ភពទី ៩ (Planet 9) អាចមានព្រះចន្ទដល់ទៅ ២០ ហើយអ្នកខ្លះថាវាអាចជា Black Hole តូចទៀត (លទ្ធផលសិក្សាថ្មី)

2,133

(បរទេស)៖ លោកអ្នកហាក់មិនបានពើបប្រទះព័ត៌មានអំពី ភពទី ៩ (Planet 9 ឬ Planet X) ក្នុងការសន្និដ្ឋាននោះ អស់មួយរយៈធំមកហើយ ប៉ុន្តែពេលនេះអ្វីដែលលោកអ្នកបានទន្ទឹងរង់ចាំជាយូរនោះ គឺស្ថិតនៅទីនេះហើយ។ លទ្ធផលសិក្សាថ្មីនៅដើមឆ្នាំ ២០២៣ នេះបានបង្ហាញថា ភពទី ៩ នោះទំនងជាមានព្រះចន្ទសរុបដល់ទៅ ២០ ឯណោះគោចរជុំវិញវា ហើយត្រង់ចំណុចនេះនឹងអាចផ្តល់ប្រយោជន៍ធំមួយ ដល់ការស្រាវជ្រាវទៅថ្ងៃមុខ។

សម្រាប់ភពទី ៩ ប្រសិនបើមានវត្តមានមែននោះ វានឹងស្ថិតនៅគន្លងគោចរហួសឆ្ងាយពីភពណិបទូន រហូតដល់តំបន់ខ្សែក្រវាត់ អាចម៍ផ្កាយដ៏ត្រជាក់បំផុតនៅចុងប្រព័ន្ធព្រះអាទិត្យ ដែលយើងស្គាល់ថា Kuiper Belt។ កាលបំផុសឡើងនូវ វត្តមានដែលអាចទៅរួចនៃ Planet 9 ត្រូវបានធ្វើឡើង តាមរយៈអត្ថបទមួយរបស់កាសែត The Astronomical Journal កាលពីឆ្នាំ២០១៦

ភពទី៩? (រូបភាពពីបរទេស)

ក្រុមតារាវិទូបានបំផុសគំនិតដូចខាងលើនេះ ក្រោយពីពួកគេបានសង្កេតឃើញ ចលនាមិនប្រក្រតីនៃវត្ថុអវកាសមួយចំនួន ស្ថិតនៅតំបន់់ចុងប្រព័ន្ធព្រះអាទិត្យ ដែលយើងស្គាល់រួចហើយថា ពពួក TNOs (trans-Neptunian objects)។ ប៉ុន្តែវាស្ថិតនៅឆ្ងាយជាងនោះទៀត ដោយក្រុមអ្នកវិទ្យាសាស្ត្របានហៅវត្ថុអវកាស ស្ថិតនៅទីតាំងនោះថា ETNOs (extreme trans-Neptunian objects) មានន័យសំដៅទៅលើ ពពួកអវកាសស្ថិតនៅយ៉ាងដាច់ឆ្ងាយ ពីគន្លងគោចរនៃភពណិបទូន (Neptune) ទៅទៀត ឬស្មើនឹង ៣០ដង នៃគន្លាតរវាងភពផែនដី និងព្រះអាទិត្យ ដែលយើងយកឯកត្តាជា AU (Astronomical Unit) នោះ (1AU = ១៥០លានគីឡូម៉ែត្រ)

គន្លងគោចរក្នុងការសន្និដ្ឋាន ដ៏សែនឆ្ងាយរបស់ Planet 9 (រូបភាពពីបរទេស)

ក្រុមអ្នកស្រាវជ្រាវគិតថា គន្លងមិនប្រក្រតីនៃពពួក ETNOs ទាំងនេះ អាចត្រូវបានពន្យល់យ៉ាងល្អបំផុត ដោយកម្លាំងទំនាញនៃវត្ថុមានម៉ាស (mass) ដែលមិនត្រូវបានរកឃើញមួយ។ ដោយផ្អែកលើគន្លងទាំងនេះ Planet 9 ទំនងជាមានទំហំធំជាងផែនដីចាប់ពី ៥-១០ ដង ហើយគោចរជុំវិញព្រះអាទិត្យ ពីចម្ងាយប្រហែល ២៥០ដងឆ្ងាយជាងភពផែនដីរបស់យើង (១៥០លានគីឡូម៉ែត្រ X ២៥០)។ ក៏មានការលើកឡើងថ្មីៗនេះទៀតថា វត្ថុដែលគេសង្ស័យថាជា Planet 9 នោះ អាចជាប្រហោងខ្មៅតូច (mini black hole) មួយផងដែរ។

ជាច្រើនឆ្នាំមកនេះ ក្រុមតារាវិទូបានព្យាយាមសង្កេត តំបន់ដែលគេសង្ស័យថា Planet 9 កំពុងតាំងនៅ ប៉ុន្តែពួកគេមិនបានទទួលពន្លឺសូម្បីតែបន្តិច។ វាមិនចម្លែកនោះឡើយ ព្រោះទីតាំងនោះស្ថិតនៅឆ្ងាយខ្លាំងណាស់ ដែលពន្លឺព្រះអាទិត្យមិនអាចចាំងទៅដល់ ហេតុដូច្នេះការអង្កេតរកភពទី នៅទីនោះ ទំនងជាមានវិធីតែមួយគត់ នោះការរង់ចាំអង្កេត «ដំណើរបិទបាំងពន្លឺ (eclipse)» នៃភពក្នុងការសន្និដ្ឋាននោះ ជាមួយនឹងកាឡាក់ស៊ីដែលនៅឆ្ងាយ ឬក៏អាចជាផ្កាយនានាក្នុងកាឡាក់ស៊ី Milky Way យើង ដែលស្ថិតនៅពីក្រោយ (background) របស់ភពក្នុងការសន្និដ្ឋាននោះប៉ុណ្ណោះ។

តេឡេស្កូបចាប់រលកសញ្ញាវិទ្យុ (រូបភាពពីបរទេស)

តែយ៉ាងណា នៅក្នុងលទ្ធផលសិក្សាថ្មីមួយ ដែលត្រូវបានផ្ញើទៅកាន់ The Astrophysical Journal នោះ អ្នកស្រាវជ្រាវមួយរូបបានលើកឡើងថា វិធីសាស្ត្រគន្លឹះដើម្បីអង្កេតរកមើល វត្តមានរបស់ភពទី ៩ គឺអាចជាវត្ថុអវកាស ដែលស្ថិតនៅរណបជុំវិញខ្លួនវា នោះគឺជាពពួកព្រះចន្ទ។ តារាវិទូ Man Ho Chan មកពីសាកលវិទ្យាល័យទីក្រុងហុងកុង ដែលជាអ្នកលើកឡើងនូវគំនិតថ្មីនេះ បានគណនាអំពីទំហំ និងទំនាញរបស់ភពទី ៩ ហើយវិភាគវែកញែកជាមួយចលនានៃវត្ថុអវកាស ETNOs ដែលអាចរងឥទ្ធិពលពីភពងងឹតនោះ ដើម្បីបានដឹងអំពីចំនួនព្រះចន្ទ ហើយនៅទីបំផុតលទ្ធផលបានបង្ហាញថា យ៉ាងហោចណាស់មានព្រះចន្ទចំនួន ២០ (មានអង្កត់ផ្ចិតរហូតដល់ ១០០គីឡូម៉ែត្រ) គោចរជុំវិញ Planet 9 ក្នុងការសន្និដ្ឋាន។

ចុះតើការវិភាគចេញលទ្ធផលដូចខាងលើនេះ ផ្តល់ផលប្រយោជន៍អ្វី? ជាក់ស្តែង ភពទី ៩ មិនទាន់មាននរណារកឃើញ ឬមិនប្រាកដថានឹងមានវត្តមានផង កុំថាឡើយព្រះចន្ទតូចៗ ដែលកាន់តែពិបាកអង្កេតទាំងនោះ។ ចម្លើយចំពោះសំណួរនេះ គឺអាចឲ្យយើងសម្លឹងទៅមើល ឥទ្ធិពលនៃទំនាញដ៏ចម្លែកមួយហៅថា ការដុតកម្តៅនៃជំនោរ (tidal heating)។ បាតុភូតនេះកើតឡើងនៅពេលដែល ថាមពលពីទំនាញ (gravitational energy) បញ្ចេញដោយវត្ថុអវកាស (ភព) ណាមួយ បញ្ជ្រៀបដូចជាកម្តៅចូលទៅក្នុងផ្ទៃ ឬសមុទ្ររបស់វត្ថុអវកាសមួយទៀត (ព្រះចន្ទ) ដែលគោចរជុំវិញវា។

ឥទ្ធិពល tidal heating លើ Io (រូបភាពពី NASA)

ឧទាហរណ៍ជាក់ស្តែងមួយ នោះគឺព្រះចន្ទ អាយអូ (Io) នៃភពព្រហស្បតិ៍ (Jupiter) ដែលត្រូវបានចាត់ទុកជា ព្រះចន្ទភ្នំភ្លើងដ៏សកម្មបំផុតមួយ ប្រចាំនៅក្នុងប្រព័ន្ធព្រះអាទិត្យ។ យោងតាមអង្គការ NASA ពន្យល់ថា ស្នូលរាវ និងក្តៅខ្លាំងរបស់ Io អាចកើតមានទៅបានដោយសារតែ បាតុភូតការដុតកម្តៅនៃជំនោរ (tidal heating) ដែលត្រូវបានជំរុញចុះឡើងរវាងខ្លួន Io និងភពព្រហស្បតិ៍ ព្រមទាំងព្រះចន្ទផ្សេងៗទៀត។

ភពទី ៩ (Planet 9) អាចមានព្រះចន្ទដល់ទៅ ២០ ហើយអ្នកខ្លះថាវាអាចជា Black Hole តូចទៀត (លទ្ធផលសិក្សាថ្មី)
Planet 9 ក្នុងការសន្និដ្ឋាន (រូបភាពពីបរទេស)

ឥទ្ធិពលនៃ tidal heating អាចធ្វើឲ្យព្រះចន្ទនានានៃភពទី កើនសីតុណ្ហភាពដល់ – ១៧៣អង្សាសេ។ ស្តាប់ទៅប្រាកដជាមិនច្រើនមែន ហើយវាក៏នៅតែត្រជាក់ខ្លាំងបំផុតដែរ ប៉ុន្តែចូរចងចាំថា សីតុណ្ហភាពនៅតំបន់ដែលគេសង្ស័យថា Planet 9 កំពុងតាំងនៅនោះ គឺ – ២៧១ អង្សាសេឯណោះ។ ប្រសិនបើព្រះចន្ទណាមួយក្នុងការសន្និដ្ឋាន របស់ភពទី ៩ ក្នុងការសង្ស័យនោះ អាចបញ្ចេញនូវរលកសញ្ញាវិទ្យុ ត្រឹមតែកម្រិតស្រាលណាមួយប៉ុណ្ណោះ តេឡេស្កូបនានាលើផែនដីប្រាកដជាអាចចាប់សញ្ញាវាបាន ហើយយើងនឹងមានតំរុយដ៏ច្បាស់លាស់ ដើម្បីបន្តការស្វែងរក Planet 9 នោះជាក់ជាមិនខាន, នេះបើតាមការសង្កត់ធ្ងន់ពីលោក Chan

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា – រក្សាសិទ្ធិនៃការបកប្រែ និងសម្រួល)
ប្រភព៖ SPACE (ថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣)

480×240 Banner