កំណត់ត្រាថ្មី! រកឃើញផ្កាយតូចមិនសូវក្តៅ១គូ ស្ថិតនៅកៀកគ្នាបំផុត និងគោចររវាងគ្នាមិនដល់១ថ្ងៃ (មានវីដេអូ)

480

(បរទេស)៖ ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិទើបតែបានប្រកាសពីការរកឃើញ ផ្កាយតូចកម្តៅទាបមួយគូ (ultracool dwarf stars) ដែលជាប្រព័ន្ធភ្លោះ (binary star system) ហើយពួកវាទាំងពីរគោចររវាងគ្នាមួយជុំ ដោយប្រើពេលមិនដល់ ១ថ្ងៃ នៃពេលវេលានៅលើផែនដីនោះឡើយ។

ផ្កាយតឿដែលមានកម្រិតកម្តៅទាបទាំងខាងលើនេះ មានគម្លាតតែ ២.៥លានគីឡូម៉ែត្រពីគ្នាប៉ុណ្ណោះ ខណៈផែនដី និងព្រះអាទិត្យមានគម្លាត ១៥០លានគីឡូម៉ែត្រពីគ្នា។ ពួកវាគោចរជុំវិញគ្នាទៅវិញទៅមក មួយជុំប្រើប្រាស់ពេលតែ ១៧ម៉ោងប៉ុណ្ណោះ ហេតុដូច្នេះទើបប្រព័ន្ធនេះជាប់ឈ្មោះជា «ប្រព័ន្ធផ្កាយតឿភ្លោះ មានកម្តៅខ្សោយ និងពន្លឺស្រទន់បំផុត» មិនធ្លាប់ត្រូវបានរកឃើញ។

កំណត់ត្រាថ្មី! រកឃើញផ្កាយតូចមិនសូវក្តៅ១គូ ស្ថិតនៅកៀកគ្នាបំផុត និងគោចររវាងគ្នាមិនដល់១ថ្ងៃ
រូបសន្និដ្ឋានអំពីប្រព័ន្ធ LP 413–53AB (រូបភាពពីបរទេស)

ប្រព័ន្ធខាងលើនេះត្រូវបានក្រុមតារាវិទូ នៃសាកលវិទ្យាល័យ San Diego (UC San Diego) រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដាក់ឈ្មោះសម្គាល់ឲ្យថា «LP 413–53AB»។ ពួកគេបានប្រើប្រាស់មន្ទីរអង្កេតតារា Keck Observatory នៅលើភ្នំ Maunakea របស់រដ្ឋ Hawaii ដើម្បីសង្កេត និងរកឃើញប្រព័ន្ធភ្លោះនេះ។

រូបសន្និដ្ឋានអំពីប្រព័ន្ធ LP 413–53AB (រូបភាពពីបរទេស)

តារាវិទូ Chih-Chun “Dino” Hsu ដែលដឹកនាំការស្រាវជ្រាវនេះបានលើកឡើងថា «វាគួរឱ្យរំភើបណាស់ក្នុងការរកឃើញ ប្រព័ន្ធដ៏ពុះកញ្ជ្រោលបែបនេះ។ យោងតាមគោលការណ៍យើងបានយល់រួចហើយថា ប្រព័ន្ធទាំងនេះគួរតែមាន ប៉ុន្តែកន្លងមកក៏មិនទាន់មានប្រព័ន្ធបែបនេះ ត្រូវបានកំណត់អត្តសញ្ញាណនៅឡើយដែរ…»។

សម្រាប់ពពួកផ្កាយតឿកម្តៅទាប «ultracool dwarfs» នេះ ពិតជាវត្ថុដ៏កម្រនៅក្នុងចក្រវាល ព្រោះពន្លឺរបស់ពួកវាខ្សោយ និងបញ្ចេញមកជាទម្រង់ជាពន្លឺក្រហមអាំងហ្វ្រាប៉ុណ្ណោះ។ ប្រការនេះមានន័យថា ភ្នែកមនុស្សមិនអាចមើលឃើញពួកវាឡើយ ហើយដោយឡែកការគោចរជុំវិញគ្នា ក្នុងរយៈពេលខ្លីដោយផ្កាយប្រភេទនេះទៀត គឺកាន់តែជារឿងកម្របំផុត។

រូបតំណាង៖ ការសម្លឹងមើលពន្លឺក្រហមអាំងហ្វ្រាចេញពីប្រព័ន្ធ LP 413–53AB (រូបភាពពីបរទេស)

គួរបញ្ជាក់ថា ប្រព័ន្ធផ្កាយភ្លោះ LP 413–53AB មានម៉ាសស្រាល និងអាយុកាលត្រឹមតែ ៤០លានឆ្នាំប៉ុណ្ណោះ ធៀបនឹងព្រះអាទិត្យយើងដែលមានអាយុរហូតដល់ទៅ ៤.៦ពាន់លានឆ្នាំ ខណៈចម្ងាយរបស់ពួកវាពីផែនដីយើងគឺ ១២០ឆ្នាំពន្លឺ (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ)។ ក្រុមអ្នកវិទ្យាសាស្ត្រក៏កំពុងព្យាយាមសិក្សា ដើម្បីស្វែងយល់់អំពីបរិស្ថាន នៅក្នុងប្រព័ន្ធភ្លោះ LP 413–53AB នោះថាតើអាចមានភព ឬតំបន់អំណោយផលដល់ការកកើតជីវិតដែរ ឬក៏យ៉ាងណានោះ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃអាទិត្យ ទី០៥ ខែមីនា ឆ្នាំ២០២៣)

480×240 Banner