នេះជាអាចស្រទាប់ទី «៥» របស់ផែនដី ដែលមានអង្កត់ផ្ចិត ៦៥០km (លទ្ធផលសិក្សាថ្មី)

1,206

(បរទេស)៖ ជាច្រើនទសវត្សរ៍មកនេះ ក្រុមអ្នកវិទ្យាសាស្ត្របានបែងចែកស្រទាប់ (layers) របស់ភពផែនដីជា សំខាន់ៗប៉ុណ្ណោះ នោះគឺស្រទាប់ក្រៅ ឬសំបក (Crust), ស្រទាប់រឹង (mantle), ស្រទាប់ស្នូលក្រៅ (Outer Core) និងស្រទាប់ស្នូលក្នុង (Inner Core)។ ប៉ុន្តែលទ្ធផលទាំងនេះហាក់មិនទាន់បញ្ចប់ ឬអាចយកជាការបាន ១០០% នៅឡើយទេ ព្រោះពាក្យថាការសិក្សាគឺតែងតែនាំទៅរកអ្វីថ្មីៗជានិច្ច។

ពិតណាស់ ក្រុមអ្នកវិទ្យាសាស្ត្រពេលនេះ កំពុងបន្តការសិក្សាអំពីអ្វីដែលគេសង្ស័យថាជា «ស្រទាប់ទី ៥» ដែលជាស្នូលក្នុងបំផុតនៃស្រទាប់ស្នូលក្នុង (Innermost Inner Core)។ វាគឺជាដុំដែកមូលរឹង និងក្តៅដែលមានអង្កត់ផ្ជិត ៦៥០គីឡូម៉ែត្រ។ ចាប់តាំងពីវាត្រូវបានវិភាគរកឃើញ តាមរយៈទ្រឹស្តីមួយនៅឆ្នាំ ២០០២ ក្រុមអ្នកវិទ្យាសាស្ត្របានបន្តការអះអាងពីវត្តមានរបស់ Innermost Inner Core នេះជាច្រើនលើក ហើយលើកចុងក្រោយថ្មីៗនេះ គឺកាលពីខែមីនា ឆ្នាំ២០២២។

ស្រទាប់ទាំង ៤ របស់ផែនដី និងស្រទាប់១ស្ថិតក្នុងការសង្ស័យ (រូបភាពពីបរទេស)

ដោយសារតែស្នូលក្នុងនៃស្នូលក្នុងបំផុតនោះ ស្ថិតនៅក្នុងស្រទាប់ជ្រៅបំផុតរបស់ផែនដី ហេតុដូច្នេះការយល់ដឹងអំពីវា ក៏នៅមិនទាន់ទូលំទូលាយដែរ។ បច្ចុប្បន្ន ដើម្បីស្វែងយល់អំពីបញ្ហានេះ ក្រុមអ្នកវិទ្យាសាស្ត្រកំពុងសិក្សាតាមរយៈរលកសញ្ញារញ្ជួយដី (seismic waves) ដែលត្រូវបានបង្កឡើងដោយគ្រោះរញ្ជួយដីធ្ងន់ធ្ងរនានា ហើយនៅទីបំផុតពួកគេបានចាប់បាន រលកសញ្ញាជះត្រលប់ទៅវិញទៅមកប្រៀបបីដូចគ្រាប់ពីងប៉ុង នៅតាមខ្សែបន្ទាត់កាត់អង្កត់ផ្ចិតផែនចំនួន ៥លើក ហើយក្នុងនោះការជះត្រលប់ទៅមក ២លើក មានសភាពខ្លាំងក្លាជាងគេ។

តាមរយៈការវិភាគព្រឹត្តិការណ៍ ២លើក ដែលត្រូវបានបង្កើតឡើងនៅពេលដែល ស្រទាប់តិចតូនិចរបស់ផែនដី ចល័តផ្លាស់ទីភ្លាមៗកំលុងពេលមានគ្រោះរញ្ជួយដី ហើយវាត្រូវបានបង្អាក់ឲ្យខូចទ្រង់ទ្រាយ (distorted) ពេលឆ្លងកាត់ចំណុចកណ្តាលរបស់ផែនដីនោះ កំពុងជួយឲ្យក្រុមអ្នកវិទ្យាសាស្ត្រយល់ដឹង កាន់តែច្បាស់ជាងមុន អំពីបុគ្គលិកលក្ខណៈនៃ «ស្នូលក្នុងបំផុតដ៏អាថ៌កំបាំង» នោះ។

រូបតំណាងអំពីស្នូលក្នុងផែនដី (រូបភាពពី Unsplash/Pawel Czerwinski)

លោក ហ្វូហេ ថ្កាល់ស៊ីក (Hrvoje Tkalčić) អ្នកជំនាញផ្នែកភូមិវិទ្យា និងរូបវិទ្យាមកពី សាកលវិទ្យាល័យជាតិអូស្ត្រាលី និងជាសហអ្នកដឹកនាំការស្រាវជ្រាវខាងលើនេះ បានពន្យល់ថា «ផែនដីតែងតែញ័រដូចជាកណ្ដឹងមួយដូច្នោះដែរ បន្ទាប់ពីកើតមានគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរមួយ ហើយមិនមែនញ័រតែប៉ុន្មានម៉ោងនោះទេ តែឈានចូលដល់រាប់ថ្ងៃតែម្តង…»។ នៅក្នុងព្រឹត្តិការណ៍រញ្ជួយដីធ្ងន់ធ្ងរៗបំផុត ដែលក្រុមរបស់លោក Hrvoje Tkalčić ក៏មានគ្រោះរញ្ជួយដីដ៏អាក្រក់កម្រិត ៧.៩រ៉ិចទ័រ ដែលបានកើតឡើងនៅលើ ប្រទេសដីកោះ Solomon Islands កាលពីឆ្នាំ២០១៧ ផងដែរ។

ដើម្បីចាប់បានបម្រែបម្រួលខាងលើនេះ ក្រុមអ្នកវិទ្យាសាស្ត្រត្រូវការឧបករណ៍ ចាប់រលកសញ្ញារញ្ជួយដី (seismometers) នៅចំផ្នែកផ្ទុយម្ខាងទៀតរបស់ផែនដី ពីផ្នែកដែលបានកើតមានគ្រោះរញ្ជួយដី (ចំណុចនេះគេហៅថា antipodes) ដែលភាគច្រើនស្ថិតនៅក្នុងមហាសមុទ្រនានា។ ពួកគេអាចធ្វើបែបនេះបាន ដោយការដាក់ពង្រាយឧបករណ៍ seismometers ទាំងនោះនៅតាមតំបន់ដាច់ស្រយាល។ តែយ៉ាងណា លោក Hrvoje Tkalčić បានអះអាងប្រាប់ SPACE ថា «ស្នូលក្នុងបំផុតនៃស្នូលក្នុងផែនដីនោះ ពិតជាពិបាកឲ្យធ្វើការត្រួតពិនិត្យណាស់…»

លោក ហ្វូហេ ថ្កាល់ស៊ីក (Hrvoje Tkalčić) (រូបភាពពីបរទេស)

ហេតុដូច្នេះទើបក្រុមអ្នកវិទ្យាសាស្ត្រ ធ្វើការបូកបញ្ចូលទិន្នន័យបន្ថែមទៀត អំពីរលកសញ្ញាចេញពីគ្រោះរញ្ជួយដីនៅកោះ Solomon ផង និងរលកបឋម ឬហៅថា P wave (primary, pressure wave) ផង។ P wave គឺជារលកសញ្ញាដ៏រហ័សបំផុត នៃរលកសញ្ញាគ្រោះរញ្ជួយដីគ្រប់កម្រិត ហើយវាតែមួយគត់់ដែលអាចធ្វើដំណើរឆ្លងកាត់ ភាគកណ្តាលរបស់ភពផែនដី, ហេតុដូច្នេះការអង្កេតមើលវាឆ្លងកាត់ភាគកណ្តាលផែនដី ចំនួន ៥ ដង អាចឲ្យយើងវិភាគដឹងអំពីស្ថានភាពផ្ទៃក្នុងដ៏ជ្រៅនោះបាន។

បើតាមលោក Hrvoje Tkalčić បានពន្យល់ទៀតថា រលកនានាត្រូវការពេល ២០នាទី ដើម្បីចល័តពីផ្នែកម្ខាង, ឆ្លងកាត់ស្នូល និងទៅដល់ផ្នែកម្ខាងទៀតនៃផែនដី។ រាល់ពេលដែលក្រុមអ្នកវិទ្យាសាស្ត្រធ្វើបែបនេះ ពួកគេមើលឃើញទិដ្ឋភាពស្នូលក្នុងបំផុតនៃស្នូលក្នុងផែនដី (Innermost Inner Core) កាន់តែច្បាស់លាស់បែបនេះថា «រលកសញ្ញារញ្ជួយដីដែលចល័តឆ្លងកាត់ Innermost Inner Core បានថយចុះល្បឿននៅទិសដៅមួយ រីឯរលកសញ្ញាដែលឆ្លងកាត់ស្រទាប់ក្រៅ (outer layer) បានថតចុះនៅក្នុងទិសដៅផ្សេងមួយទៀត។ ប្រការនេះមានន័យថា ដែក ឬដែកគ្រីស្តាល់ (iron crystals — iron) ដែលមានក្នុងស្នូលក្នុង (Inner Core) នោះទំនងជាត្រូវផ្សំឡើង នៅក្នុងលក្ខណៈខុសប្លែកជាងស្រទាប់ខាងក្រៅ (Outer Shell) នៃ Inner Core នោះ…»

ការអង្កេតរលកសញ្ញារញ្ជួយដីឆ្លងកាត់ស្នូល (រូបភាពពីបរទេស)

គួរបញ្ជាក់ថា ក្រុមអ្នកវិទ្យាសាស្ត្របានដឹង តាំងតែពីដើមឆ្នាំ ២០០៣ មកម្ល៉េះថា ស្នូលក្នុងតំបន់នៃស្នូលក្នុង (Innermost Inner Core) គឺជាខុសប្លែកពីគេ ហេតុដូច្នេះលទ្ធផលសិក្សាថ្មីនៅឆ្នាំ ២០២៣ ខាងលើនេះ ពិតជាភស្តុតាងកាន់តែច្បាស់បន្ថែមទៀត ដើម្បីគាំទ្រដល់ការវិភាគកាលពី ២០ឆ្នាំមុននោះ។ នៅក្នុងលទ្ធផលសិក្សាថ្មីនេះ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ទិសដីនៃរលកសញ្ញា P waves នានា ពេលឆ្លងកាត់ Innermost Core គឺមានភាពយឺតបំផុត នៅត្រង់ចំណុចមុំផ្ទុយ (បើយើងគិតពីចំណុចអេក្វាទ័រម្ខាង ទៅចំណុចផ្ទុយម្ខាងទៀត) ឬស្មើនឹង ៥០ដឺក្រេពីអ័ក្សរង្វិលខ្ញាល់របស់ផែនដី។

នេះជាអាចស្រទាប់ទី «៥» របស់ផែនដី ដែលមានអង្កត់ផ្ចិត ៦៥០km (លទ្ធផលសិក្សាថ្មី)
(រូបភាពពីបរទេស)

បើតាមក្រុមអ្នកសិក្សាខាងលើនេះបានអះអាងថា «ចំណុចនេះ គឺមានភាពស្មុគស្មាញ ហេតុដូច្នេះហើយទើបពួកយើងអាចនិយាយថា យើងបានរកឃើញភាពខុសប្លែកមួយ នៅក្នុងស្នូលក្នុងបំផុតនៃស្នូលក្នុងផែនដីនោះហើយ..»។ ទោះជាបែបនេះក្តី ក្រុមអ្នកស្រាវជ្រាវនៅត្រូវការពេលវេលា និងការចងក្រង​ឯកសារយោងបន្ថែមទៀត ហើយក៏ត្រូវការការឯកភាពគ្នាជាសកលផងដែរ ដើម្បីគាំទ្រទៅដល់លទ្ធផលសិក្សាថ្មីនេះនៅថ្ងៃអនាគត មុននឹងសៀវភៅសិក្សាថ្មីអាចនឹងត្រូវចេញផ្សាយ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២០២៣)

480×240 Banner