើយនៅតែម៉ាស៊ីន ៣១គ្រឿងប៉ុណ្ណោះ ដែលត្រូវបានបញ្ឆេះឡើង។ ប៉ុន្តែលោក Elon Musk បានអះអាងថា ម៉ាស៊ីនទាំងអស់នេះ គឺនៅតែគ្រប់គ្រាន់ក្នុងការហោះទៅដល់ គន្លងគោចរជុំវិញភពផែនដី៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ Business Insider (ថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣)