កុំភ្លេច! ភព២នឹងកើតមានព្រឹត្តិការណ៍ត្រួតស៊ីគ្នា (Conjunction) ជាមួយព្រះចន្ទ នៅក្នុងសប្តាហ៍នេះ!
(ភ្នំពេញ)៖ ជាការពិតណាស់ ភពព្រហស្បតិ៍ (Jupiter) និងភពសុក្រ (Venus) បានបង្ហាញវត្តមានទាំងគូ នៅលើផ្ទៃមេឃភពផែនដីអស់ជាច្រើនថ្ងៃមកហើយ ប៉ុន្តែសម្រាប់រយៈពេល ២ថ្ងៃក្នុងសប្តាហ៍នេះ ព្រឹត្តិការណ៍ដ៏អស្ចារ្យ ២លើកនឹងកើតឡើង ព្រោះភពទាំងពីរនេះនឹងកើតមានព្រឹត្តិការណ៍ត្រួតស៊ីគ្នា (conjunction) ម្តងមួយ ជាមួយនិងព្រះចន្ទមួយចំណិតនៅលើផ្ទៃមេឃផែនដី។
ភពព្រហស្បតិ៍ (រាងពន្លឺស្រាល) និងភពសុក្រ (ពន្លឺខ្លាំង) នឹងបង្ហាញខ្លួនកៀកគ្នាដដែលនៅល្ងាចថ្ងៃពុធ ទី២២ និងល្ងាចថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ អមដោយពន្លឺព្រះខែមួយចំណិត។ ប៉ុន្តែសម្រាប់ពេលរសៀល និងល្ងាចនៃថ្ងៃទី២នេះ ព្រឹត្តិការណ៍ conjunction ដែលក៏ជារឿងកម្រមួយផងដែរនោះនឹងកើតឡើង ខណៈប្រទេសកម្ពុជាយើង ទោះបីជានឹងមើលមិនឃើញជាក់ស្តែងមែន តែក៏អាចចាត់ទុកថាវាកើតមានឡើងលើផ្ទៃមេឃរបស់យើងដែរ។
- នៅវេលាម៉ោង ២៖៥៧នាទីរសៀលថ្ងៃពុធ ទី២២ ខែកុម្ភៈ (ម៉ោងនៅទីក្រុងភ្នំពេញ) ភពសុក្រ នឹងឈានដល់ចំណុច conjunction ជាមួយនិងព្រះចន្ទ ដែលមានទីតាំងស្ថិតនៅជាមួយតារានិករ ភីសសេស (Pisces) លើផ្ទៃមេឃ។ ទោះបីជានឹងមិនអាចមើលឃើញ តែលោកអ្នកដែលមាន App ទូរស័ព្ទនោះ អាចសន្មត់ចំពោះការកកើតព្រឹត្តិការណ៍ខាងលើនេះបាន ហើយនៅក្រោយព្រះអាទិត្យលិច ភពសុក្រ និងភពព្រហស្បតិ៍ នឹងបង្ហាញវត្តមានព្រមគ្នាដដែល។
- នៅវេលាម៉ោងខ្ទង់ ៥៖០០ល្ងាច ថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ (ម៉ោងនៅទីក្រុងភ្នំពេញ) ព្រះចន្ទមួយចំណិតតូច នឹងបង្ហាញវត្តមាននៅតំបន់តារានិករ សេតឹស (Cetus) ហើយព្រឹត្តិការណ៍ភពព្រហស្បតិ៍ ត្រួតស៊ីគ្នា (conjunction) ជាមួយព្រះចន្ទក៏កើតមានដែរ។ នៅរយៈពេល១ម៉ោងបន្ទាប់ទៀត (ម៉ោង ៦៖០០នាទី ក្រោយព្រះអាទិត្យលិច) ក្រុមអ្នកតាមដានផ្ទៃមេឃនឹងបានភ្លឺភ្នែក ចំពោះព្រឹត្តិការណ៍ដែលនឹងកើតឡើង។
ទោះបីជាយើងកំណត់យកឱកាស ២ថ្ងៃ ដើម្បីកំណត់ពីការកើតមានព្រឹត្តិការណ៍ conjunction មែន តែពេលវេលាពិសេសជាងគេនោះ គឺទំនងជានៅ «ល្ងាចថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ» នៅក្រោយព្រះអាទិត្យលិចបាត់ ដោយលោកអ្នកនឹងមើលឃើញវត្តមានភពសុក្រ និងភពព្រហស្បតិ៍ នឹងបង្ហាញខ្លួនកៀកព្រះចន្ទមួយចំណិតនោះបំផុត។ ទិដ្ឋភាពនេះអាចទស្សនាបានដោយភ្នែកទទេ ហើយបើមានកាមេរ៉ា និងតេឡេស្កូបអង្កេតទៀតនឹងរឹតតែពិសេស៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ សារព័ត៌មានចិន CGTN (ថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣)