Breaking៖ កាឡាក់ស៊ី៦ដែល James Webb ថតបានគឺធំ និងចាស់ខុសធម្មតា! នេះអាចខុសពីទ្រឹស្តី (មានវីដេអូ)
(បរទេស)៖ កាឡាក់ស៊ីមួយក្តាប់តូចដែលត្រូវបានវែករកឃើញ នៅក្នុងទិន្នន័យរបស់តេឡេស្កូបអវកាស James Webb កំពុងធ្វើឱ្យក្រុមតារាវិទូស្រឡាំងកាំង ព្រោះកាឡាក់ស៊ីទាំង ៦ នោះមានទំហំធំ និងត្រូវបានកកើតឡើង ប្រកបដោយរចនាសម្ព័ន្ធយ៉ាងល្អ ទោះបីជាពួកវាបានលេចចេញជារូបរាង ត្រឹមតែ ៥០០-៧០០លានឆ្នាំ បន្ទាប់ពីបន្ទុះ Big Bang ក៏ដោយ។ ប៉ុន្តែយោងទៅតាមទ្រឹស្តីនៃការកកើតចក្រវាល (Big Bang ជាបន្ទុះនៃការកកើតចក្រវាលកាលពី ១៣.៨ពាន់លានឆ្នាំ) ដែលយើងកំពុងប្រើប្រាស់នោះ វាហាក់ដូចជាគ្មានពេលវេលាគ្រប់គ្រាន់ ដែលអាចឲ្យកាឡាក់ស៊ីទាំង ៦ នោះកកើតឡើងដល់កម្រិតនោះឡើយ។
ចំណុចនេះពិតជាសបញ្ជាក់ឲ្យឃើញថា យើងកំពុងខ្វះចន្លោះនូវគន្លឹះមួយ ឬ ពីរចំណុចក្នុងការយល់ដឹងរបស់យើងទៅលើការវិវត្តពិតប្រាកដនៃចក្រវាលមួយនេះហើយ។ ជុំវិញបញ្ហានេះ តារាវិទូ អ៊ីរ៉ូ ឡាបបេ (Ivo Labbé) មកពីសាកលវិទ្យាល័យបច្ចេកវិទ្យា ស្វីនប៊ឺន (Swinburne) នៃប្រទេសអូស្ត្រាលី ដែលដឹកនាំកិច្ចការងារសិក្សាស្រាវជ្រាវនេះបានពន្យល់ថា «យើងមិនដែលសង្កេតឃើញកាឡាក់ស៊ីមានទំហំដ៏ធំបែបនេះ នៅពេលដើមដំបូងៗបន្ទាប់ពីបន្ទុះ Big Bang នោះឡើយ…»។
តារាវិទូខាងលើនេះ បានសង្កត់ធ្ងន់ទៀតថា «កាឡាក់ស៊ីទាំង ៦ ដែលយើងបានរកឃើញនោះ មានអាយុជាង ១២ពាន់លានឆ្នាំឯណោះ ដោយប្រការនេះមានន័យថា ត្រឹមតែ ៥០០-៧០០លានឆ្នាំបន្ទាប់ពីព្រឹត្តិការណ៍ Big Bang ប៉ុណ្ណោះ ពួកវាអាចបង្កើនម៉ាសរហូតដល់ ១០០ពាន់លានដង នៃម៉ាសព្រះអាទិត្យរបស់យើងទៅហើយ។ ការរកឃើញនេះ អាចផ្លាស់ប្តូរការយល់ដឹងរបស់យើង អំពីរបៀបដែលកាឡាក់ស៊ីដំបូងៗបំផុត នៅក្នុងចក្រវាឡរបស់យើងបានកកើតឡើង»។
ដោយឡែក តារាវិទូ ចូល ឡេយ៉ា (Joel Leja) មកពីសាកលវិទ្យាល័យរដ្ឋ ភែនស៊ីលវេនៀ (Pennsylvania) ដែលចូលរួមក្នុងកិច្ចការងារសិក្សាខាងលើនេះ ក៏បានលើកឡើងផងដែរថា «ជាលើកដំបូងដែលយើងបានសម្លឹងមើល ទៅក្នុងចក្រវាលដើមដំបូង តែយើងបែរជាមិនដឹងថា តើយើងកំពុងរកមើលអ្វី…។ វាហាក់ដូចជាយើងបានរកឃើញអ្វីមួយ ដែលយើងមិននឹកស្មានដល់… វាពិតជាបង្កើតបញ្ហាសម្រាប់ផ្នែកវិទ្យាសាស្ត្រ។ វាធ្វើឲ្យរូបភាពទាំងអស់ អំពីការកកើតចក្រវាល ក្លាយជាសំណួរទៅវិញ…»។
កាឡាក់ស៊ីទាំង ៦ ខាងលើនេះត្រូវបានគេប្រទះឃើញ នៅក្នុងការសង្កេតដែលធ្វើឡើងដោយ James Webb ក្នុងអំឡុងពេលប៉ុន្មានខែដំបូង នៃប្រតិបត្តិការរបស់ខ្លួន (James Webb បើកដំណើរការជាផ្លូវការ នៅខែកក្កដា ឆ្នាំ២០២២)។ តេឡេស្កូបអវកាសដ៏មានអានុភាពក្នុងការសិក្សាចក្រវាល តាមរយៈពន្លឺក្រហមអាំងហ្វ្រា (Infrared Light) មួយនេះ ពិតជាឧបករណ៍វិទ្យាសាស្ត្រដ៏ល្អឥតខ្ចោះមួយ ដែលអនុញ្ញាតឲ្យមនុស្សលោកជីកកកាយទៅរកពន្លឺស្រាលៗនៃការកកើតចក្រវាលដំបូងៗ ដែលពន្លឺទាំងនោះបានធ្វើដំណើររាប់ពាន់លានឆ្នាំទម្រាំមកដល់យើង។
គួររំលឹកថា ទ្រឹស្តីនៃបន្ទុះ Big Bang ដែលក្រុមតារាវិទូបានប្រើប្រាស់អស់រាប់ទសវត្សរ៍មកនេះ ត្រូវបានបង្កើតឡើងជាលើកដំបូងដោយលោក ចច ឡឺម៉េត (Georges Lemaître ជាតារាវិទូ និងជាលោកអាចារ្យនៃព្រះវិហារកាតូលិក) ជនជាតិប៊ែលហ្សិក កាលពីឆ្នាំ១៩៣១។ ទ្រឹស្តី Big Bang បានចែងថា ចក្រវាល (Universe) ដែលយើងបានស្គាល់សព្វថ្ងៃនេះ បានកើតចេញពីការផ្ទុះដ៏ក្តៅគគុកមួយ កាលពី ១៣.៧ ឬខ្លះថា ១៣.៨ ពាន់លានឆ្នាំមុន ហើយក៏ពង្រីកខ្លួន និងចុះត្រជាក់រហូតមកដល់បច្ចុប្បន្ន៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ Science Alert (ថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣)