លទ្ធផលសិក្សាថ្មី៖ ក្រុមអ្នកវិទ្យាសាស្ត្ររកឃើញ «ភស្តុតាងដំបូង» អំពីប្រភពដើម នៃថាមពលងងឹត (Dark Energy) (មានវីដេអូ)

1,261

(បរទេស)៖ នៅពេលដែលក្រុមតារាវិទូបានរកឃើញថា ចក្រវាលមួយនេះកំពុងតែពង្រីកខ្លួន នៅក្នុងល្បឿនដ៏លឿនមួយ ពួកគេបានកំណត់ទ្រឹស្តីថា កម្លាំងមួយចំនួនពិតជាបាននិងកំពុងរុញច្រាន វត្ថុគ្រប់យ៉ាងឲ្យឃ្លាតឆ្ងាយពីគ្នា និងអាចជំនះលើទំនាញ (gravity) ថែមទៀត ហើយប្រការនេះគួរតែធ្វើឲ្យអ្វីៗគ្រប់យ៉ាងថមថយល្បឿន។ កម្លាំងនោះត្រូវបានគេហៅថា ថាមពលងងឹត (dark energy) ប៉ុន្តែមិនទាន់មាននរណាអាចកំណត់ថា dark energy មានប្រភពពីណាមកឡើយ។

ប៉ុន្តែ, ពេលនេះក្រុមតារាវិទូដែលមានសមាជិក ១៧រូប មកពីសាកលវិទ្យាល័យរដ្ឋ Hawaii សហរដ្ឋអាមេរិកបានរកឃើញ «ភស្តុតាងដំបូង» អំពីចំណុចមុនដំបូង (origin point) ដែលថាមពលងងឹតត្រូវបានបញ្ចេញមកហើយ នោះគឺប្រហោងខ្មៅ (Black Hole)

រចនាសម្ព័ន្ធនៃប្រហោងខ្មៅមួយ (រូបភាពពី NASA/JPL)

ជាទូទៅ Black Hole ទទួលបានម៉ាស (mass) តាមរយៈវិធីចំនួន នោះគឺការបង្កើនបរិមាណឧស្ម័ន (accretion of gas) និងការរួមបញ្ចូលគ្នា (merger) ជាមួយ black hole ដទៃ។ ប៉ុន្តែតាមរយៈការសិក្សាលើគំរូម៉ូដែល នៃប្រហោងខ្មៅមួយនៅក្នុងវដ្តនៃអាយុកាល ៩ពាន់លានឆ្នាំរបស់វានៅក្នុងកាឡាក់ស៊ីរាងពងក្រពើដ៏ធំ និងស្ងប់ស្ងាត់មួយនោះ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ពពួកប្រហោងខ្មៅចាស់ៗ សុទ្ធតែមានទំហំធំឆ្ងាយជាងវិធីចំនួន ដែលយើងបានកំណត់អំពីការរីកធំធាត់របស់ black hole ជាទូទៅខាងលើនេះ។

យោងតាមន័យនេះ វាត្រូវតែមានវិធីមួយផ្សេងទៀត ដែលអាចធ្វើឲ្យ Black Hole ទាំងនោះស្រូបទាញយកម៉ាសបន្ថែមបាន។ ក្រុមអ្នកវិទ្យាសាស្ត្របានលើកឡើងនូវវិធីមួយ នោះគឺ ថាមពលងងឹត (dark energy) ក្នុងទម្រង់ជា vaccum energy (ថាមពលនៃសុញ្ញកាសដែលមាននៅក្នុងលំហអវកាសជាទូទៅ) ដែលជាប្រភេទថាមពលមួយត្រូវបានរួមបញ្ជូលទៅក្នុងពេលវេលាអវកាស (spacetime) ដោយខ្លួនវានោះឯង ហើយថាមពលនេះបានជួញជំរុញឲ្យចក្រវាលកាន់តែពង្រីកខ្លួន និងវត្ថុអវកាសនានាឃ្លាតចេញពីគ្នា។

(រូបភាពពីបរទេស)

បណ្ឌិត គ្រីស ភាសុន (Chris Pearson) ដែលចូលរួមដឹកនាំការស្រាវជ្រាវខាងលើនេះ បានលើកឡើងថា «ប្រសិនបើទ្រឹស្តីខាងលើនេះត្រូវទទួលយក នោះវានឹងក្លាយជាការធ្វើបដិវត្តន៍ លើកម្មវិធីសិក្សាអំពីចក្រវាលសម័យទំនើប (cosmology) ព្រោះថាជាចុងក្រោយ យើងនឹងមាននូវដំណោះស្រាយមួយ អំពីការស្វែងរកប្រភពដំបូងនៃ dark energy ដែលបានបង្កក្តីមន្ទិលដល់ក្រុមអ្នកវិទ្យាសាស្ត្រអស់ជាង ២០ឆ្នាំមកហើយ»

លទ្ធផលសិក្សាថ្មី៖ ក្រុមអ្នកវិទ្យាសាស្ត្ររកឃើញ «ភស្តុតាងដំបូង» អំពីប្រភពដើម នៃថាមពលងងឹត (Dark Energy)
រូបតំណាងប្រហោងខ្មៅ (Black Hole) (រូបភាពពីបរទេស)

ទោះជាយ៉ាងណា គំនិតអំពីប្រភពដើមមួយនៃថាមពលងងឹត ដែលអាចបានមកពី Black Hole គឺមិនមែនជារឿងថ្មីឡើយ។ ការពិតវាជាផ្នែកមួយនៃទ្រឹស្តី «theory of general relativity» របស់លោក Albert Eintein។ ប៉ុន្តែនេះគឺជាលើកដំបូងបំផុត ដែលក្រុមតារាវិទូបានរកឃើញ «ភស្តុតាង» តាមរយៈការសង្កេត និងសិក្សា ដែលជួយគាំទ្រដល់ទ្រឹស្តីរបស់ Eintein នេះ។ ក្រុមការងារនៃបណ្ឌិត Chris Pearson បានសង្កត់ធ្ងន់ថា ពួកគេពិតជាកំពុងបង្ហាញចេញនូវរឿង ក្នុងពេលតែមួយនោះគឺ ទី១៖ ដំណោះស្រាយនានាអំពី Black Hole មិនអាចឲ្យយើងប្រើការបានយូរអង្វែងទៅមុខរហូតឡើយ និងទី២៖ យើងបានលើកឡើងអំពីប្រភពដំបូងនៃថាមពលងងឹត (dark energy)

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/ The Astrophysical Journal Letters (ថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣)

480×240 Banner