អង្គការ NASA ថតបានព្រះអាទិត្យជះអណ្តាតភ្លើង (Flare) យ៉ាងកញ្ជ្រោលជាថ្មី (មានវីដេអូ)

1,302

(បរទេស)៖ នៅវេលាម៉ោង ២៖៣៨នាទីរសៀលថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ (ម៉ោងនៅសហរដ្ឋអាមេរិក) ព្រះអាទិត្យបានជះចេញនូវអណ្តាតភ្លើង (flare) យ៉ាងកញ្ជ្រោលជាថ្មី ខណៈក្រុមអ្នកតាមដានសកម្មភាពព្រះអាទិត្យ នៅលើភពផែនដីនេះបានមើលឃើញការជះចេញ flare កម្រិតខ្លាំងម្តងរួចមកហើយ កាលពីមួយសប្តាហ៍មុន។ ទស្សនាវីដេអូថតដោយ NASA នៅថ្ងៃទី១៧ ខែកុម្ភៈ៖

អណ្តាតភ្លើង (flare) នៃព្យុះព្រះអាទិត្យ (sun storm) ខាងលើនេះ ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រព្យាករថា ស្ថិតក្នុងកម្រិត X2.2 (ជាកម្រិតធ្ងន់ធ្ងរបំផុតមួយ) ហើយក្រោយការកើតឡើងនោះ វាបានឈានដល់ចំណុចកំពូលនៃ flare នៅរយៈពេល ៤៨នាទីបន្ទាប់។ សរុបចលនាកញ្ជ្រោលនៃអណ្តាតភ្លើងព្រះអាទិត្យលើកនេះ គឺមានរយៈពេល ១ម៉ោង និងង ១២នាទី

អង្គការ NASA ថតបានព្រះអាទិត្យជះអណ្តាតភ្លើង (Flare) យ៉ាងកញ្ជ្រោលជាថ្មី (មានវីដេអូ)
រូបតំណាង (រូបភាពពីបរទេស)

តេឡេស្កូបអង្កេតសកម្មភាពព្រះអាទិត្យ SDO (Solar Dynamics Observatory) របស់អង្គការ NASA ក៏បានថតយកសកម្មភាពនៃការជះចេញ flare កម្រិត X2.2 ពីព្រះអាទិត្យនោះផងដែរ ខណៈរដ្ឋបាលអាកាសធាតុ និងមហាសមុទ្រជាតិ (NOAA) នៃសហរដ្ឋអាមេរិក គឺជាអ្នកវិភាគ និងចេញសេចក្តីព្រមានទៅកាន់មហាជន។ សម្រាប់ការជះ flare លើនេះ បានធ្វើឲ្យដាច់រលកវិទ្យុទាក់ទងអស់មួយរយៈពេលខ្លី នៅលើផ្នែករបស់ភពផែនដីដែលបែរទៅរកព្រះអាទិត្យ។

តេឡេស្កូបអង្កេតព្រះអាទិត្យ SDO របស់ NASA (រូបភាពពី NASA)

គួរបញ្ជាក់ថា flare ថ្មីជះចេញពីស្រទាប់លើនៃព្រះអាទិត្យ ដែលយើងតែងហៅបាតុភូតបែបនេះថា coronal mass ejection ខាងលើនេះ បានកើតមានឡើងបន្ទាប់ពីការជះចេញនូវ flare កម្រិតខ្លាំង X1.1 កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។ NOAA បានចេញសេចក្តីព្រមានរួចជាស្រេច សម្រាប់ថ្ងៃទី១៦ ដល់ ១៨ ខែកុម្ភៈ ហើយទីបំផុត solar flare ជាថ្មីនេះ បានជះចេញនៅថ្ងៃទី ១៧ ខែកុម្ភៈ។ កាលពីថ្ងៃទី១១ ខែកុម្ភៈ ប្រព័ន្ធវិទ្យុទាក់ទងនៅតំបន់អាមេរិកខាងត្បូង បានជួបភាពរអាក់អួលអស់មួយរយៈពេលខ្លី ដោយសារតែការជះចេញនូវ flare ពីព្រះអាទិត្យ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/NOAA (ថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣

480×240 Banner